ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីថ្នាក់អនុប្រធាននាយកដ្ឋានយុវនីតិសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួន ទៅតាមបញ្ជារបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីប៉ុនប៉ងសម្លាប់ស្ត្រីម្នាក់បំបិទមាត់ដោយសារតែការជំពាក់បំណុលជនរងគ្រោះចំនួន២៥ ០០០ដុល្លារមិនព្រមសង ។
ឥឡូវនេះជនដៃដល់ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនមកកាន់តុលាការធ្វើការចោទប្រកាន់តាមផ្លូវច្បាប់ ។
មន្ត្រីនគបាលបានអោយដឹងថា ជនដៃដល់ដែលត្រូវបានឃាត់ខ្លួនឈ្មោះ ប្លុង ពិសិដ្ឋ ភេទប្រុសអាយុ៣៤ឆ្នាំ មានមុខរបរជាអនុប្រធាននាយកដ្ឋានយុវនីតិសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្នាក់នៅផ្ទះលេខ ១០និងលេខ ១២ បុរីពិភពថ្មិសែនសុខ ផ្លូវលេខ១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំណែកបក្សពួកជនដៃដល់២នាក់ទៀតបានរត់គេចខ្លួនអស់ហើយក្រោយពីប្រព្រឹត្តអំពើព្រៃផ្សៃរលើជនរងគ្រោះជានារីភេទ ។
តាមរយៈវីដេអូរឃ្លីបរយៈពេល១នាទីនិង៤១វិនាទី នៅកន្លែងកើតហេតុបានបង្ហាញនូវសកម្មភាពរបស់ក្រុមជនដៃដល់វាយតប់បោចសក់ទាត់ធាក់បោកជនរងគ្រោះផ្ទប់និងឥដ្ឋការ៉ូ ច្របាច់ករយ៉ាងព្រៃផ្សៃរគ្មានក្ដីមេត្តាអ្វីបន្តិចសោះកុំតែបានម្ចាស់ហាងនិងសន្តិសុខបុរីមកជួយទាន់ពេលវេលា កុំអីស្ត្រីរងគ្រោះអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតទៅហើយ ។
ហេតុការព្រៃផ្សៃររបស់ក្រុមជនដៃដល់ធ្វើមកលើជនរងគ្រោះបានកើតឡើងតាំងពីថ្ងៃទី ០៦កញ្ញា ឆ្នាំ២០១៧មកម្ល៉េះនៅក្នងភោជនីដ្ឋានមួយទល់មុខបុរីអង្គរភ្នំពេញ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនគរបាលនិងព្រះរាជអាជ្ញាអមតុលាការ ទើបព្រះរាជអាជ្ញាបញ្ជាអោយសមត្ថកិច្ចចាប់ខ្លួនជនដៃដល់អនុវត្តតាមច្បាប់ ។
បើតាមសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះក្នុងហេតុការត្រូវគេវាយប៉ុនប៉ងសម្លាប់ដើម្បីបំបិទមាត់ដោយសារតែជនដៃដល់ជំពាក់ប្រាក់នោះឈ្មោះ ស រ ភេទស្រី អាយុ២៨ឆ្នាំ មានមុខរបរជាអ្នកលក់ដូរ រស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័តមានបានអោយដឹងទៀតថា នៅថ្ងៃកើតហេតុជនដៃដល់ឈ្មោះ ប្លុង ពិសិដ្ឋ ដែលជាអ្នកជំពាក់ប្រាក់ជនរងគ្រោះបានណាត់ជនរងគ្រោះអោយចេញមកក្រៅដើម្បីនិយាយគ្នាដោយឈ្មោះ ប្លុង ពិសិដ្ឋ បើករថយន្តម៉ាកម៉ាស្ដាព័ណស ស្លាកលេខភ្នំពេញ 2AB – 4800 ទៅដឹកជនរងគ្រោះនៅផ្សារសុីឡឹប ហើយបើកទៅសង្កាត់ភ្នំពេញថ្មីដឹកមិត្តភ័ក្រឈ្មោះ គង់ ស្រុីន យកទៅភោជនីដ្ឋានមួយនៅទល់មុខបុរីអង្គរភ្នំពេញសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ នៅពេលទៅដល់មិនទាន់បាននិយាយគ្នារឿងលុយជំពាក់ទេ ជនរងគ្រោះក៏បានសុំឈ្មោះ ប្លុង ពិសិដ្ឋ មកផ្ទះមួយភ្លែតដោយសារមានធុរៈបន្ទាន់ ។ លុះដល់ម៉ោងប្រម៉ាន ៩និង២០នាទីយប់ទើបជនរងគ្រោះត្រឡប់មកវិញ ក៏ឃើញឈ្មោះ ប្លុង ពិសិដ្ឋ ឈ្មោះ គង់ ស្រុីននិងបក្សពួកម្នាក់ទៀតឈ្មោះខៀវ នៅអង្គុយចាំដដែល ។
ប្រភពព័តមានបានអោយដឹងទៀតថា ពេលជនរងគ្រោះត្រឡប់មកវិញមិនទាន់បានអង្គុយចុះផង ស្រាប់តែឈ្មោះ ប្លុង ពិដិដ្ឋ ស្ទុះមកវាយជនរងគ្រោះកណ្ដាលមុខបណ្ដាលអោយដួលខ្ពោក ហើយបន្តវាយបោចសក់ ចាប់បោកផ្ទប់និងតុ បោកផ្ទប់និងឥដ្ឋការ៉ូ ចាប់ច្របាច់កជនរងគ្រោះបំណងសម្លាប់ចោល បណ្ដាលអោយមានការភ្ញាក់ផ្អើលពេញហាង ។ ឃើញសកម្មភាពព្រៃផ្សៃដូច្នេះ ម្ចាដ់ហាង និងអ្នករត់តុបានចូលទៅជួយអន្តាគមទើបក្រុមជនដៃដល់រត់គេចខ្លួនពីកន្លែងកើតហេតុបាត់អស់ទៅ ។ លុះដល់ថ្ងៃទី ០៧កញ្ញាទើបជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីអោយជួយរកយុត្តិធ័ម ព្រោះទង្វើរបស់ក្រុមជនដៃដល់មានលក្ខណសាហាវព្រៃផ្សៃ គ្មានចិត្តធ័មមេត្តាអាងខ្លួនជាមន្ត្រីរាជការ មានបុណ្យស័ក្ដធំជំពាក់ប្រាក់គេមិនសងហើយចង់សម្លាប់ម្ចាដ់បំណុលបំបិទមាត់ទៀត ។
មហាជនដែលបានមើលឃើញវីដេអូរឃ្លីបស្ដីពីសកម្មភាពព្រៃផ្សៃរបស់ក្រុមជនដៃដល់ទៅលើជនរងគ្រោះជានារីភេទកំពង់រងចាំមើលចំណាត់ការតបស់មត្ថកិច្ចនិងតុលាការចំពោះក្រុមជនដៃដល់នេះយ៉ាងយកចិត្តទុកដាក់ ដោយសាតែក្រោយសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ឈ្មោះ ប្លុង ពិដិដ្ឋ មានតួនាទីជាអនុប្រធាននាយកដ្ឋានរួចមក មានមន្ត្រីមួយចំនួនធ្វើអន្តរាគមន៍អោយមានការសម្របសម្រួល ប៉ុន្តែខាងសម្ថកិច្ចដែលអនុវត្តច្បាប់មិនយល់ព្រមចំពោះទង្វើព្រៃផ្សៃនោះ ហើយដាច់ខាតត្រូវតែបញ្ជូនជនដៃដល់ទៅតុលាការអនុវត្តតាមនីតិវិធី ៕ ដោយ៖ជាលី