ភ្នំពេញ៖ ប្រជាពលរដ្ឋទូទៅ រាប់ទាំងអ្នកគាំទ្រអតីតគណបក្សប្រឆាំងមួយចំនួនផង បានបង្ហាញការបដិសេធចោលទាំងស្រុង ចំពោះផែនការវិលចូលស្រុកថ្ងៃ៩វិច្ឆិកា របស់មេដឹកនាំក្រុមឧទ្ទាម ។ សម្ដេចក្រឡាហោម ស ខេង បានប្រកាសថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរដែនដី ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ផែនការបំផ្លាញសុខសន្តិភាពនោះ ដោយជោគជ័យ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាអធិបតី សិក្ខាសាលាស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៨ ក្រោមប្រធានបទកិច្ចជំរុញការអនុវត្តសេចក្ដីប្រកាសរួមលើកទី៧ ស្ដីពីសាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៅព្រឹកថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក៏បានរំលឹកឡើងវិញ នូវការអំពាវនាវរបស់សម្ដេចតេជោ ទៅកាន់គ្រប់សាសនានៅកម្ពុជា ក្នុងការចូលរួមរក្សាសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ចូលរួមធ្វើយុទ្ធនាការបំបាត់ និងកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ បន្តសុខដុមនីយកម្មក្នុងសាសនានីមួយៗ និងយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីធានាឲ្យសាសនារឹងម៉ាំ និងរីកចម្រើនបន្តទៀត។
សម្ដេចបានគូសបញ្ជាក់បន្ថែមថា ការពង្រឹងសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ គឺជាកត្តាគ្រឹះដែលមិនអាចខ្វះបាន ហើយសម្ដេចពិតជារីករាយបំផុត នៅពេលបានឃើញពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល។ ជាក់ស្ដែងថ្មីៗនេះ ប្រជាពលរដ្ឋទូទៅ រាប់ទាំងអ្នកគាំទ្រអតីតគណបក្សប្រឆាំងមួយចំនួនផង បានបង្ហាញការបដិសេធចោលទាំងស្រុង ចំពោះផែនការវិលចូលស្រុកថ្ងៃ៩វិច្ឆិកា របស់មេដឹកនាំក្រុមឧទ្ទាម ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល ដែលជាការប៉ុនប៉ងបំផ្លាញសេចក្ដីសុខ របស់ប្រជាពលរដ្ឋ និងសន្តិភាពរបស់ប្រទេសជាតិ។
សម្តេចស ខេង បានមានប្រសាសន៍ថា កាលពីថ្ងៃបុណ្យឯករាជ្យជាតិ និងបុណ្យុអុំទូកមានអ្នកចង់មកបំផ្លាញសុខសន្តិភាពកម្ពុជា ដោយពួកគេបានបង្កើតព្រឹត្តិការណ៍មាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ដោយកៀរគរចលនា ប្រជាពលរដ្ឋដើម្បីទៅចាំស្វាគមន៍។ ប៉ុន្តែការស្វាគមន៍ និងចាំទទួលនេះ មិនមែនមកដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព ឬក៏អនុវត្តគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សដូចចែងក្នុងរដ្ឋធម្មនុញ្ញននោះទេ ។
សម្តេច ស ខេង បន្តថា “ទង្វើរបស់ក្រុមប្រឆាំងនេះ មិនយល់ពីលទ្ធិប្រជាធិតេយ្យទេ ព្រោះពេលនេះរដ្ឋាភិបាលអាណត្តិទី៦ ទើបបានជាង១ឆ្នាំបន្តិច តាមរដ្ឋធម្មនុញ្ញគឺ៥ឆ្នាំ ។ អាណត្តិរបស់រដ្ឋាភិបាល។ អីចឹងមានន័យថាថ្ងៃទី៩ វិច្ឆិកា នេះ មិនមែនជាថ្ងៃបោះឆ្នោតទេ ប៉ុន្តែគេយកថ្ងៃនេះ ដើម្បីមកអុកឡុកបំផ្លាញសុខសន្តិភាព ។ ក្នុងក្របខ័ណ្ឌលទ្ធិប្រជាធិតេយ្យ ការតស៊ូមតិ ដើម្បីអំណាចគឺជាគូប្រជែង ឬគូជំទាស់ដែលគេហៅជាបក្សប្រឆាំង។ តែបើបក្សប្រឆាំងមិនយល់ន័យពីការប្រឆាំង ហើយបែរជាយកគ្នាឯងជាសត្រូវទៅវិញ ។ ដូច្នេះបើគេយកគ្នាឯងជាសត្រូវ ត្រូវតែកម្ទេច ។
សម្ដេចក្រឡាហោម ស ខេង បានប្រកាសថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរដែនដី ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ផែនការបំផ្លាញសុខសន្តិភាពនោះ ដោយជោគជ័យ បើទោះបីជាការប្រកាសពីផែនការនោះ និងការចាត់វិធានការណ៍នានារបស់អាជ្ញាធរ បានធ្វើឲ្យពលរដ្ឋខ្លះមានក្ដីព្រួយបារម្ភនៅថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក ប៉ុន្តែទីបំផុតនៅថ្ងៃបន្តបន្ទាប់ពលរដ្ឋមានភាពកក់ក្ដៅ និងបានអញ្ជើញមកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ។ សម្ដេចក៏បានថ្លែងការសូមអភ័យទោសប្រជាពលរដ្ឋខ្មែរ នៅតំបន់ព្រំដែនកម្ពុជាថៃ ចំពោះផលប៉ះពាល់មួយចំនួន ដែលកើតចេញពីវិធានការណ៍រឹតបន្តឹងសន្តិសុខ៕ដោយ៖កូឡាប