Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ពិភាក្សា​ការងារ​វិនិយោគ​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​សភាពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​

​ភ្នំពេញ ​៖ ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែងថា ធុរជន និង​វិនិយោគិន​អាមេរិក​គួរតែ​យល់ថា ការវិនិយោគ​នៅ​កម្ពុជា គឺ​មិនមែន​សម្រាប់តែ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ដើម្បី​ធ្វើ​ធុរកិច្ច​នៅក្នុង​អាស៊ាន​ទាំងមូល ហើយ​ជាមួយនឹង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ (RCEP) ដែល​នឹង​ឈាន​មកដល់​ដំណាក់កាល​បញ្ចប់​ខាងមុខនេះ​។​

​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ច​ន ហ្គ​យ័រ (John Goyer) នាយក​ប្រតិបត្តិ​នៃ​សភាពាណិជ្ជកម្ម​អាមេរិក (US Chamber of Commerce) ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជា​កិច្ច​ចាប់ផ្ដើម​លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ភាពសប្បាយ​រីករាយ​ដោយបាន​ជួបពិភាក្សា​ការងារ​ជាមួយ​សមាជិក​ជាន់ខ្ពស់​នៃ​សមាគម​ធុរកិច្ច និង​វិស័យ​ឯកជន​អាមេរិក​។ លោក​បាន​ពន្យល់ថា នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​បាងកក​ថ្មីៗ​នេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ឆ្លៀត​ជួបពិភាក្សា​ជាមួយ​លោក ប៉ា​ទ្រី​ក មើ​ហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ហើយ​នៅក្នុង​ជំនួប​នោះដែរ លោក​រដ្ឋមន្ត្រី​បាន​លើកសំណើ​ឱ្យ​សហរដ្ឋអាមេរិក​ពង្រីក​ការវិនិយោគ​របស់ខ្លួន មក​ប្រទេស​កម្ពុជា​ឱ្យបាន​រឹតតែ​ច្រើន​បន្ថែមទៀត ជាពិសេស​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន ផ្លូវ​ហាយវ៉េ ក៏ដូចជា​ក្នុង​វិស័យ​ថាមពល​ផងដែរ​។​

​លោក ច​ន ហ្គ​យ័រ បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​រដ្ឋមន្ត្រី​ដែល​បានទទួល​ជួប ព្រមទាំង​ទទួលយក​សំណើ​ដែល​បានលើកឡើង​។ លោក ហ្គ​យ័រ ក៏បាន​រាយការណ៍​ជូន​ផងដែរ​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា (AMCHAM) និង​សភាពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក (US Chamber of Commerce) ដោយ​ភាគី​ទាំងពីរ​ក៏​យល់​ដូចគ្នា​ដែរ​ថា ពេលនេះ​ជា​ពេល​ល្អ ដើម្បី​រឹតបន្តឹង​ចំណង​ធុរកិច្ច និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​។ លោក ហ្គ​យ័រ ក៏បាន​លើកឡើង​ដែរ​ថា កិច្ចការ​បន្ទាប់​ដែល​សភាពាណិជ្ជកម្ម​អាមេរិក​ត្រូវធ្វើ​បន្ទាប់ គឺ​លើកទឹកចិត្ត​ឱ្យ​ធុរកិច្ច​អាមេរិក​យល់ច្បាស់​បន្ថែម​ពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​។​

​ទាក់ទង​នឹង​ការងារ​នេះ លោក​រដ្ឋមន្ត្រី បាន​ជូន​ជា​យោបល់​ថា ធុរជន​អាមេរិក​គួរតែ​ចុះមក​ពិនិត្យ​បរិយាកាស​ធុរកិច្ច​កម្ពុជា​ដោយផ្ទាល់​ទើប​អាច​យល់​កាន់តែច្បាស់​។ ម្យ៉ាងទៀត ធុរជន និង​វិនិយោគិន​អាមេរិក​គួរតែ​យល់ថា ការវិនិយោគ​នៅ​កម្ពុជា គឺ​មិនមែន​សម្រាប់តែ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ដើម្បី​ធ្វើ​ធុរកិច្ច​នៅក្នុង​អាស៊ាន​ទាំងមូល ហើយ​ជាមួយនឹង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ (RCEP) ដែល​នឹង​ឈាន​មកដល់​ដំណាក់កាល​បញ្ចប់​ខាងមុខនេះ ទោះបីជា​មិនមាន​ប្រទេស​ឥណ្ឌា​ចូលរួម​ក៏ដោយ ក៏​នៅតែ​ជាទី​ផ្សារ​មួយ​ដ៏​ធំ​ទូលំទូលាយ​ដែរ ហើយដោយ​កម្ពុជា​ស្ថិតនៅ​ចំ​កណ្ដាល​អាស៊ាន ទីតាំង​កម្ពុជា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ក្នុងការ​ក្លាយជា​ទីតាំង​ផលិត​ដើម្បី​ផ្គត់ផ្គង់​ទៅក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​តំបន់​។ អនុសាសន៍​មួយទៀត​ដែល​លោក​រដ្ឋមន្ត្រី​បាន​ជូន​ក្នុងពេលនោះ គឺ​ការពង្រឹង​ការទំនាក់ទំនង និង​កិច្ចពិភាក្សា​រវាង​សមាគម​ធុរកិច្ច​អាមេរិក និង​រាជរដ្ឋាភិបាល ដោយ​លោក​រដ្ឋមន្ត្រី​យល់ថា​ភាគី​ទាំងពីរ​អាចមាន​យន្តការ​ពិភាក្សា​ប្រចាំឆ្នាំ​ដោយ​ភាគី​អាមេរិក​ដឹកនាំ​ដោយ​ឯកអគ្គរដ្ឋទូត​អាមេរិក ដើម្បី​ដោះស្រាយ​បញ្ហា​បច្ចេកទេស​។ ក្នុងករណី​ចាំបាច់​ក្រុមហ៊ុន ឬ​សភាពាណិជ្ជកម្ម​អាមេរិក​ក៏​អាច​ចូលរួម​ក្នុង​វេទិកា​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ក្រោម​ការដឹកនាំ​ដោយផ្ទាល់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ៕​ ដោយ​៖​កូ​ឡាប​

×