ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ និងទីចាត់ការរៀបចំក្រុងរបស់រដ្ឋបាលរាវជធានីភំ្នពេញ ចុះពិនិត្យជាក់ស្ដែងការស្ថាបនាបើកមុខផ្លូវ មហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) កែងនឹងមហាវិថីខេមរភូមិន្ទ (ផ្លូវលេខ២៧១) ឱ្យបានធំទូលាយ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅតំបន់នោះ។

បើកការដ្ឋានស្ថាបនាផ្លូវបើកលំហរមហាវិថី សម្ដេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រ តភ្ជាប់ជាមួយនឹងផ្លូវ២៧១ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ គ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩នេះ ដើម្បីសម្រួលឲ្យការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរបានស្រួល ខណៈដែលផ្លូវខាងលើនេះ មានលក្ខណៈតូចចង្អៀត ដោយសារតែមានផលប៉ះពាល់ជាមួយលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួននៅទីនោះ។ តែមកដល់ពេលនេះ ផលប៉ះពាល់ទាំងនោះត្រូវបានដោះស្រាយហើយ ដោយអនុវត្តន៍តាមរូបមន្តឈ្នះឈ្នះរបស់សម្តេចតេជោ។
ដើម្បីឲ្យដំណើរការនៃការបើកការដ្ឋានស្ថាបនាផ្លូវតភ្ជាប់រវាងផ្លូវមហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) និងផ្លូវ២៧១ ឲ្យបានជោគជ័យទៅតាមគម្រោងដែលបានគ្រោងទុក អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងកាល
ពីល្ងាចថ្ងៃទី ១៧ ខែតុលាឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីជំនាញនិងមន្ទីរពាក់ព័ន្ធ ចុះធ្វើការត្រួតពិនិត្យទីតាំងដែលត្រូវស្ថាបនា ក្រោយពីមានការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅ
លើផ្លូវនេះរួចរាល់ ហើយគ្រឿងចក្របាននិងកំពុងរុះរើផ្ទះជាមួយនិងការចាក់ដីបំពេញ ។
ក្នុងឱកាសនៃការចុះពិនិត្យមើលជាក់ស្ដែងនោះ លោកអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យក្រុមការងារធ្វើយ៉ាងណា ឲ្យការងារនេះបានលឿនដើម្បីបើកការដ្ឋានផ្លូវអ៊ុតកៅស៊ូ ដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរនៅចុងឆ្នាំ២០១៩នេះ ។
គួរបញ្ជាក់ថា មហាវិថីថ្មីមួយនេះ មិនត្រឹមតែជួយសម្រួលដល់ការរស់នៅប្រកបអាជីវកម្ម និងការធ្វើដំណើរដឹកជញ្ជូនទំនិញ កសិផល និងសេវាកម្មផ្សេងៗ ក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែលើ ប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្រ្ត នៃការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ និងជាការដោះស្រាយបញ្ហាប្រឈមចំពោះមុខ គឺការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ និងជាបច្ច័យដ៏ល្អ ក្នុងការកាត់បន្ថយការចំណាយ និងជំរុញឲ្យសេដ្ឋកិច្ចទីផ្សារ ប្រព្រឹត្តិប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕ដោយ៖កូឡាប


