ខេត្តស្វាយរៀងៈ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក សេង សិលា អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្តនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ស្ថិតនៅបរិវេនពោធិថ្មី សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
មានប្រសាសន៍នាឱកាសវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅពេលនេះ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណចំពោះវត្តមាន លោក លោកស្រី ប្រជាពលរដ្ឋ វិស័យឯកជន និងសមាជិក សមាជិកានៃអង្គវេទិកាទាំងមូលដែលបានចូលរួមក្នុងវេទិកានេះ ពិតជាបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុត្តិសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលជាកម្មវត្ថុចម្បងនៃការរៀបចំអង្គវេទិកា និងរួមគ្នារកដំណោះស្រាយ បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ។
លោក សេង សិលា អភិបាលរងខេត្តបានបន្ថែមថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ អាចចូលរួមក្នុងការផ្តល់មតិយោបល់ ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខ របស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឲ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន៕ ដោយ៖វ៉ៃកូ