(ខេត្តសៀមរាប) ៖ តាមប្រភពពីមន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានអោយដឹងថា បុរសជាអ្នកលេងភ្លេងសម័យម្នាក់ ត្រូវបានជនមិនស្គាល់មុខ ១ក្រុម កាប់ជាច្រើនកាំបិតដាវ ចំក្បាល កាត់ម្រាមដៃ និងកន្លែងផ្សេងៗជាច្រើនទៀតបណ្តាលអោយដេកស្លាប់ភ្លាមៗក្នុងថ្លុកឈាម លើដងផ្លូវក្បែរវិទ្យាល័យអង្គរ ហើយពួកក្រុមជនល្មើសនាំគ្នាគេចខ្លួនបាត់ ។ ករណីនេះ ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាន បានអោយដឹងថា ជនសង្ស័យអាចមានគ្នា៤នាក់ ឥឡូវចាប់បាន២នាក់កំពុងសាកសួរ ដែលសង្ស័យអាចជារឿងគំនុំ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ ២១៖៥០នាទីយប់ថ្ងៃទី០៥ វិច្ឆិកា ២០១៩ ចំនុចផ្លូវ៧មករា ខាងលិចវិទ្យាល័យអង្គរទល់មុខផ្ទះសំណាក់អង្គរយើងក្នុងក្រុមទី៨ ភូមិវត្តបូព៍ សង្កាត់សាលា កំរើក ក្រុង/ខេត្តសៀមរាម។
តាមសមត្ថកិច្ចថា ក្រោយទទួលបានសេចក្តីរាយការណ៍នាថ្ងៃទី០៦ វិច្ឆិកា កំលាំងអធិការនគរបាលក្រុងសៀមរាប បានសហការចុះពិនិត្យកន្លែងកើតហេតុ ហើយសពជនរងគ្រោះមានឈ្មោះ ពៅ វណ្ណ នេត ភេទប្រុសអាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកលេងភ្លេងសម័យស្នាក់នៅភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្ត សៀមរាប ។ តាមការសាកសួររបស់សមត្ថកិច្ច បំភ្លឺពីក្រុមគ្រួសារសពបានអោយដឹងថា ជនរងគ្រោះត្រូវបានជនល្មើសមួយក្រុមកាប់នឹងកាំបិតដាវ នៅមិនទាន់ដឹងមូលហេតុ បណ្តាលអោយស្លាប់នៅលើផ្លូវ ៧ មករាខាងលិច វិទ្យាល័យអង្គរដែលស្ថិតក្នុងភូមិ វត្តបូព៍សង្កាត់សាលា កំរើក ក្រុង/ខេត្តសៀមរាប ។
តាមការពិនិត្យសពនិងបង្វិលមើលជុំវិញខ្លួនសាកសពឃើញថាមាន ស្នាមកាប់ជាច្រើនកន្លែងនៅលើក្បាលនឹងដៃខាងស្តាំដាច់ចុងម្រាមទាំង៥នឹងដៃខាងឆ្វេងមានស្នាមរយាស់សាច់ដល់ឆ្អឹងនៅខ្នងខាងក្រោយរយាស់សាច់ដល់ឆ្អឹង។
សមត្ថកិច្ចសន្និដ្ឋានថា សពជនរង គ្រោះពិតជាស្លាប់ដោយសារ ហឹង្សា (ជនល្មើសកាប់នឹងវត្ថុរឹង)កាំបិតដាវ ។ ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងមូលហេតុរឺដឹងថាសមត្ថកិច្ចចាប់បានជនសង្ស័យប៉ុន្មាននាក់ឬយ៉ាងណានៅឡើយទេ តែ លោក វរសេនីយ៍ឯក ដួង សុខា ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបានអោយដឹងថា ជនសង្ស័យអាចមានគ្នា៤នាក់ ឥលូវចាប់បាន២នាក់កំពុងសាកសួរ លោកបន្តថាករណី នេះអាចជារឿងគំនុំ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ៕ដោយ៖បញ្ញាស័ក្តិ