ខេត្តព្រះសីហនុ៖ ម្តាយស្ត្រីរងគ្រោះ បានសំណូមពរដល់សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ជាពិសេសមន្ត្រីសាលាដំបូងខេត្តព្រះសីហនុ ឲ្យជួយរកយុត្តធម៌ ជូនគ្រួសារគាត់ លើករណីមានជនសង្ស័យម្នាក់ បានចាប់រំលោភកូនស្រីទើបអាយុ១៦ឆ្នាំម្នាក់ បានសម្រេច២លើក ព្រមទាំងបានធ្វើទារុណកម្មលើរាងកាយ និងគំរាមសម្លាប់កូនស្រី របស់គាត់ថែមទៀតផង។
បទល្មើសខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចអូរ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ចំពោះករណីខាងលើនេះ សមត្ថកិច្ច នៃអធិការនគរបាលក្រុងព្រះសីហនុ បញ្ជាក់ថា ជនសង្ស័យមានឈ្មោះ សុខ ភត្រា មុខរបរលក់ដូររស់នៅផ្ទះកើតហេតុខាងលើ។ រីឯក្មេងស្រីរងគ្រោះ មានឈ្មោះ ច.ស.ន អាយុ ១៦ឆ្នាំ និងមាន ស្រុកកំណើត ខេត្តបាត់ដំបង ហើយបានមកនៅក្រុងព្រះសីហនុធ្វើការងារក្នុងកាស៊ីណូមួយកន្លែង។
តាមការរៀបរាប់ របស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា រូបនាងបានស្គាល់ឈ្មោះ សុខ ភត្រា តាមរយៈម្ដាយ របស់ជនសង្ស័យ ដែលជាអ្នកលក់ដូរ ហើយរូបនាងបានទៅទិញសម្ភារៈប្រើប្រាស់នៅផ្ទះកើតហេតុ។ ក្រោយមក ស្រាប់តែត្រូវជនសង្ស័យឈ្មោះ សុខ ភត្រា ចាប់អូសដៃចូលក្នុងផ្ទះ ហើយចាប់រំលោភបានសម្រេចចំនួន២ដង កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៩ ហើយថែមទាំងបានគំរាមកំហែងនាងមិនឲ្យស្រែក ឬមិនឲ្យប្រាប់នរណាម្នាក់ឲ្យបែករឿងនេះទេ។
ស្ត្រីរងគ្រោះ បន្តថា រហូតមកដល់យប់ថ្ងៃទី៦ ខែធ្នូ ក៏ស្រាប់តែឈ្មោះ សុខ ភត្រា ត្រូវជាជនសង្ស័យរូបនេះ បានមកគំរាមឲ្យនាងឡើងជិះម៉ូតូ ហើយដឹកយកទៅផ្ទះ របស់ជនសង្ស័យម្ដងទៀត ហើយនៅពេលនោះ រូបនាង ក៏មានបំណងរត់ចេញ ប៉ុន្តែត្រូវបានជនសង្ស័យចាប់អូសចូលក្នុងផ្ទះទាញកាំបិតមកគំរាមសម្លាប់ និងបានកាត់ខោអាវលើខ្លួនប្រាណ របស់នាងអស់រួចវាយនាងឲ្យរងរបួសពេញខ្លួន។
ក្មេងស្រីរងគ្រោះ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា នៅគ្រាជនសង្ស័យវាយធ្វើបាបលើរាងកាយ រូបនាង ក៏បានស្រែកហៅឲ្យគេជួយដែរ ប៉ុន្តែនៅទីនោះមានតែម្ដាយ របស់ឈ្មោះ សុខ ភត្រា នេះទេ ហើយរូបគាត់មិនត្រឹមមិនបានជួយនាងទេ ប៉ុន្តែគាត់ថែមទាំង បានទាញទ្វារបិទមិនឲ្យរូបនាងរត់ចេញពីក្នុងផ្ទះថែមទៀតផង។
ក្មេងស្រីរងគ្រោះបន្តទៀតថា នៅយប់កើតហេតុនោះ ឈ្មោះ សុខ ភត្រា មិនទាន់បានចាប់រំលោភនាងទៀតទេ ប៉ុន្តែបានវាយនាងបណ្ដាលឲ្យរងរបួស និងគំរាមសម្លាប់។ ហើយថា នៅពេលនោះត្រូវបានមិត្តភ័ក្ដិរបស់នាង បានជួយប្ដឹងសមត្ថកិច្ច ក្រោយមកសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនឈ្មោះ សុខ ភត្រា ភ្លាមៗនោះតែម្ដង។
ទាក់ទិនបញ្ហានេះ ម្ដាយស្ត្រីរងគ្រោះបានឲ្យដឹងថា នៅពេលរូបគាត់ត្រូវបានគេប្រាប់ថា កូនស្រីត្រូវគេវាយ និងរំលោភ រូបគាត់មានការភិតភ័យជាខ្លាំង និងបានមកជួបកូន ហើយក៏ឃើញកូនស្រី មានស្នាមរបួសពេញខ្លួន និងមុខហើមមាត់ រួចរូបគាត់ក៏បាននាំកូនស្រី ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ចំពោះករណីនេះ ម្តាយក្មេងស្រីរងគ្រោះ បានសំណូមពរដល់សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការខេត្តព្រះសីហនុ ឲ្យជួយរកយុត្តិធម៌ជូនកូនស្រីគាត់ផង ព្រោះកូនស្រី របស់គាត់ ទើបតែមានអាយុ ១៦ឆ្នាំទេ។
ងាកមក លោក ភុល ភស្ដា អធិការនគរបាលក្រុងព្រះសីហនុ បានប្រាប់ព័ត៌មានថា កម្លាំងនគរបាល របស់លោកបានចុះទៅឃាត់ខ្លួន ជនសង្ស័យបានម្នាក់រួចហើយ ប៉ុន្តែលោកមិនបានទទួលពាក្យបណ្ដឹងថា មានករណីចាប់រំលោភនោះទេ គឺលោកបានទទួលត្រឹមតែពាក្យបណ្ដឹងថា ជាករណីប្រើអំពើហិង្សាតែប៉ុណ្ណោះ៕ ដោយ៖ ដែន សីមា