ខេត្តស្វាយរៀងៈ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអណ្តូងទឹកស្អាត និងឡជីវឧស្ម័ន ដែលជាអំណោយរបស់អង្គការកូដូខ្មែរនៅប្រទេសបារាំង បានផ្តល់ជូនដល់ប្រជាពលរដ្ឋ នៅឃុំអង្គតាសួស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ។
លោកស្រីបានមានប្រសាសន៍ថា មនុស្ស ផ្លូវ ទឹក ភ្លើង ជាកត្តាដ៏សំខាន់បំផុត ដែលត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យមាន សុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ក្នុងនោះរាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ក្នុងន័យជួយសម្រួលដល់ការអភិវឌ្ឍន៍ដល់មូលដ្ឋាន។ ជាក់ស្តែងនៅស្រុកស្វាយជ្រំថ្ងៃនេះបានទទួលនូវ អណ្តូងទឹកស្អាតចំនួន ៣១អណ្តូង និង ឡជីវឧស្ម័ន ចំនួន ១៥ឡ បន្ថែមទៀត តាមរយៈ អង្គការកូដូខ្មែរនៅប្រទេសបារាំង ដែលដឹកនាំដោយ លោក អាំង ពិទូរ្យ ប្រធានអង្គការ គឺជាសក្ខីភាពមួយដែលបញ្ជាក់យ៉ាងច្បាស់ពីសាមគ្គីភាព និងស្មារតីចែករំលែក របស់សប្បុរសជន ដែលមានដើមកំណើតជាខ្មែរ ទោះនៅប្រទេសបារាំង ដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីកម្ពុជា ក៏បងប្អូនយើងចង់ចូលរួមជាមួយរាជរដ្ឋាភិបាល សំដៅធ្វើជួយក្នុងវិស័យសង្គម និងមនុស្សធម៌ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងសមភាព ។
លោកស្រីក៏បានកោតសសើរ និងលើកទឹកចិត្តដល់បណ្តាកសិករដទៃទៀត គួរយកគំរូតាម លោក ជា សម្ផស្ស ជាកសិករគំរូ គឺលោកបានទទួលអត្ថប្រយោជនពី អណ្តូងទឹកស្អាត និងឡជីវឧស្ម័ន ពិតជាបានជួយសម្រួលដល់ការប្រកបរបកសិកម្មរបស់គាត់ដោយសារ តែការធ្វើកសិកម្មខ្នាតតូចមែន ប៉ុន្តែមានលក្ខណៈវិលជុំ ដែលប្រៀបបានជាសង្វាក់ផលិតកម្ម គឺបាន ប្រើប្រាស់អស់សក្តានុពល នូវកាកសំណល់ពីលាមកសត្វ ដោយបានបង្កើតទៅជា ហ្គាស និងជីសម្រាប់ ប្រើប្រាស់ក្នុងវិស័យកសិកម្ម ។
លោកស្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋ ងាកមកប្រើប្រាស់ឡជីវឧស្ម័នវិញ ព្រោះវាបានជួយសន្សំសំចៃអុសធ្យូងបានប្រមាណ ២តោន ក្នុងមួយឡ យ៉ាងច្រើន ហើយឡជីវឧស្ម័ននេះក៏បានរួមចំណែកក្នុងការកាត់បន្ថយការបំភាយ ឧស្ម័នកាបូនិកពីផលិតកម្មសត្វប្រមាណ ៤,៥តោន ក្នុងមួយឡ ក្នុងមួយឆ្នាំ ។ មិនត្រឹមតែប៉ុណ្ណោះ ទី១. អាចជួយដល់ការកាត់បន្ថយចំណាយលើការបំភ្លឺ និងមិនទិញជីគីមីប្រើប្រាស់លើដំណាំដោយបង្កើនជីធម្មជាតិស្រស់ទឹក និងគោក សម្រាប់ប្រើប្រាស់លើដំណាំកសិកម្ម ដែលជួយប្រែគុណភាពដីកសិកម្ម ។ ទី២ ជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ កាតបន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពី ឧស្ម័នមេតាន និងកាត់បន្ថយឧស្ម័នកាបូនិក។ ទី៣ ជួយកាត់បន្ថយក្លិនស្អុយពី ការចិញ្ចឹមសត្វ ដោយការតភ្ជាប់បង្គន់អនាម័យនិងឡជីវឧស្ម័ន។ ទី៤ អ្នកប្រើប្រាស់មានពេលវេលាចូលរួមក្នុងសង្គម មានពេលវេលាធ្វើការផ្សេង ទៀតបាន មានភ្លើងបំភ្លឺផ្ទះពេលយប់ ជួយដល់ការរៀនសូត្ររបស់កូនចៅ កាត់ បន្ថយបន្ទុក ការងាររបស់ស្ត្រី និងកុមារ ដោយមិនចាំបាច់ចូលព្រៃរកអុសធ្យូង និងម្យ៉ាងទៀត បង្កើតបានការងារដល់អ្នកគ្មានការងារធ្វើក្នុងស្រុក តាមរយៈ ការបង្កើតឲ្យមាន ភ្នាក់ងារសាងសង់ឡជីវឧស្ម័ន ដែលកាត់បន្ថយការធ្វើ ចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ៕ដោយ៖វ៉ៃកូ