ភ្នំពេញ៖មន្ត្រីប៉េអឹមក្រុងភ្នំពេញម្នាក់ មិនដឹងមានវិបត្តិអ្វីដោះស្រាយមិនចេញ បានបាញ់សម្លាញ់ខ្លួនឯងនៅក្នុងវង់ផឹកស៊ី ហើយបានស្លាប់ពេលបញ្ជុនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ដែលហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទី យប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នៅចំណុចមុខផ្ទះលេខ១២១ ផ្លូវលេខ២២៨សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដោយមិនដឹងមូលហេតុ។
ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានមិត្តភ័ក្តផឹកស៊ីជាមួយនាំយកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ហើយត្រូវបានស្លាប់នៅទីនោះ។ សមត្ថកិច្ចក៏បានចុះដល់ផ្ទះកើតហេតុលេខ១២១ តែអ្វីៗត្រូវបាត់ដានទាំងអស់ ដោយសារម្ចាស់លាងសម្អាតឈាមពីមុខផ្ទះគាត់ និងគ្មានបន្សល់ទុកអ្វីជាភស្តុតាងនោះទេ។
នៅកន្លែងកើតហេតុ គ្មានឃើញអ្វីក្រៅពីកេស និងកំប៉ុងស្រាបៀរ អាន់ធ័រ នោះទេ។ សមត្ថកិច្ចយើងស្វែងរកសម្បកកាទុស្ស និងម៉ាក កាំភ្លើង តែមិនឃើញ។ ហេតុដូច្នេះ សមត្ថកិច្ចជំនាញពិបាកវាយតម្លៃ និងធ្វើការសន្និដ្ឋានណាស់។
សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ជនរងគ្រោះមានឈ្មោះ ហ៊ុយ ស៊ីនីដាវីដ ភេទប្រុស អាយុ៣២ឆ្នាំ ជាមន្ត្រីអាវុធហត្ថក្រុងភ្នំពេញ និងមានទីលំនៅខេត្តតាកែវ។
ស្ត្រីម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុ នៅមុខផ្ទះគាត់មានមនុស្សប្រហែល៣នាក់ អង្គុយផឹកស៊ីតាមធម្មតា តែបន្ទាប់មកជនរងគ្រោះបានមកដល់ក្រោយគេ ហើយបានផឹកស្រា
បៀរប្រហែលអស់២ទៅ៣កំប៉ុងប៉ុណ្ណោះ។ បន្ទាប់មកគាត់បានឃើញជនរងគ្រោះនិយាយទូរស័ព្ទ តែមិនដឹងថា ជនរងគ្រោះនិយាយជាមួយអ្នកណានោះទេ។
ស្ត្រីម្ចាស់ផ្ទះបន្តថា ក្រោយជនរងគ្រោះនិយាយចប់ ក៏ឮស្នូរកាំភ្លើងលាន់ផាំង គាត់ក៏រត់ចេញមកមើល។ តែឃើញគេជួយដឹកជនរងគ្រោះ យកទៅពេទ្យទាំងប្រញាប់ប្រញ៉ាល់បំផុត។
ស្ត្រីម្ចាស់ផ្ទះបាននិយាយថា ជនរងគ្រោះត្រូវជាមិត្តភ័ក្តប្តីរបស់គាត់ ហើយជនរងគ្រោះក៏មិនសូវដែលមកផឹកទីនេះដែរទេ យូរៗណាស់បានមកម្តង។ នៅពេលជនរងគ្រោះមកទីនេះ គឺឃើញគាត់(ជនរងគ្រោះ)តែងតែក្រៀមក្រំ តែរហូតហាក់បីជាមានរឿងអ្វីក៏មិនដឹងទេ។ ស្រាប់តែនៅយប់ថ្ងៃនេះកើតហេតុ ក៏មានករណីនេះតែម្តង។ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតនៅខេត្តតាកែវ ៕ ដោយ៖សំណាង