អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចាត់ទុករុស្សីថាជាមិត្តចាស់ និងជាដៃគូរសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជា។ នាយឧត្តមសេនីយ៍វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកវរនាវីឯក Aleksandr Basov ប្រធានផ្នែកស្ថាបនា ស្នងការប្រយុទ្ធនៃអគ្គបញ្ជាការដ្ឋាន កងទ័ពជើងទឹកសហព័ន្ធរុស្សី នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅអគ្គបញ្ជាការដ្ឋាន។
លោក បានគូសបញ្ជាក់ថា ក្រោយពីកម្ពុជាបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាឆ្នាំ១៩៧៩ រុស្សីដែលពីមុនជាអតីតសហភាពសូវៀត បានជួយឧបត្ថម្ភគាំទ្រលើគ្រប់វិស័យដល់កម្ពុជា ជាពិសេសការ បណ្តុះបណ្តាលធនធាន ទាំងផ្នែកស៊ីវិល និងផ្នែកយោធា ហើយដែលបច្ចុប្បន្ន អ្នកទាំងនោះបានក្លាយ ជាមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងជាមេបញ្ជាការ ជាថ្នាក់ដឹកនាំនៅក្នុងជួរកងយោធពលខេមរភូមិន្ទផងដែរ។ លោក អគ្គមេបញ្ជាការ បានថ្លែងអំណរគុណចំពោះសហព័ន្ធរុស្សី ដែលបានជួយកម្ពុជានាពេលកន្លងមក ហើយបច្ចុប្បន្នរុស្សី ក៏នៅតែបន្តជួយដល់កម្ពុជាជានិច្ច។
ជាកិច្ចឆ្លើយតប លោកវរនាវីឯក Aleksandr Basov បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបានទទួលបដិសណ្ឋាកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់ប្រតិភូ។ លោកវរនាវីឯក Aleksandr Basov បានគូសបញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចនេះ ក្នុងការពិភាក្សាការងារលំហាត់ជាច្រើនគោលដៅសំខាន់គឺកិច្ចសហប្រតិបត្តិការតាំងពីឆ្នាំ១៩៨០មក និងត្រៀមសហការជាមួយគ្នាបន្តទៀត។ លោកវរនាវីឯក Aleksandr Basov បញ្ជាក់ថា ភាពចាំបាច់ជាមួយកងទ័ពជើងទឹកកម្ពុជា ជាកិច្ចការចម្បងនៃកិច្ចសហការ ហើយរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីមកចុះអនុស្សរណៈ។
សូមបញ្ជាក់ថា នៅវេលាជាង10ព្រឹកថ្ងៃ06 វិច្ឆិកា 2019នេះ នាវាហ្វឹកហ្វឺនកងទព័ជើងទឹកសហពន្ធ័រុស្សីមួយគ្រឿងប្រចាំតំបន់Baltic ឈ្មោះ PEREKOP បានចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញហើយ ក្រោយបញ្ចប់ទស្សនកិច្ចជាមិត្តភាពនៅប្រទេសកម្ពុជារយៈពេល03ថ្ងៃ ក្នុងនោះលោកឧត្តមនាវីត្រី អុិន សុខេមរ៉ា នាយសេនាធិការរងមូលដ្ឋានសមុទ្របានដឹកនាំនាយនាវី នាយនាវីរងកងទព័ជើងទឹកមូលដ្ឋានសមុទ្រ ជូនដំណើរការចាកចេញរបស់នាវានេះពីកំពង់ផែក្រុងព្រះសីហនុ ។ នាវានេះមាននាវិក សរុបចំនួន399 នាក់ដឹកនាំដោយ មេបញ្ជាការនាវាលោកវរនាវីឯក CHEROKOV Vladimir។
មន្ត្រីកងទព័ជើងទឹកកម្ពុជាថ្លែងប្រាប់ថា ក្នុងបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងសប្តាហ៍នេះ របស់នាវាកងទព័ជើងទឹករុស្សីនេះ ធ្វើឡើងដូចគ្នាទៅនឹងការចូលចតរបស់នាវាកងទព័ជើងទឹកពីបណ្តាប្រទេសផ្សេងៗទៀតដែរ ដែលធ្លាប់ចូលចតកំពង់ផែសមុទ្រប្រទេសកម្ពុជា ជាបន្តបន្ទាប់កន្លងមក គឺជាផ្នែកមួយនៃទំនាក់ទំនង មិត្តភាពរវាងកងទព័ជើងទឹកកម្ពុជានិងកងទព័ជើងទឹកពីបណ្តាប្រទេសនានា ឧទាហរណ៍មានដូចជានាវាកងទព័ជើងទឹកពីប្រទេសចិន ប្រទេសអាមេរិក ប្រទេសជប៉ុន ប្រទេសអូស្ត្រាលី និងប្រទេសឥណ្ឌាជាដើម។ រយៈពេល03ថ្ងៃនៃទស្សនកិច្ចនេះ មេបញ្ជាការនាវាហ្វឹកហ្វឺនកងទព័ជើងទឹករុស្សីបានចូលជួបសម្តែងការគួរសមជាមួយមេបញ្ជាការ មេបញ្ជាការរងកងទព័ជើងទឹកកម្ពុជា និងមានកម្មវិធីទស្សនកិច្ចទៅកាន់តំបន់ទេសចរណ៍ ពាណិជ្ជកម្មមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ៕ ដោយ៖កូឡាប