ភ្នំពេញ ៖ មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញម្នាក់ឈ្លោះប្រកែកគ្នាជាមួយអ្នកជិតខាង ទាញកាំភ្លើងអាកា បាញ់រះចំនួន៤គ្រាប់ បណ្ដាលឲ្យត្រូវជនរងគ្រោះមួយគ្រាប់។ អ្នកបាញ់ដែលជាមន្ដ្រីនគរបាល ត្រូវបានចាប់វាយខ្នោះភ្លាមៗ នៅកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងម្នាក់ បានឈ្លោះជាមួយបុរសម្នាក់ រស់នៅជិតខាងគ្នា រហូតមន្ដ្រីនគរបាលខាងលើទាញកាំភ្លើង AK47 បាញ់ចំនួន៤គ្រាប់ផ្ទួនៗ ដោយ៣គ្រាប់បាញ់ឡើងលើ និង១គ្រាប់ទៀត បាញ់ត្រូវជនរងគ្រោះបណ្ដាលឲ្យរងរបួស ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ដំបូងឡើយ មន្រ្តីនគរបាលដូចគ្នា ស្មានតែមន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងរូបនោះ ទៅយកកាំភ្លើង ដើម្បីដើរល្បាតក្នុងមូលដ្ឋានដូចសព្វដង ប៉ុន្តែមិនស្មានថា មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងយកកាំភ្លើងទៅបាញ់គូទំនាស់សោះ។
លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានប្រាប់ឲ្យដឹងថា មូលហេតុដែលនាំឲ្យមានជម្លោះនេះ គឺផ្ដើមចេញពីសត្វឆ្កែចិញ្ចឹមរបស់ជនរងគ្រោះ ធ្លាប់ខាំមន្ដ្រីនគរបាល ហើយក៏ធ្លាប់ទាស់ពាក្យសម្ដីគ្នាកាលពីពេលកន្លងទៅ។
លោកអធិការបានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ឈ្មោះ សុង វិសិដ្ឋ ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់៕ដោយ៖កូឡាប