CAMSOC-ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាហុកគីកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានលើកទឹកចិត្តជូនដល់ក្រុមកីឡាការិនីជម្រើសជាតិកីឡាហុកគីធ្វើយ៉ាងណាត្រូវបានឆន្ទៈខ្ពស់ក្នុងការចេញទៅហ្វឹកហាត់បង្កើនគុណភាព បច្ចេកទេសនៅប្រទេសថៃ មុនពេលទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាថ្ងៃទី៣០ វិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។
មានប្រសាសន៍សំណេះសំណាលជាមួយក្រុមជម្រើសជាតិហុកគី កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាហុកគីកម្ពុជា បានលើកឡើងនូវការលំបាកសម្រាប់ប្រភេទកីឡាដែលលេងជាក្រុមនេះ ប៉ុន្តែឯកឧត្តមបានក្រើនរំឭក ផ្តល់អនុសាសន៍ឲ្យកីឡាការិនីជម្រើសជាតិហុកគី រក្សាបាននូវស្មារតីជាក្រុម (Team Spirit) ដោយត្រូវចេះគោរពស្រឡាញ់គ្នា អត់ឱនអនុគ្រោះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យក្រុមរបស់ខ្លួនមានភាពរឹងមាំ ទាំងការហ្វឹកហាត់ និងការប្រកួតជាដើម។
ប្រធានសហព័ន្ធរូបនេះបន្ថែមទៀតថា ការហ្វឹកហាត់ត្រៀម ក៏ដូចជាប្រកួតនេះ ត្រូវខិតខំធ្វើយ៉ាងណាឲ្យស៊ីសង្វាក់គ្នាខាងផ្នែកបច្ចេកទេស រីឯការស៊ីសង្វាក់គ្នាផ្នែកផ្លូវចិត្ត អារម្មណ៍នោះក៏ត្រូវតែមានដូចគ្នា ដើម្បីជំរុញឲ្យការប្រកួតនេះមានភាពរលូន និងអាចស្វែងរកបាននូវលទ្ធផលកាន់តែប្រសើរផងដែរ។ ការលេងជាក្រុមនេះ មិនអាចប្រកាន់ចិត្តខឹង ធ្វើឲ្យចិត្តសាស្ត្រក្រុមនេះបែកឆ្ងាយពីគ្នានោះឡើយ ព្រោះការចាញ់ ឬឈ្នះ គឺជាលទ្ធផលក្រុមទាំងមូល។ ជាមួយគ្នានោះ ឯកឧត្តមប្រធានសហព័ន្ធហុកគីឲ្យក្រុមកីឡាការិនីបានដាស់តឿនអោយត្រូវតែខិតខំក្នុងរយៈពេលហ្វឹកហាត់ត្រៀមខ្លួននេះ ដោយត្រូវគោរពឲ្យបាននូវវិន័យ ក្រមសីលធម៌ ស្តាប់បង្គាប់គ្រូបង្វឹក ដោយមិនត្រូវហ្វឹកហាត់តាមអារម្មណ៍ផ្ទាល់ខ្លួនម្នាក់ៗនោះទេ ប៉ុន្តែត្រូវគោរពតាមកម្មវិធីហ្វឹកហាត់បច្ចេកទេស ដែលបានកំណត់ទុក។
លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធហុកគីបញ្ជាក់ថា ក្រុមកីឡាការិនីជម្រើសជាតិហុកគីកម្ពុជា មានចំនួន១២នាក់ ដែល៦នាក់ ហាត់ក្នុងស្រុក រីឯ៦នាក់ផ្សេងទៀត នៅបរទេស ដោយគ្រោងនឹងហ្វឹកហាត់ជុំគ្នានៅប្រទេសថៃ ដោយគ្រោងនឹងចេញដំណើរនាថ្ងៃទី១៥ ខែតុលា។ ការហ្វឹកហាត់នៅថៃនេះទទួលបានកញ្ចប់ថវិកាឧបត្ថម្ភលើប្រាក់ហោប៉ៅ ថ្លៃសំបុត្រយន្តហោះទៅមក ពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC)។ រីឯការស្នាក់នៅហូបចុក រ៉ាប់រងដោយសមាគមហុកគីថៃ។
សូមបញ្ជាក់ថា ក្រុមកីឡាការិនីជម្រើសជាតិកីឡាហុកគីនឹងត្រូវចេញទៅហ្វឹកហាត់បង្កើនគុណភាព បច្ចេកទេស រយៈពេល១ខែកន្លះ ដើម្បីត្រៀមចូលប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន ចុងឆ្នាំ២០១៩នេះ ដោយកម្ពុជា បានត្រៀមប្រភេទកីឡាសរុបចំនួន៣០ ក្នុងនោះមាន៩ប្រភេទកីឡា ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាចាត់ចូលក្នុងប្រភេទកីឡាសក្តានុពលឈានទៅប្រជែងបានមេដាយ៕ដោយ៖កូឡាប