ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ បានបញ្ជាក់ប្រាប់ លោកស្រីឯកអគ្គរដ្ឋទូតអង់គ្លេស ជុំវិញកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងនគរបាលជាតិកម្ពុជា ជាមួយនឹងក្រុមប្រឆាំងឧក្រិដ្ឋកម្មជាតិអង់គ្លេស NCA National Crime Agency និងបទពិសោធន៍ នៃការបង្ក្រាបគ្រឿងញៀន រួមទាំងការបញ្ជាក់នូវប្រភពនាំចូល និងលំហូរឆ្លងកាត់ប្រទេសកម្ពុជា ទៅកាន់ប្រទេសទី៣ថែមទៀត ដោយកម្ពុជា មិនមែនជាប្រទេសផលិតគ្រឿងញៀនទេ ប៉ុន្តែជាប្រទេសដែលរងគ្រោះនៃ ការប្រើប្រាស់គ្រឿងញៀន។
នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបសំណេះសំណាលពិភាក្សាការងារជាមួយនឹង លោកស្រី Tina Redshaw ឯកអគ្គរាជទូត នៃប្រទេសអង់គ្លេស និងមន្ត្រីអង់គ្លេសមួយចំនួនរបស់ស្ថានទូត ដែលចង់ស្វែងយល់ដឹងអំពីស្ថានភាពអនុវត្តច្បាប់ និងការបង្ក្រាបបទល្មើសឆ្លងដែន ដោយកងកម្លាំងនគរជាតិកម្ពុជា។ ការជួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ នៃថ្នាក់ដឹកនាំនាយកដ្ឋាន និងអង្គភាព ដែលបាននិងកំពុងបំពេញភារកិច្ចបង្ក្រាបអំពើបទល្មើសឆ្លងដែនជាប្រចាំរៀងរាល់ថ្ងៃ។
ជាកិច្ចចាប់ផ្តើម លោកស្រីTina Redshaw បានថ្លែងអំណរគុណចំពោះ លោក នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ចំពោះកិច្ចប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា ក្នុងនោះរួមមានការចូលរួមពីកងកម្លាំងនគរបាល ខេត្តព្រះសីហនុផងដែរ ក្នុងការជួយរកសាកសពស្ត្រីជាតិអង់គ្លេស អាយុ២១ឆ្នាំកញ្ញា Amelia Bambridge ដែល បានបាត់បង់ជីវិតដោយការលង់ទឹក។ លោកស្រីឯកអគ្គរាជទូត និងក្រុមមន្ត្រីជំនាញអង់គ្លេស បានស្នើ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន ជួយផ្តល់បទពិសោធន៍ខ្លះពាក់ព័ន្ធករណីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបញ្ហាគ្រឿងញៀន បញ្ហាអំពើរត់ពន្ធជួញដូរមនុស្សឆ្លងដែន និងបទល្មើសបច្ចេកវិទ្យាផងដែរ។
ក្នុងប្រសាសន៍ឆ្លើយតប លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសម្តែងនូវការសោកស្តាយ ចំពោះការបាត់បង់ជីវិតស្ត្រីទេសចរណ៍ជាតិអង់គ្លេស និងបានថ្លែងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព។ ក្នុងប្រសាសន៍ពាក់ព័ន្ធបទពិសោធន៍បង្ក្រាបអំពើល្មើសឆ្លងដែន លោកអគ្គស្នងការនគរបាលជាតិ បានលើកជុំវិញកង្វល់ពិភពលោក នូវបញ្ហាភេរវកម្ម ដែលកម្ពុជាមិនទាន់មានករណីនេះ កើតឡើងនៅឡើយទេ ប៉ុន្តែកម្ពុជាបានស្ថិតក្នុងការតាមដានជានិច្ច ជាមួយកង្វល់ភេរវកម្មរបស់ពិភពលោក។
លោក នាយឧត្តមសេនីយ៍ បានបញ្ជាក់ប្រាប់ លោកស្រីឯកអគ្គរដ្ឋទូតអង់គ្លេស ជុំវិញកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងនគរបាលជាតិកម្ពុជា ជាមួយនឹងក្រុមប្រឆាំងឧក្រិដ្ឋកម្មជាតិអង់គ្លេស NCA National Crime Agency, បទពិសោធន៍ នៃការបង្ក្រាបគ្រឿងញៀនរួមទាំងការបញ្ជាក់នូវប្រភពនាំចូល និងលំហូរឆ្លងកាត់ប្រទេសកម្ពុជា ទៅកាន់ប្រទេស ទី៣ថែមទៀត ដោយកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀនទេ ប៉ុន្តែជាប្រទេសដែលរងគ្រោះនៃ ការប្រើប្រាស់គ្រឿងញៀន។ ដោយឡែកបទពិសោធន៍បង្ក្រាបករណីជួញដូរមនុស្ស និងបញ្ហាបទល្មើសឧក្រិដ្ឋបច្ចេកវិទ្យា ដែលកម្ពុជា និងពិភពលោកកំពុងប្រឈមនាបច្ចុប្បន្ននេះផងដែរ។
លោកស្រីTina Redshaw បានថ្លែងអំណរគុណចំពោះលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ ដែលបានឆ្លៀតឳកាសឲ្យលោកស្រី និងមន្ត្រីជំនាញស្ថានទូតចូលជួបសំណេះសំណាល និងពិភាក្សាស្វែងយល់ពីបទពិសោធន៍បង្ក្រាបករណីឧក្រិដ្ឋឆ្លងដែនរបស់កម្ពុជា និងលោកស្រីបានថ្លែងបើកចំហរ ចំពោះកិច្ចសហប្រតិបត្តិការ របស់ស្ថានទូតអង់គ្លេស ជាមួយនឹងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកិច្ចសហការផ្តល់ព័ត៌មាន ទៅវិញទៅមក ក្នុងការជួយបង្ក្រាបបទល្មើសឆ្លងដែននេះ៕ ដោយ៖កូឡាប