Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបើកបរ​ឈ្មោះ ចំណាន សំណាង ត្រូវបាន​កម្លាំង​នគរបាល​បញ្ជូន​ដល់​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​

​កណ្តាល​៖ ​លោក​អ៊ា​វ ចំរើន ស្នងការ​នគរបាល ខេត្តកណ្តាល នៅ​ព្រលប់​ថ្ងៃទី​២៩​វិច្ឆិកា​នេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​អ្នកបើកបរ​ឈ្មោះ ចំណាន សំណាង ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បញ្ជូន​ដល់​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល រួចហើយ​។

​លោក​ថា នៅ​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជូន​អ្នកបើកបរ​រថយន្ត ឈ្មោះ ចំណាន សំណាង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ដែល​បាន​បើកបរ​រថយន្ត​ម៉ាក​TOYOTA TACOMA ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​2S-3669 ដែល​បុក​លោក​អនុសេនីយ៍ឯក ទូច សៅ​ហេង មន្ត្រីនគរបាល​ចរាច​រណ៍ (​កំពុង​បញ្ជារ​ចរាចរណ៍​ការពារ​ក្បួន​ថ្នាក់ដឹកនាំ​ឆ្លងកាត់​) ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ត្រូវបាន​លោក ហួត ហ៊ាង ចៅក្រម​ស៊ើបសួរ សម្រេច​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល ពីបទ​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា​មិន​ប្រុងប្រយ័ត្ន មិន​គោរព​កាតព្វកិច្ច បណ្តាល​ឲ្យ​មាន​របួស​ដល់​អ្នកដទៃ តាម​មាត្រា​៨៣ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា អ្នកបើកបរ​រថយន្ត​បុក​មន្ដ្រីនគរបាល​ចរាច​រណ៍​ម្នាក់ ពេល​កំពុង​ឈរ​ការពារ​ក្បូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ត្រូវបាន​បងស្រី​នាំខ្លួន​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់ នៅវេលា​ម៉ោង​៩​នឹង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ដើម្បី​ទទួលទោស​តាមផ្លូវ​ច្បាប់ ក្រោយ​បើករថយន្ដ​បុក​មន្ដ្រីនគរបាល​ម្នាក់​បណ្ដាល​ឲ្យ​រងរបួស​។​

​លោកស្នងការ​ខេត្ត​បន្តថា រហូតមកដល់​ពេលនេះ មន្ដ្រីនគរបាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ កំពុង​សួរនាំ​ជនបង្ក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជាក់ថា អ្នកបើករថយន្ត​មានឈ្មោះ សំ​ណាន សំណាង អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ស្អាង ខេត្តកណ្តាល​។​

​លោក​អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ថ្លែងថា “​ជំនួសមុខ​ឲ្យ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ខេត្តកណ្តាល​មួយរូប ដែល​ត្រូវ​រថយន្តបុក​ពេល​កំពុង​បំពេញការងារ និង​ក្រុមគ្រួសារ ខ្ញុំបាទ​ផ្ទាល់​ក៏ដូចជា នគរបាល​ចរាចរណ៍​ទាំងអស់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​គោរព​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ឆ្លៀតឱកាស​ដ៏​មមាញឹក គោរព​អញ្ជើញ​មក​សាកសួរ​សុខទុក្ខ ដោយផ្ទាល់​នៅ​បន្ទប់​សំរាក​ព្យាបាល លោក អនុសេនីយ៍ឯក ទូច សៅ​ហេង និង​ក្រុមគ្រួសារ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្នុង​គ្រា​ដែល​សម្តេច កំពុង​បំពេញ​កាតព្វកិច្ច​ដ៏​កតញ្ញូ​បំផុត គឺ​មើលថែទាំ​អ្នក​ម្តាយ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​នេះ​ស្រាប់ “​។​

​សូម​រំលឹកថា កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ត្រង់ចំណុច​ភ្លើងស្តុប​ស្ពាន​ព្រែក​ហូរ ស្ថិតក្នុង​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល រថយន្ត​តា​កូ​ម៉ា​មួយគ្រឿង​បើកបរ ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​បំ​បុក មន្ត្រីនគរបាល​ចរាច​រណ៍​ខេត្តកណ្តាល​ម្នាក់ កំពុង​ឈរ​បញ្ជា​ចរាចរណ៍​លើ​ដងផ្លូវ បណ្តាល​ឲ្យ​រងរបួស​បាក់ជើង​ទាំងសងខាង និង​បាក់ឆ្អឹង​ក​ង្កេះ ស្រាំ​លលា​ដ៏ កកឈាម​ក្នុង​ខួរក្បាល​យ៉ាងធ្ងន់ធ្ងរ​។ ក្រោយ​មាន​ហេតុការណ៍​កើតឡើង ជនបង្ក​បាន​ព្យាយាម​បើករថយន្ត​យកទៅ​ប្លុង​ចោល​រួច​គេចខ្លួនបាត់​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ដែល​ត្រូវ​រថយន្ត​បើក​បុក​ពេល​បំពេញការងារ​នោះ​ឈ្មោះ ទូច សៅ​ហេង មាន​តួនាទី​ជា នាយរង​ផ្នែក មាន​ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ឯក​។​

​ចំណែកឯ​រថយន្ត​បង្ក​ម៉ាក​តូ​យូ​តា តា​កូ​ម៉ា ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2S-3669 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​៕​ដោយ​៖​កូ​ឡាប​

×