Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​សហការគ្នា​បំបែកសម្បុក​ក្រុមចោរប្លន់ ដ៏​សកម្ម​ក្នុង​ខេត្តសៀមរាប​ចំនួន​២​នាក់ ដកហូត​អាវុធខ្លី​មួយ​ដើម​

​សៀមរាប​៖ កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បង្ក្រាប​សម្បុក​ចោរប្លន់​ដ៏​សកម្ម​ក្នុង​ក្រុង​សៀមរាប ឃាត់ខ្លួន​មេខ្លោង​បាន​២​នាក់​ដកហូត​អាវុធខ្លី​១​ដើម​រួម​និង​វត្ថុតាង​មួយចំនួនទៀត​ផងដែរ​។​

​ប្រតិបត្តិ​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​ប្រហែល​ជាង​២​ទៀបភ្លឺ ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងត្បូង​រង្វង់​មូល​វត្ត​ដំណាក់ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក ហង្ស សូផាត​ភី​រម្យ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៧ ខែតុលា​នេះ​ថា​៖ នៅ​យប់​ម៉ិ​ញ​នេះ​កម្លាំង នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ (​ជា​មុខសញ្ញា​លួច​កាច់​សោក​ម៉ូតូ​) ដែល​កំពុង​ជិះ​ម៉ូតូ​ឆ្វែល​បម្រុង​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​៖ ជនសង្ស័យ ទី​១.​ឈ្មោះ អុល រ៉ាត់ ហៅ​ក្រៅ​អា​ញ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ ស្រុកកំណើត​ភូមិ​បឹង​ដូន​ប៉ា ឃុំ​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប​។ ទីលំនៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ទី​២.​ឈ្មោះ ហាច ហ៊ូ​ន ហៅ​ហ៊ូ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ ស្រុកកំណើត​ភូមិ​រោង​គោ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ ទីលំនៅ​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។​

​សមត្ថកិច្ច​រកឃើញ​វត្ថុតាង​ដូចជា ៖១.​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​កំពង់ចាម ១W-៣៦២១ លេខ​តួ​និង​លេខ​ម៉ាស៊ីន​៥៤២៧៤៩០ (​មិន​ប្រក្រតី​)​។ ២.​កាំភ្លើង​ខ្លីម៉ាក​K៥៤ លេខ​៥៥០០៣០៣៨ បង់​ចំនួន​១ គ្រាប់​ចំនួន​៥​គ្រាប់​។ ៣.​ក្បាល​គ្រាប់​សោ​កាច់ក​ម៉ូតូ​ចំនួន​៣​គ្រាប់ និង​ដង​កាច់​សោ​ចំនួន​២​។ ៤.​សោ​ម៉ា​ឡែ​ត​លេខ​៨ ប្រវែង​២០​មី​លី​ម៉ែត្រ​ចំនួន​០១​។ ៥.​កូនសោ​ចំនួន​៣​គ្រាប់​។ ៦.​សោ​កំ​ប្ល៉េ​មួយឈុត​។ ៧.​បា​ឡុង​សម្រាប់​មូល​ផ្លាកលេខ​ម៉ូតូ​ចំនួន​៤​គ្រាប់​។ ៨.​កាំបិត​ឆ្នៃ​ឆ្កឹះ​សោ​ដង​ពណ៌​លឿង​ចំនួន​២ និង​អត់​ដង​ចំនួន​១​។ ៩.​ម្ជុលខ្ទាស់​សម្រាប់​ត​ខ្សែភ្លើង​ចំនួន​៥​។​១០.​គ្រាប់​ឆក់​សម្រាប់​បើក​គម្រប​សោ​ម៉ូតូ​ចំនួន​៣​គ្រាប់​។​១១.​ទួ​ឡឺ​វី​សដង​ជ័រ​ចំនួន​១​។ ១២.​សៀវភៅ​កត់​លេខ​ទូរស័ព្ទ​ចំនួន​១​។ ១៣.​ផ្លែ​ឡា​ម​សម្រាប់​ជៀ​ខ្សែភ្លើង​ចំនួន​១​។ ១៤.​កូន​កាបូប​ដាក់​ប្រាក់​ពណ៌​លឿង​ចំនួន​១​។​

