ខេត្តស្វាយរៀងៈ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានមានប្រសាសន៍អំពីបញ្ហាមួយចំនួន ដែលកំពុងកើតឡើងនៅក្នុងខេត្ត និងកំពុងធ្វើការដោះស្រាយ។
លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ថា បញ្ហាទាំងនោះ មានដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ នៅតែបន្តកើតមាន។ ការផ្ទេរមុខងារមួយចំនួនមកឱ្យរដ្ឋបាលក្រោមជាតិ នៅមិនទាន់បានពេញលេញគឺមានការខ្វះខាតថវិកា ខ្វះធនធានមនុស្ស និងខ្វះលិខិតដ្ឋានបទដ្ឋានគតិយុត្តគាំទ្រ។ កើតមានគ្រោះមហន្តរាយធម្មជាតិដូចជា ការរាំងស្ងួត ទឹកជំនន់ ខ្យល់កន្ត្រាក់ ដែលធ្វើប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ទំនាស់ដីធ្លី ការរំលោភកាន់កាប់ដីព្រែក បឹង អូរ និងដីចំណីថ្នល់នៅតែបន្តកើតមាន។ ការគ្រប់គ្រងកាកសំណល់នៅតាមទីប្រជុំជន និងនៅតាមរោងចក្រ សហគ្រាសមិនបានអនុវត្តត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការចូលរួមនៅមានកម្រិត។ នៅតាមស្រុក-ក្រុង មួយចំនួនមិនទាន់មានទីលានចាក់សំរាម ទៅតាមលក្ខណៈបច្ចេកទេស និងគ្មានក្រុមហ៊ុនប្រមូលសំរាម។
លោកអភិបាលរងខេត្តបានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ដែលស្ថិតនៅក្នុងបរិវេនវត្តស្វាយជ្រំ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
អញ្ជើញចូលរួមនាឱកាសនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីអស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្ត លោក លោកស្រីគណៈអភិបាលស្រុកស្វាយជ្រំ លោក លោកស្រីក្រុមប្រឹក្សាស្រុកស្វាយជ្រំ លោក លោកស្រីមន្រ្តីសាលាខេត្ត សាលាស្រុកស្វាយជ្រំ កងកម្លាំងទាំង៣ លោក លោកស្រីក្រុមប្រឹក្សាឃុំទាំង១៦ លោក លោកស្រីមេភូមិ ទាំង១៥៨ ក្នុងស្រុកស្វាយជ្រំ បងប្អូនប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៧៧០នាក់ ។
សូមបញ្ជាក់ផងដែរថាៈ នៅក្នុងវេទិកានេះ បងប្អូនប្រជាពលរដ្ឋបានលើកឡើង នូវបញ្ហាមួយចំនួនក្នុងមូលដ្ឋាន ហើយអស់ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អធិការដ្ឋាននគរបាលស្រុក បានទទួលយកសំណូមពរ និងបញ្ហាប្រឈម ហើយបានដោះស្រាយនៅចម្ងល់ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងរួមមាន៖ បញ្ហាការធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅមានភាពយឺតយ៉ាវ។ កង្វះខាតភ្លើងចូលតាមភូមិ ក្នុងឃុំទាំង១៦។ បញ្ហាការបោះចោលសំរាម គ្មានសណ្ដាប់ធ្នាប់ពាសវាលពាសកាល។ ការវាស់ដីចង់ជាប្រព័ន្ធ នៅមិនទាន់បានគ្រប់ភូមិ។ បញ្ហាទំនាស់ដីធ្លីនៅសាលាបឋមកៀនតាស៊ីវ។ ស្ដារប្រឡាយទឹក និងតភ្ជាប់ប្រឡាយទឹកនៅឃុំស្វាយយា ជាមួយខេត្តព្រៃវែង។ បញ្ហាមិនទាន់បើកឲ្យសម្រាលកូននៅមណ្ឌលសុខភាពឈើទាល ដោយមិនទាន់ចុះអាជ្ញាប័ណ្ណ។ បញ្ហាករណីបង់ប្រាក់ផ្ដាច់មុនកំណត់នៅគ្រឹះស្ថាន និងមីក្រូហិរញ្ញវត្ថុ មានការប្រាក់ខ្ពស់។ ស្នើសុំផ្លូវចំនួន៣ខ្សែចូលក្នុងភូមិ ៕ដោយ៖ វ៉ៃកូ