រាជធានីភ្នំពេញៈ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានរាយការណ៍ថា សមត្ថកិច្ចចម្រុះរកឃើញ ផលិតផល និងសម្ភារមួយចំនួនបម្រើឲ្យការផលិតគ្រឿងសំអាងចំនួនប្រមាណ ១៤ប្រភេទទម្ងន់ ២.៥៣២គីឡូក្រាម និងឃាត់ខ្លួនម្ចាស់ទីតាំងឈ្មោះ ជា ច័ន្ទសម្បត្តិ មកសាកសួរ។
នាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី២៦ខែវិច្ឆិកានេះ បានផ្សាយព័ត៌មានថា នៅវេលាម៉ោ ង ១១និង០៥នាទី ថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវ និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កំលាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្រ្តីក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងក្រោមការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន
បង្រា្កបករណីផលិត វេចខ្ចប់គ្រឿងសំអាងគ្មានច្បាប់ នៅចំណុចផ្ទះលេខ៣៧២ ផ្លូវមុន្នីរ៉េត ក្រុមទី១០ ភូមិភ្នាត សង្កាត់ស្ទឹងមាន ជ័យទី២ ខណ្ឋមានជ័យ រាជធានីភ្នំពេញ ។
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបន្ថែមទៀតថា ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចចម្រុះរកឃើញ ផលិតផល និងសម្ភារមួយចំនួនបម្រើឲ្យការផលិតគ្រឿងសំអាងចំនួនប្រមាណ ១៤ប្រភេទ ចំនួនប្រមាណ ២.៥៣២គីឡូក្រាម ។
ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ន និងបិទផ្លុំបេ នៅទីតាំងខាងលើ និងបានយកវត្ថុតាងមួយចំនួនទៅធ្វើការពិសោធន៍រកសារធាតុហាមឃាត់ និងបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ ជា ច័ន្ទសម្បត្តិ មកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕ដោយ៖កូឡាប