​លោក​បន្តថា ផ្អែក​តាម​ចម្លើយសារភាព​របស់​ឈ្មោះ អុល រ៉ាត់ បាន​សារភាពថា​៖​ខ្លួន​ធ្លាប់​ពន្ធនាគារ​ពីបទ​លួច (​ម៉ូ​ទ័​រ​បូមទឹក​) ហើយ​ចេញពី​ពន្ធនាគារ​ក្នុង​ឆ្នាំ​២០១៥​។​

​ក្រោយមក​ខ្លួន​បាន​ស្គាល់ឈ្មោះ វ៉ា ភេទ​ប្រុស អាយុ អាយុ​ប្រហែល​៤០​ឆ្នាំ ហើយ​ឈ្មោះ វ៉ា បាន​ឲ្យ​ខ្លួន​ដើរ​លួច​ម៉ូតូ​កាច់​សោក​ម៉ូតូ យកទៅលក់​ឲ្យ​ឈ្មោះ វ៉ា ហើយ​ឈ្មោះ វ៉ា ថែមទាំង​បាន​ឲ្យ​សម្ភារៈ​មួយចំនួន សម្រាប់ធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ​មានដូចជា​៖​ក្បាល​សោកា​ច់​, ដង​សោ​កាច់​, កូនសោ​ក្បាល​គ្រាប់​កាច់​, សោ​ម៉ា​ឡែ​ត​។ ហើយ​ម៉ូតូ​សេរី​ឆ្នាំ​២០១៦ តម្លៃ​៥០០​ដុល្លារ​, ម៉ូតូ​សេរី​ឆ្នាំ​២០១៧ តម្លៃ​៦០០​ដុល្លារ​, ម៉ូតូ​សេរី​ឆ្នាំ​២០១៨ ឆ្នាំ​២០១៩ តម្លៃ​៨០០​ដុល្លារ​, ម៉ូតូ​ZoomerX តម្លៃ​៥០០​ដុល្លារ កន្លងមក​ខ្លួន​បានធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ​ក្នុង​ក្រុង​សៀមរាប​បាន​ចំនួន ប្រហែល​ប្រាំ​មួយគ្រឿង​។ ចំណែក​កាំភ្លើង​ខ្លីម៉ាក​K៥៤ លេខ​៥៥០០៣០៣៨ ខ្លួន​ទិញ​ពី​ឈ្មោះ វ៉ា តម្លៃ​៥០០​ដុល្លារ​។ ផ្អែក​តាម​ចម្លើយសារភាព​របស់​ឈ្មោះ ហាច ហួន ហៅ​ឡា​ម បាន​សារភាពថា​៖ -​ខ្លួន​ធ្លាប់​ជាប់ពន្ធនាគារ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៩ ពីបទ​លួច​(​កាច់​សោក​ម៉ូតូ​) ហើយ​ចេញពី​ពន្ធនាគារ ខែសីហា ឆ្នាំ​២០១៩​។​

​កន្លងមក​កាលពី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៩ ២៣​និង​០០​នាទី នៅ​ចំណុច​មុខ​វត្ត​កេស​រ៉ា​រាម ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប ខ្លួន​និង​ឈ្មោះ អុល រ៉ាត់ បានធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​ហុងដា​ZoomerX ពណ៌​ក្រហម បិទ​ស្គ​ត់​ខ្មៅ ផលិត​ឆ្នាំ​២០១៨ ហើយ​យកទៅលក់​ឲ្យ​ឈ្មោ វ៉ា បាន​តម្លៃ​៥០០​ដុល្លារ​។ នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​២៣​និង​៣០​នាទី នៅ​ចំណុច​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប ខ្លួន​នឹង​បក្ខពួក បានធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​សលាយ​ខ្មៅ ផលិត​ឆ្នាំ​២០១៩​។​

​ជាក់ស្តែង​នៅវេលា​ម៉ោង​ប្រហែល​ជាង​ពីរ​ទៀបភ្លឺ ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៩ ខ្លួន​និង​ឈ្មោះ អុល រ៉ាត់ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​កំពង់ចាម ១W៣៦២១ បម្រុង​ធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ​បន្ត តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្តង​។​

​បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំងនេះ​ទៅ​តុលាការ​នៅ​ថ្ងៃទី​៨​តុលា​នេះ​៕​ ដោយ​៖​កូ​ឡាប​

×