ខេត្តស្វាយរៀង ៖ បុរសវ័យចំណាស់ម្នាក់ដែលគេស្គាល់ថា មានឋានៈ ជាមេឃុំកណ្តៀងរាយបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងម៉ូតូ។
សមត្ថកិច្ចបានឱ្យដឹងថាៈករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១៨ និង១០នាទីព្រលប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅលើផ្លូវលំមួយកន្លែងស្ថិតក្នុងភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហមពាក់ ស្លាកលេខស្វាយរៀង ១Q ៤២៨៧ បើកបរដោយឈ្មោះ ឡឹក កង ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរមេឃុំកណ្តៀងរាយ រស់នៅភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង បានស្លាប់នៅមន្ទីរពេទ្យ (មិនពាក់មួកសុវត្ថិភាព) ទិសដៅពីលិចទៅកើត (អ្នកបើកបរម៉ូតូវ៉េវ មិនប្រកាន់ស្តាំ)។
ប្រភពបានបន្តទៀតថា លុះមកដល់កន្លែងកើតហេតុខាងលើក៏បើកបរម៉ូតូចូលទៅខាងឆ្វេង(ចូលផ្លូវគេ)ក៏បានបុកម៉ូតូមួយគ្រឿងទៀត ម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង ១A ១៤២៦ ចំពីមុខ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ពីកើតទៅលិច បើកបរដោយឈ្មោះ ផាត់ សារ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រងរបួសស្រាល (មិនពាក់មួកសុវត្ថិភាព) ។
ករណីនេះអ្នករងរបួសបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ចំណែកឯមធ្យោបាយទាំងពីររក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលកណ្តៀងរាយ។ រីឯសពរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ វ៉ៃកូ