Wednesday, November 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​ជប៉ុន ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ក្រសួងមហាផ្ទៃ បន្ត​កិច្ចសហការ​ជាមួយ​អង្គការ JICA ដើម្បី​ពង្រីក​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​

​ភ្នំពេញ ​៖ ឯកអគ្គរាជទូត​ជប៉ុន បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ក្រសួងមហាផ្ទៃ បន្ត​កិច្ចសហការ​ជាមួយ​អង្គការ JICA ដើម្បី​ពង្រីក​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត លើ​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​សម្ដេច​ក្រឡាហោម​ជា​ប្រធាន​ដឹកនាំ​ការងារ​កំណែទម្រង់​នេះ​ដោយផ្ទាល់ ។​

​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែតុលា ឆ្នាំ​២០១៩​នេះ សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី បានអនុញ្ញាត​ឲ្យ​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ទើប​តែងតាំង​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​គួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​ក្រឡាហោម ស ខេង បាន​សម្ដែង​ការស្វាគមន៍​លោក​ឯកអគ្គរាជទូត​ដែល​ទើប​តែងតាំង​ថ្មី និង​សម្ដែង​សេចក្ដីសោកស្ដាយ ព្រមទាំង​មរណទុក្ខ ចំពោះ​គ្រោះធម្មជាតិ ដែល​បាន​កើតឡើង​នៅ​ប្រជាជន​ជប៉ុន បង្ក​ឲ្យ​ពលរដ្ឋ​ជប៉ុន​រងគ្រោះ​ជាច្រើន​នាក់ ដោយ​សម្ដេច​បាន​សម្ដែង​ក្ដី​សង្ឃឹមថា ស្មារតី​របស់​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន នឹង​បន្ត​រួបរួមគ្នា​ដោះស្រាយ​បញ្ហា​នេះ​ប្រកបដោយ​ជោគជ័យ​យ​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ក៏​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា និង​ជប៉ុន ដែលមាន​កន្លងមក ហើយ​ស​ម្ដេចក៏​សង្ឃឹម​ជឿជាក់ថា​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នេះ នឹង​បន្ត​រីកចំរើន​លូតលាស់​តទៅ​មុខជា​ដរាប ហើយ​សម្ដេច​សូម​ថ្លែងអំណរគុណ​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន​ដែល​បន្ត​ជួយ​គាំទ្រ​ដល់​បុព្វហេតុ​នៃ​ការកសាង​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​។​

​ក្នុងឱកាស​នោះ​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម​ក៏បាន​មានប្រសាសន៍​សម្ដេច​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការបន្ត​ផ្ដល់​កិច្ចសហការ​ជាមួយ​ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន ហើយក៏​ត្រៀមខ្លួន​ដោះស្រាយ​នូវ​បញ្ហា​នានា ដែលមាន​សំណើរ ឬ​តម្រូវការ​ផ្សេងៗ​ពី​ខាង​ស្ថានទូត​ជប៉ុន​។​

​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​ថ្លែងអំណរគុណ​សម្ដេច​ក្រឡា​ហោម ស ខេង ចំពោះ​ការចូលរួម​រំលែក​មរ​ណ​ទុក្ខ​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន និង​សម្ដែង​ក្ដីសង្ឃឹម​ជឿជាក់ថា តាមរយៈ​បទពិសោធន៍​ជាច្រើន​ក្នុងការ​ដោះស្រាយ​បញ្ហា​គ្រោះធម្មជាតិ​នេះ លោក​ក៏មាន​ក្ដី​សង្ឃឹមថា​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន នឹង​បន្ត​ដោះស្រាយ​កិច្ចការ​នេះ​ដូច​ទៅនឹង​គ្រោះធម្មជាតិ​ដែល​បាន​កើតឡើង​នាពេល​កន្លងមក​ដែរ​។​

​លោក​ឯកអគ្គរាជទូត បាន​ថ្លែងថា នៅក្នុង​ឱកាស​អញ្ជើញ​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា លោក​ពិត​ជាមាន​ក្ដី​រីករាយ​ដែល​បាន​ថ្វាយ​សារតាំង​ជូន​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី និង​បាន​ចូលគាល់​សម្ដេច​ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ឥស្សរជន​ជាន់ខ្ពស់​ជាច្រើន​ទៀត និង​បាន​សម្ដែង​ស​ក្ដី​រីករាយ​ចំពោះ​ព្រះករុណា​ព្រះបាទ​សម្ដេច​បរមនាថ នរោត្តម សីហមុនី ដែល​នឹង​យាង​ចូលរួម​ព្រះរាជ​ពិធី​គ្រង​រាជសម្បត្តិ​ជា​ផ្លូវការ​នៃ​ព្រះ​ចៅ​អធិរាជ​ជប៉ុន​។​

