ភ្នំពេញ៖ ក្នុងជំនួបជាមួយលោកអេរិចសិន ដើក(Ericksen Doug) សមាជិកព្រឹទ្ធសភាអាមេរិក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគាំទ្រដល់គោលគំនិតរបស់ព្រឹទ្ធសមាជិកអាមេរិក ក្នុងការរៀបចំព្រឹត្តិការណ៍ធុរកិច្ចដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសកម្ពុជា និងអាមេរិក។
នារសៀលថ្ងៃព្រហស្បតិ៍ ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក អេរិចសិន ដើក(Ericksen Doug) សមាជិកព្រឹទ្ធសភាអាមេរិកដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។ លោក អេរិចសិន មានប្រសាសន៍ថា លោក មកកម្ពុជាដើម្បីស្វែងយល់ពីស្ថានភាពពិតប្រាកដ និងទទួលព័ត៌មានដោយផ្ទាល់អំពីវឌ្ឍនភាពនានានៅកម្ពុជា ដើម្បីលើកកម្ពស់មិត្តភាពរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ។ ក្នុងន័យនេះលោក បានស្នើសុំការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដែលមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន ដើម្បីរៀបចំព្រឹត្តិការណ៍ធុរកិច្ចនានាទាក់ទាញវិនិយោគិនអាមេរិកមកវិនិយោគបន្ថែមទៀតនៅកម្ពុជា។ លោក នឹងជួយសម្របសម្រួល កៀរគវិនិយោគិន និងធុរជនអាមេរិក ធ្វើទស្សនកិច្ចមកកាន់កម្ពុជា ដើម្បីពួកគេបានជ្រាបច្បាស់អំពីសក្តានុពលសេដ្ឋកិច្ចនិងទីផ្សារកម្ពុជា។ ទន្ទឹមនឹងនេះ លោក ក៏បានអញ្ជើញ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកផងដែរ។
អ្នកឧកញ៉ា គិត ម៉េង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះទស្សនកិច្ចមកកាន់កម្ពុជា របស់ លោកអេរិកសិន ដើក(Ericksen Doug) ។ អ្នកឧកញ៉ា បានលើកឡើងពីការរីកចម្រើន និងសក្តានុពលសេដ្ឋកិច្ចកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកឧកញ៉ា បានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលមានលក្ខណៈបើកចំហរសម្រាប់ធុរជនទូទៅដោយមិនប្រកាន់ថាមកពីប្រទេសណាឡើយ។ សហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមប្រទេសដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ចម្បងរបស់កម្ពុជា។ អ្នកឧកញ៉ា មានប្រសាសន៍គាំទ្រដល់គោលគំនិតរបស់ព្រឹទ្ធសមាជិកអាមេរិក ក្នុងការរៀបចំព្រឹត្តិការណ៍ធុរកិច្ចដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសទាំងពីរ ហើយអ្នកឧកញ៉ា នឹងរកពេលវេលាសមស្របណាមួយរៀបចំទស្សនកិច្ចធុរកិច្ចទៅសហរដ្ឋអាមេរិក៕ដោយ៖កូឡាប