កោះកុង ៖ បន្ទាប់ពីតុលាការខេត្តកោះកុង ចេញដីកាឃុំខ្លួន ឈ្មោះ ទិត្យ ស៊ីថា ជាប្រជាការពារភូមិ ក្នុងសំណុំរឿងគំរាមសម្លាប់លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង នៅក្នុងពន្ធនាគារខេត្តកោះកុង រយៈពេល២ថ្ងៃរួចមក ឃើញថានៅវេលាម៉ោង៧យប់ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អ៊ីវ កនិ្នកា ចៅក្រមស៊ើបសួរ និងលោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានសម្រចធ្វើការដោះលែង លោក ទិត្យ ស៊ីថា អោយនៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោមហេតុថាបានធ្វើលិខិតទទួលស្គាល់កំហុស និងសុំអភ័យទោសទៅកាន់លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងរួចហើយ និងដោយសារតែមានកិច្ចអន្តរាគមន៍ពីលោក ផាត់ ប៊ុនហួរ នាយកក្រុមហ៊ុន L.Y.P Group។
លោក ទិត្យ ស៊ីថា បានធ្វើលិខិតសុំអភ័យដែលខ្លួនបានបើប្រាស់ពាក្យសម្តី គំរាមថានិងសម្លាប់ដែលបានប្រព្រឹត្តកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩កន្លងមក ។ តុលាការខេត្តកោះកុង ក៏សម្រេចអោយលោក ទិត្យ ស៊ីថា បង្ហាញវត្តមានរៀងរាល់៣ខែម្តង នៅចំពោះមុខចៅក្រមស៊ើបសួរ និងអយ្យការអមសាលាដំបូងខេត្តកោះកុង និងមិនអនុញ្ញាតអោយមានការផ្លាស់ប្តូរទីលំនៅនោះឡើយ បើសិនណាជាជនត្រូវចោទមានបំណងគេចវេះនោះ ចៅក្រមស៊ើបសួរនិងចាប់ខ្លួនជនត្រូវចោទឡើងវិញ។
ក្រោយការដោះលែង លោក ទិត្យ ស៊ីថា ប្រជាការពារភូមិសំរុងតាកែវ បានថ្លែងថា លោកគ្មានបំណងចង់សម្លាប់ ឬចេតនាអាក្រក់ណាមួយចំពោះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងនោះឡើយ តែអ្វីដែលធ្វើអោយរូបលោកមានការឆ្គាំឆ្គង ដោយបានប្រើពាក្យសំដីមិនគួរគម្បីលើលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងនោះ គឺដោយសាររូបលោក និងពលរដ្ឋជាច្រើន ដែលរស់នៅក្នុងឃុំព្រែកខ្សាច់ មានការខកចិត្តយ៉ាងខ្លាំងចំពោះលោក សុខ សុទ្ធី ដែលបានហាមឃាត់មិនអោយពលរដ្ឋធ្វើផ្លូវក្នុងតំបន់ដី ដែលរដ្ឋបាលខេត្តកោះកុង និងក្រុមការងារបានចុះវាស់វែងកំណត់ក្បាលដីអោយពួកគាត់ ដោយថែមទាំងអ្នកខ្លះមានសាលាកប័ត្រទៀតផង តែត្រឡប់ជាលោក សុខ សុទ្ធី អភិបាលខេត្តកោះកុង ថាការធ្វើផ្លូវរបស់ពួកគាត់ស្ថិតនៅក្នុងតំបន់វិនិយោគរបស់ក្រុមហ៊ុនចិនញូញៀនទៅវិញ។
ប្រជាការពារភូមរូបនោះ បានបន្តទៀតថា ការដែលតុលាការសម្រេចដោះលែង រូបលោកអោយនៅក្រៅឃុំជាបណ្តោះអសន្ននោះ គឺដោយសារតែមានកិច្ចអន្តរាគមន៍ពីលោក ផាត់ ប៊ុនហួរ នាយកក្រុមហ៊ុន L.Y.P Group រួមនឹងការធ្វើលិខិតសុំទោស ជាលាយលាក់អក្សរផ្លូវការទៅកាន់លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងផងដែរ តែទោះជាយ៉ាងណាក្តីរូបលោក ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ លោក ផាត់ ប៊ុនហួរ នាយកក្រុមហុន L.Y.P Group ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅក្នុងឃុំព្រែកខ្សាច់ ពិសេសគឺរូបលោកផ្ទាល់តែម្តង។
ជាមួយគ្នានេះដែរ លោក ទិត្យ ស៊ីថា ក៏ដូចជាពលរដ្ឋនៅទាំង៣ភូមិ ក្នុងឃុំព្រែកខ្សាច់ក៏បានស្នើរសុំយ៉ាងទទួចដល់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងក្រសួងដែនដី មេត្តា ពិនិត្យនិងដោះស្រាយជូនពួកគាត់ផង ព្រោះកន្លងមកពួកគាត់ធ្លាប់ទទួលបាន ស.ជ.ណចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាល ដោយតម្រូវអោយក្រសួងបរិស្ថាន សហការជាមួយក្រុមការងារសិក្សាកាត់ឆ្វៀលដី នៅក្នុងតំបន់ឃុំព្រែកខ្សាច់ស្រុកគីរីសាគរ ចេញពីតំបន់វិនិយោគក្រុមហ៊ុនញូញៀន សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែង តែលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ត្រឡប់ជានិយាយថា រដ្ឋាភិបាលសម្រេចលុប ស.ជ.ណចាស់ចោលដោយជំនួសដោយ ស.ជ.ណថ្មីមួយទៀត។
គួររំលឹកថា កាលយប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅលោក អ៊ីវ កន្និកា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង បានបញ្ជាអោយកងកម្លាំងសមត្ថកិច្ចសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ ទិត្យ ស៊ីថា ភេទប្រុស អាយុ៤០ មានតួនាទីជាប្រជាការពារភូមិ ទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តកោះកុង ដោយចោទប្រកាន់ពីបទថាបានគំរាមកំហែងថានិងសម្លាប់ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយផ្ញើរសារជាសំឡេងតាមរយៈទូរស័ព្ទកាលពីវេលាម៉ោង១យប់ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩កន្លងទៅ ៕ ដោយ៖បញ្ញាស័ក្តិ