​លោក​ក៏​សូម​ថ្លែងអំណរគុណ​សម្ដេច​ក្រឡា​ហោម ស ខេង និង​ក្រសួងមហាផ្ទៃ ដែល​កន្លងមក​បាន​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​ក្នុងការ​ថែរក្សា​សុវត្ថិភាព សន្តិសុខ​ជូន​ដល់​ស្ថានទូត​ជប៉ុន និង​ប្រជាពលរដ្ឋ​ជប៉ុន​ដែល​ធ្វើដំណើរ​ចេញចូល​ប្រទេស​កម្ពុជា ហើយ​ជាមួយគ្នានេះ លោក​បាន​សម្ដែង​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងមហាផ្ទៃ ក្នុង​ការបន្ត​យកចិត្តទុកដាក់​ពង្រឹង និង​លើកស្ទួយ​កិច្ចសន្ទនា​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល តាមរយៈ​វេទិកា​៣​លើក​រួចមកហើយ​នោះ​។​

​លោក​ឯកអគ្គរាជទូត​ជប៉ុន​ក៏បាន​សម្ដែង​ក្ដី​រីករាយ ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ក្រសួង​មហា​ផ្ទ​ស​បន្ត​កិច្ចសហការ​ជាមួយ​អង្គការ JICA ដើម្បី​ពង្រីក​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​សម្ដេច​ក្រឡាហោម​ជា​ប្រធាន​ដឹកនាំ​ការងារ​កំណែទម្រង់​នេះ​ដោយផ្ទាល់ ហើយ​លោក​ពិតជា​មានបំណង​ក្នុងការ​ពង្រីក​បន្ថែ​ទៀត​នូវ​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​ជាការ​ឆ្លើយតប​សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី​បាន​មានប្រសាសន៍ថា​ព្រះរាជដំណើរ​ទស្សនកិច្ច​របស់​ព្រះករុណា​ព្រះមហាក្សត្រ យាង​ចូលរួម​ពិធី​ឡើង​គ្រង​រាជសម្បត្តិ​ផ្លួ​វ​ការ​នៃ​ព្រះ​ចៅ​អធិរាជ​ជប៉ុន​នា​សប្ដាហ៍​ក្រោយនេះ គឺជា​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ការរីកចំរើន​មួយកម្រិត​ទៀត​នៃ​ទំនាក់ទំនង​កម្ពុជា ជប៉ុន​។​

​សម្ដេច​ក្រឡាហោម ក៏បាន​សម្ដែង​ការឯកភាព​ចំពោះ​គោលបំណង​ដែល​ឯកឧត្តម​ឯកអគ្គរាជទូត​បានលើកឡើង​សម្រាប់​ការពង្រីក​បន្ថែមទៀត​នូវ​​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន និង​បាន​ថ្លែង​នូវ​ក្ដី​រីករាយ​ចំពោះ​បំណង​របស់​ឯកឧត្តម​ដែល​ជំរុញ​ឲ្យ​កាន់​តែមាន​ទំនាក់ទំនង​ច្រើន​បន្ថែមទៀត​លើ​ការងារ​កំណែទម្រង់​វិមជ្ឈការ វិសហមជ្ឈការ ជាមួយ​អង្គការ JICA​។​

​នៅក្នុង​ឱកាស​នោះដែរ​លោក​ឯកអគ្គរាជទូត​ជប៉ុន​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ការលំបាកៗ​ជាច្រើន ដែល​ក្រសួងមហាផ្ទៃ​ក្រោម​ការដឹក​នាំ​របស់​សម្ដេច​ក្រឡាហោម ស ខេង បាន​ខិតខំ​បំពេញភារកិច្ច​ប្រកបដោយ​ភាពជោគជ័យ ហើយ​ថា​នៅក្នុង​អាណត្តិ​ការទូត​នៅ​កម្ពុជា​នេះ លោក​នឹង​អញ្ជើញ​ទស្សនកិច្ច​តាម​បណ្ដា​ខេត្ត​របស់​កម្ពុជា ដូចជា​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ដោយបាន​ស្នើសុំ​សម្ដេច និង​ក្រសួងមហាផ្ទៃ​ជួយផ្ដល់​ការសម្របសម្រួល​ដើម្បី​ឲ្យ​ទស្សនកិច្ច​ទាំងនោះ​ទ​ទូល​បាន​ជោគជ័យ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា សម្ដេច​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​សម្របសម្រួល​ដល់​ការបំពេញ​ការងារ​ក្នុង​អាណត្តិ​របស់លោក និង​ត្រៀមខ្លួន​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ជូន​លោក​ឯកអគ្គរាជទូត និង​ស្ថានទូត​ជប៉ុន និង​បាន​ជូនពរ​ឲ្យ​លោក​បំពេញ​អាណត្តិ​ការទូត​នៅ​កម្ពុជា​ប្រកបដោយ​ភាពជោគជ័យ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×