ភ្នំពេញ៖ ថ្នាក់ដឹកនាំរដ្ឋាភិបាល បានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍» នៅសាលមហោស្រពចតុម្មុខ នាព្រឹកថ្ងៃអាទិត្យ ទី ១ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំស្ថាប័នជាតិ អន្តរជាតិ តំណាងអង្គទូត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តំណាងសង្គមស៊ីវិល និស្សិត យុវជនកាយរិទ្ធិជាតិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា និងប្រជាជនគន្លឹះប្រមាណ ៦០០នាក់។
ក្នុងឱកាសនោះ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ បានអានជូននូវសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីជូនបងប្អូនរួមជាតិ ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់បងប្អូនរួមជាតិ រួមកម្លាំងគ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ហើយក៏សូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា បន្តចូលរួមគាំទ្រនិងអនុវត្តដោយម៉ឺងម៉ាត់នូវផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ ដែលជាផែនទីចង្អុលផ្លូវតែមួយគត់សម្រាប់ការងារប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អនុសាសន៍ ៦ចំណុចដូចតទៅ ៖
១/ សូមសាខាកាកបាទក្រហមកម្ពុជា យុវជន អ្នកស្ម័គ្រចិត្ត ពង្រឹងពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំ លើកកម្ពស់ការយល់ដឹងពីបញ្ហាអេដស៍ឱ្យបានដល់សហគមន៍ជនបទ និងត្រូវផ្តល់ការជួយឧបត្ថម្ភគាំពារដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍។
២/ ចំពោះអ្នកដែលសង្ស័យថា ខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅពិនិត្យឈាមរកមេរោគអេដស៍ និងទៅទទួលសេវាថែទាំ ពីមណ្ឌលសុខភាពឱ្យបានទៀងទាត់ ព្រមទាំងជៀសវាងដាច់ខាតកុំចម្លងទៅអ្នកដទៃ និងចូលរួមសហការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
៣/ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងជាពិសេសឆាប់ធ្វើតេស្តឈាម ដើម្បីទទួលសេវាការពារការចម្លងមេរោគអេដស៍ទៅទារក និងជំរុញលើកទឹកចិត្តដៃគូមកពិនិត្យ និងទទួលសេវាព្យាបាលទាំងអស់គ្នា។
៤/ សូមបងប្អូនជនរួមជាតិទាំងអស់ ត្រូវបន្តស្វែងយល់ពីការបង្ការមេរោគអេដស៍ និងការពារខ្លួនកុំឱ្យឆ្លងមេរោគអេដស៍នេះជាដាច់ខាត ជាពិសេសក្មួយៗជាយុវជន យុវនារី ត្រូវប្រុងប្រយ័ត្ន និងចងចាំថាការការពារគឺចាប់ផ្តើមពីខ្លួនអ្នកផ្ទាល់។
៥/ មិនត្រូវមាក់ងាយ និងរើសអើងអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាតហើយត្រូវបង្កើតបរិយាកាសគាំទ្រដល់ក្រុមប្រឈមខ្ពស់នៅគ្រប់ទីកន្លែង ដើម្បីទទួលបានសេវាសុខភាព សេវាគាំពារសង្គម និងការការពារផ្លូវច្បាប់។
៦/ សូមអ្នកផ្ទុកមេរោគអេដស៍កុំមានការខ្មាសអៀន និងរើសអើងខ្លួនឯងហើយត្រូវប្រញាប់រួសរាន់ទៅទទួលការប្រឹក្សា និងការព្យាបាលឱ្យបានទាន់ពេលវេលា។
លោកទេសរដ្ឋមន្ត្រី អៀង ម៉ូលី បានមានប្រសាសន៍ដោយបានស្នេីសុំឲ្យចាត់អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ គឺជាជនរងគ្រោះដែលធ្លាប់បានជួយចូលរួមចំណែកក្នុងការងារកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យទទួលបានការរីកចម្រេីន ហេីយរាល់ការឆ្លេីយតបនិងមេរោគអេដស៍ និងជំងឺអេដស៍ទាំងអស់ត្រូវឈរលេីគោលការណ៍សមធម៌ សមភាពយេនឌ័រ និងសិទ្ធិមនុស្ស។ តាមការសិក្សាតាមបែបវិទ្យាសាស្ត្រ នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ អ្នកផ្ទុកមេរោគអេដស៍មានចំនួនប្រមាណ ៧៣.០០០នាក់។
ក្នុងឱកាសនោះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍ថា កម្ពុជាកំពុងតែស្ថិតនៅលើផ្លូវត្រូវដេីម្បីឈានទៅរកការលុបបំបាត់មេរោគអេដស៍ ជំងឺអេដស៍ “គោលដៅ ៩៥ ៩៥ ៩៥” ដូចបានកំណត់ត្រឹមឆ្នាំ២០២៥ នៅក្នុងប្រទេសយើង និងនៅត្រឹមឆ្នាំ២០៣០ ដោយអង្គការសហប្រជាជាតិ។
ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានសូមចូលរួមផ្តល់នូវសារមួយចំនួនថា សូមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យលទ្ធភាពបន្ត និងពង្រីកការផ្តល់ថវិកាសម្រាប់ការងារអេដស៍ និងសូមក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀតនូវវិធានការទាំងប្រាំមួយ ។ សូមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង និង ស្ថាប័នពាក់ព័ន្ធពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជាលើការងារឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ ជាមួយនេះត្រូវពង្រឹង និងបង្កើនកិច្ចសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីធ្វើយ៉ាងណាបង្ការ និងទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពនូវការឆ្លងរាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ ក្នុងចំណោមអ្នកប្រើប្រាស់និងអ្នកចាក់គ្រឿងញៀន។ សូមបងប្អូនសហគមន៍នៃអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ ក្រុមប្រឈមមុខខ្ពស់នៃការឆ្លងមេរោគអេដស៍ អ្នកស្ម័គ្រចិត្តសុខភាពភូមិ មេភូមិ មេឃុំ ចៅសង្កាត់នៅថ្នាក់មូលដ្ឋានទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងធ្វើការរួមគ្នា សហការគ្នា ដើម្បីទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីបញ្ហាអេដស៍។ គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រប់សហគមន៍ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យកាត់បន្ថយការចម្លងមេរោគអេដស៍ក្នុងចំណោមក្រុមប្រឈមខ្ពស់នឹងការចម្លងមេរោគអេដស៍“ឆាប់ធ្វើតេស្ត ឆាប់ដឹង ឆាប់ព្យាបាល” ។ សូមបងប្អូនប្រជាពលរដ្ឋត្រូវមានភាពស្មោះត្រង់ ស្នេហាប្តីមួយ ប្រពន្ធមួយ ដើម្បីសុភមង្គលក្នុងក្រុមគ្រួសារ សង្គមជាតិ និងកាត់បន្ថយបាន អំពើហិង្សានានា និងការឆ្លងរាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍៕ ដោយ៖កូឡាប