ភ្នំពេញ-សាលាអន្តរជាតិ Dadi- Prestige ធ្លាប់ទទួលបានជោគជ័យនៅក្នុងប្រទេសចិន ពេលនេះបានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជា ព្រមទាំងនាំមកយកនូវគ្រូជនជាតិចិន និងអង់គ្លេសជាច្រើននាក់អោយចុះមកបង្រៀនដោយផ្ទាល់ផងដែរ។
នៅក្នុងពិធីសម្ពោធបើកសាលា Dadi- Prestige នៅក្នុងប្រទេសកម្ពុជានៅជិតផ្សារបឹងកេងកង ខាងក្រោយរបងទូរទស្សន៍អប្សរា កាលពីថ្ងៃទី១១ មករា ឆ្នាំ២០១៨ លោក Kevin Lim នាយកសាលាបានថ្លែងថា Dadi-Prestige International Academy គឺស្ថាប័ន ដែលបានបង្កើតសាលាបណ្ដុះបណ្ដាលជាលក្ខណៈអន្តរជាតិ នៅក្នុងប្រទេសចិន តៃវ៉ាន់ និងបណ្ដាប្រទេសមួយចំនួនយ៉ាងជោគជ័យរួចមកហើយ កាលពីរយៈពេលប្រមាណជាង៣០ឆ្នាំ។ មកទល់ពេលនេះ ក្រុមហ៊ុនមានសាលារហូតដល់៥០០សាខានៅទូទាំងពិភពលោក ដោយបានក្លាយជាគ្រឹះស្ថានផ្ដល់ការអប់រំមួយយ៉ាងមានការពេញនិយមពីសំណាក់អាណាព្យាបាលសិស្ស។
លោកថា កម្មវិធីសំខាន់របស់ Dadi- Prestige ផ្ដោតជាពិសេសលើការបណ្ដុះកូនខ្មែរ អោយចេះស្ទាត់នូវភាសាចិន និងអង់គ្លេសតាំងពីតូចតែម្ដង ដោយក្នុងជំហានដំណើរការសាលានៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំទី១នេះ គឺសាលានឹងទទួលកូនខ្មែរចាប់ពីអាយុ១៨ខែ ដល់៥ឆ្នាំក្នុងកម្រិតមតេយ្យ ដើម្បីអោយពួកគេបានទទួលចំណេះដឹងមួយអោយមានភាសាអន្តរជាតិទាំង២ជាគ្រឹះតែម្ដង។
លោកថា កូនខ្មែរ ដែលទទួលបានការបណ្ដុះបណ្ដាលនៅក្នុងសាលាមួយនេះ ត្រឹមតែមានចំណេះដឹងផ្នែកភាសា និងយល់ពីវិទ្យាសាស្ត្រតាំងពីក្មេងប៉ុណ្ណោះទេ ប៉ុន្តែក៏ជំរុញអោយពួកគេ មានគ្រឹះផ្នែកកីឡា និងតន្ត្រីផងដែរ ដោយសារតែតម្លៃដែលតម្រូវអោយបង់ក្នុងចំនួនមួយដែលទាបជាងសាលាអន្តរជាតិផ្សេងទៀតនៅកម្ពុជានេះ គឺសាលាមានផ្ដល់អោយសិក្សាពេញមួយថ្ងៃ ផ្ដល់ទាំងអាហារ និងផ្ដល់ទាំងចំណេះដឹងផ្នែកភាសា កីឡា និងតន្ត្រីអោយព្រមគ្នាតែម្ដង។
លោកថាសាលា Dadi- Prestige ដែលបានបើកសម្ពោធនៅកម្ពុជាត្រូវបានរៀបចំតាមកម្រិតស្ដង់ដារតាំងពីបន្ទប់សិក្សា របៀបសិក្សា ការដេគ័រ និងការសាងសង់អាគារម្ល៉េះ ដើម្បីអោយសិស្សឆាប់ចេះ ហើយមិនមានការប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពក្មេងនៅពេលពួកគេមកសិក្សា។
អ្នកស្រី Jessica អ្នកគ្រប់គ្រងទូទៅសាលា Dadi- Prestige នៅកម្ពុជាបានអះអាងថា ក្រោយការបង្ហាញខ្លួននៅកម្ពុជា ប្រព័ន្ធអប់រំដ៏មានប្រសិទ្ធិភាពរបស់ក្រុមហ៊ុន DADI នឹងត្រូវបានយកមកអនុវត្តនៅកម្ពុជា។
អ្នកស្រីថាគ្រូបង្រៀនទាំងអស់សុទ្ធតែត្រូវបានធ្វើតេស្ត និងបណ្ដុះបណ្ដាលពីក្រុមហ៊ុនDADI នៅក្នុងប្រទេសចិន មុនបញ្ជូនអោយមកបង្រៀននៅកម្ពុជា អ៊ីចឹងហើយទើបលោកស្រីថាកូនសិស្សនឹងទទួលបានចំណេះដឹងច្បាស់លាស់លើផ្នែកអង់គ្លេស និងចិន ដោយសារតែគ្រូដែលជាអ្នកបណ្ដុះបណ្ដាលសុទ្ធតែជាគ្រូបរទេសហើយទទួលបានការបណ្ដុះបណ្ដាលតាំងពីសីលធម៌ និងរបៀបបង្ហាត់បង្រៀនជាងមុន៕ ដោយ-ក្រុមហ៊ុន