សៀមរាប៖ ការដាក់ឱសានវាទបញ្ឈប់សកម្មភាពលក់ដូរ ក្រាលកន្ទេល អង្រឹង បើកគ្រឿងបំពងសំឡេងខ្លាំងៗ និងទទួលទានគ្រឿងស្រវឹង នៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត បានចូលមកដល់នៅត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ដូច្នេះដើម្បីលើកកម្ពស់បរិស្ថានស្អាត សោភ័ណភាពស្រស់បំព្រង ក៏ដូចជាលើកតម្លៃភាពជាសក្ការៈ ដ៏ឧត្តុង្គឧត្តម នៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា អង្គភាពនគរបាលពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានបង្កើតក្រុមការងារចម្រុះ ធ្វើការអប់រំណែនាំផ្ទាល់នៅទីកន្លែងចាប់ពីថ្ងៃ២ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។
ទីតាំងដែលក្រុមការងារចម្រុះអនុវត្តន៍ការងាររបស់ខ្លួន មានដូចជា ជុំវិញបរិវេណត្រពាំងសេស ប្រាសាទព្រហ្មកិល និងតាមដងផ្លូវកៅស៊ូនៃកសិន្ធុប្រាសាទអង្គរវត្ត។ ក្នុងករណីហួសកាលបរិច្ឆេទអប់រំណែនាំ ហើយសកម្មភាពលក់ដូរ ក្រាលកន្ទេល អង្រឹង បើកគ្រឿងបំពងសំឡេងខ្លាំងៗ និងការទទួលទានគ្រឿងស្រវឹងនៅតែបន្ត នោះក្រុមការងារចម្រុះនឹងអនុវត្តន៍វិធានការរដ្ឋបាលចាំបាច់នានា។
ជាថ្មីម្តងទៀត អាជ្ញាធរជាតិអប្សរា សូមអំពាវនាវឱ្យមានការចូលរួម សហការបញ្ឈប់សកម្មភាពលក់ដូរ ក្រាលកន្ទេល អង្រឹង បើកគ្រឿងបំពងសំឡេងខ្លាំងៗ និងការទទួលទានគ្រឿងស្រវឹង នៅលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត ឱ្យបានជាដាច់ខាតចាប់ពីពេលនេះតទៅ៕ដោយ៖បញ្ញាស័ក្តិ