ភ្នំពេញ៖ ក្រុមប្រតិភូ គ្រូបង្វឹកនៃសហព័ន្ធកីឡាជាតិទាំង៣០ប្រភេទកីឡារបស់កម្ពុជា បានចូលរួមកិច្ចប្រជុំទទួលយកព័ត៌មាន និងការណែនាំនានាពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបន្ទុកនាយបេសកកម្មកម្ពុជា សម្រាប់ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងដំណើរការជាផ្លូវការពិធីបើកនាថ្ងៃទី៣០ វិច្ឆិកា ដល់ពិធីបិទថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។
លោក វ៉ាត់ ចំរើន ថ្លែងថា ដោយទទួលបានការអនុញ្ញាតពីលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានប្រតិភូកម្ពុជា សម្រាប់ស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដើម្បីជម្រាបជូនពីព័ត៌មានទូទៅគ្រប់ទម្រង់ទាំងអស់ ដើម្បីបង្កើនការយកចិត្តទុកដាក់ និងត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់ជ្រុងជ្រោយ ក៏ដូចជានៅក្នុងបេសកកម្មស៊ីហ្គេមលើកនេះ ឲ្យទទួលបានជោគជ័យយកមកជូនជាតិ។
នាយបេសកកម្មរូបនេះបន្ថែមទៀតថា កិច្ចប្រជុំនេះយើងបានផ្តោតសំខាន់ផងដែរ លើការបញ្ជាក់ពីកម្មវិធីធំៗនៅក្នុងស្រុក ក៏ដូចជារបៀបរបបបែបនេះ នៅប្រទេសហ្វីលីពីន មុនការប្រកួត និងក្នុងអំឡុងពេលប្រកួត និងក្រោយពេលប្រកួតជាដើម ដោយមានប្រភេទកីឡាមួយចំនួន ត្រូវប្រកួតនៅទីក្រុងម៉ានីល និងនៅទីក្រុងរណបថ្មីទី២ របស់ប្រទេសហ្វីលីពីន។ ជាមួយគ្នានោះលោក និងតំណាងសហព័ន្ធកីឡាជាតិនានាបាន ត្រួសត្រាយលើបញ្ហាប្រឈមមួយចំនួន ក៏ដូចជាបានផ្លាស់ប្តូរយោបល់ពីគ្នាទៅវិញទៅមក នូវអ្វីដែលជាឧបសគ្គ ដើម្បីស្វែងយល់ សម្របសម្រួលឲ្យទាន់ពេលវេលា ក្នុងគោលដៅកុំឲ្យមានបញ្ហារាំងស្ទះដល់ដំណើរការនៃការប្រកួត។
លោកអគ្គលេខាធិការអូឡាំពិក បានព្រលយពាក្យថា ស៊ីហ្គេមនៅហ្វីលីពីនលើកនេះទំនងជា មិនមែនជាបទពិសោធន៍ល្អសម្រាប់កម្ពុជា ។នៅសល់រយៈពេល៣ខែគណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន ប្ដូរមេដឹកនាំជាហេតុធ្វើឲ្យការងារមួយចំនួន នៅរាំងស្ទះ ។សូម្បីតែទីកន្លែងប្រកួតខ្លះ នៅធ្វើមិនទាន់ហើយផង ។
ស៊ីហ្គេមឆ្នាំនេះគឺជាឆ្នាំយុទ្ធសាស្រ្តហេតុនេះ ប្រសិនបើសហព័ន្ធណារកមេដាយ មិនបានទេ នោះគួរតែពិនិត្យមើលខ្លួនឯងឡើងវិញ តើគួរចូលរួមនៅឆ្នាំ២០២៣ ឬទេ ? បន្ទាប់ពីប្រកួតចប់នឹងមានការវាយតម្លៃ លើសីលធម៌គ្រូបង្វឹក មន្ត្រីដឹកនាំ កីឡាករ វាយតម្លៃលើលទ្ធផល។
អ្វីៗគណៈកម្មាធិការជាតិ បានរៀបចំរួចរាល់អស់ហើយ សូម្បីការចេញដំណើរសំបុត្រយន្ដហោះ ក៏ក្រសួងអប់រំយុវជន និង កីឡា បានចាត់ចែងរួចរាល់ចប់សព្វគ្រប់ដែរ ។
លោកវ៉ាត់ ចំរើន ក៏បានប្រាប់ទៅគ្រូបង្វឹក និងអគ្គលេខាធិការ សហព័ន្ធ កុំប្រញាប់ប្រ ញាល់បញ្ចេញព័ត៌មាន ពីរឿងបានទទួលមេដាយពេក ប្រយ័ត្នខ្មាសគេ ។ គឺត្រូវរង់ចាំការប្រកាសពីគណៈកម្មការស៊ីហ្គេម ជាមុនសិន ។ ព្រោះគ្រប់អ្នកដែលបានមេដាយ ត្រូវគេយកទៅធ្វើដូពីង (ពិនិត្យរកសារធាតុលើកកម្លាំង ដែលហាមប្រើក្នុងកីឡា) ជាមុនសិន ទើបមេដាយនោះជាមេដាយផ្លូវការ ។
ចំពោះកីឡាករកីឡាការិនី ដែលជាកូនខ្មែរ នៅបរទេស ត្រូវប្រញាប់ប្រញាល់ធ្វើលិខិតឆ្លងដែន សញ្ជាតិកម្ពុជា ។ ចំពោះគ្រូបង្វឹកបរទេស ដែលមកពីបណ្ដាប្រទេស ស្ថិតក្នុងបញ្ជីខ្មៅ ត្រូវប្រញាប់ប្រញាល់ទិដ្ឋាការដល់ពួកគាត់ ។
លោក វ៉ាត់ ចំរើន ជម្រាបជូនថា នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ក្រុមប្រតិភូ កីឡាករ កីឡាការិនី ជម្រើសជាតិទាំងអស់ នឹងទទួលបានការអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងទទួលស្តាប់ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ លោក ថោង ខុន បានប្រកាសកាលពីដើមឆ្នាំនេះថា ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅហ្វីលីពីន គឺជាយុទ្ធសាស្រ្តទី១ ឈានឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
ចំពោះថ្ងៃទី២៩-៣០ ខែវិច្ឆិកា គ្រប់ប្រតិភូ គ្រូបង្វឹក អត្តពលិកទាំងអស់នឹងត្រូវជួបជុំគ្នាធំមួយ ជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅទីក្រុងម៉ានីល មុនការចាប់ផ្តើមពិធីបើកការប្រកួតជាផ្លូវការ៕ដោយ៖កូឡាប