Wednesday, March 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​បេសកកម្ម​ស៊ី​ហ្គេម​កម្ពុជា​រាយការណ៍​ជូន​ជនរួមជាតិ​​ពី​ការប្រកួត​កីឡា​ទាំងអស់​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​

​ស៊ី​ហ្គេម​៖ នាយ​បេសកកម្ម​កីឡា​ស៊ី​ហ្គេម​របស់​កម្ពុជា លោក វ៉ា​ត់ ចំរើន បាន​ជម្រាបជូន​នូវ​របាយការណ៍​សង្ខេប​សំខាន់ៗ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន ដែល​បានបញ្ចប់​ទាំងស្រុង នៅ​យប់​ថ្ងៃទី​១០ ខែធ្នូ នៅ​ទីក្រុង​ម៉ា​និល​ថា ការប្រកួត​កីឡា ទាំងអស់​របស់​កម្ពុជា ក៏ដូចជា​ការប្រកួត​ផ្សេងៗ​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​។​

​លោក វ៉ា​ត់ ចំរើន បញ្ជាក់ជូន​ថា លទ្ធផល​ទទួល​សរុប​ចុងក្រោយ​របស់​ប្រតិភូ​កីឡា​កម្ពុជា​ក្នុងការ​ប្រកួត​កីឡា SEA Games លើក​ទី​៣០ នៅ​ហ្វីលីពីន ឆ្នាំ​២០១៩ ដោយ​ក្នុងចំណោម​៣១​ប្រភេទ​កីឡា កម្ពុជា គឺមាន​១០​ប្រភេទ​កីឡា​ដណ្តើមបាន​មេដាយ ក្នុងនោះ​មានដូចជា​៖ ប្រភេទ​កីឡា​គុន Arnis (​ក្រុម​គុន​ល្បុក្កតោ​) វិញ្ញាសា​ប្រយុទ្ធ មេដាយមាស​១, មេដាយប្រាក់​២, មេដាយ​សំរឹទ្ធ​១៧​។ ២-​កីឡា​ប៉េតង់ លើ​វិញ្ញាសា​វាយ​៣​នាក់​នារី មេដាយមាស​១ (​ស្រ៊ាង សុរ៉ា​ឃីម​, អ៊ុន ស្រី​យ៉ា​,​ឃួន យ៉ា​រី និង​ដួង ឌី​ណា​), វាយ​គូ​បុរស មេដាយប្រាក់​១​។ ៣-​កីឡា​តេ​ក្វាន់​ដូ​WT៖ មេដាយមាស​១ ដោយ​កីឡាការិនី ស៊ន សៀវ​ម៉ី​, មេដាយប្រាក់​២, មេដាយ​សំរឹទ្ធ​១​។ ៤-​កីឡា​ជឺ​ជី​តស៊ូ​៖ មេដាយមាស​១ ដោយ​កីឡាការិនី ខាន់ ចេ​សា​។ ៥-​កីឡា​សីដក់​៖ មេដាយប្រាក់​១ ជា​ក្រុម​។ ៦-​កីឡាប្រដាល់​គុន​ខ្មែរ​៖ មេដាយ​សំរឹទ្ធ​៣​។ ៧-​កីឡា Soft Tennis៖ មេដាយ​សំរឹទ្ធ​២​។ ៨-​កីឡា​ចំបាប់​៖ មេដាយ​សំរឹទ្ធ​៥​។ ៩-​កីឡាប្រដាល់សកល មេដាយ​សំរឹទ្ធ​៥​។ ១០-​កីឡាប្រដាល់ Kick Boxing មេដាយ​សំរឹទ្ធ​៣​។ ដោយឡែក​ប្រភេទ​កីឡាបាល់ទាត់​​ទោះបីជា​មិន​ដណ្តើមបាន​មេដាយ​សំរឹទ្ធ ប៉ុន្តែ​កីឡាបាល់ទាត់​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤ ដោយ​ការឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ឡើងមក​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ គឺជា​ការ​បំណែក​កំណត់ត្រា​ជា​ប្រវត្តិ សាស្ត្រ​ស៊ី​ហ្គេម រយៈពេល​៦០​ឆ្នាំ​។ ចំពោះ​មេដាយ​សរុប​ដែល​កម្ពុជា​ទទួលបាន គឺមាន​ចំនួន​៤៦ ក្នុងនោះ​មេដាយមាស​៤ ប្រាក់​៦ និង សំរឹទ្ធ​៣៦ ដោយ​កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​៨ ក្នុងចំណោម​១១​ប្រទេស​។​

​នាយ​បេសកកម្ម​បន្ថែមទៀតថា ការ​ចេញមក​បំពេញបេសកកម្ម​ជា​ប្រ​វ​តិ្ត​សាស្ត្រ​ស៊ី​ហ្គេម ឆ្នាំ​២០១៩​នេះ​ទទួលបាន​ការយកចិត្ត​ដ៏​ខ្ពស់​ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ការគាំទ្រ​ពី​ប្រជាពលរដ្ឋ ជាពិសេស​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ក៏​ទទួលបាន​ការគាំទ្រ​យ៉ាង​ផុលផុស​ខ្លាំង​ដែរ ដែល​នេះ​ជាការ​ផ្តល់​កម្លាំងចិត្ត​ដល់​ក្រុម​ប្រ​ភិ​ភូ​កីឡា​កម្ពុជា​ក្នុងការ​បង្កើន​ការខិតខំ​យ៉ាង​អស់ពី​សមត្ថភាព​ដណ្តើម​មេដាយ​ជូន​ជាតិ​។ អ្វីដែល​សំខាន់បំផុត នៃ​ស៊ី​ហ្គេម ឆ្នាំនេះ គឺ​ការប្រកួត​មាន​ភាពស្វិតស្វាញ​ខ្លាំងណាស់ ដោយ​ទម្រាំ​តែ​ឈ្នះ​មេដាយ​នីមួយៗ​មានការ​លំបាក​ខ្លាំង ដែល​តាម​ការពិនិត្យ​ជាក់ស្តែង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ​មាន​កម្រិត​បច្ចេកទេស​ប្រកៀក​ប្រកិត​គ្នា ដោយ​មិនមាន​ភាព​ដាច់​ឆ្ងាយ​ពីគ្នា​ពេក​ទេ ដែល​សូម្បីតែ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​មេដាយមាស​មួយចំនួន គឺ​ឈ្នះ​ដោយ​ពិន្ទុ ឬ​ខ្លះទៀត​មិនបាន​ឈ្នះ​ពិន្ទុ​ផង ដោយ​គ្រាន់តែ​ឈ្នះ​ដោយ​ភាព​មានប្រៀប​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ឯកឧត្តម​បាន​វាយតម្លៃ​ជារួម​នូវ​ការ​ដណ្តើមបាន​មេដាយ​នេះ គឺ​បាន​កើតឡើង​ដោយ​ការខិតខំ​អស់ពី​សមត្ថភាព​ពិតប្រាកដ ដោយ​ជ័យលាភី​ទាំងនោះ​បានបង្ហាញ​ចេញ​នូវ​ឆន្ទៈ​នៃ​ការប្រឹងប្រែង​ផងដែរ​។​

​លោក​វ៉ា​ត់ ចំរើន ថ្លែងថា ថ្វីត្បិតតែ​កម្ពុជា​ដណ្តើមបាន​មេដាយ​ច្រើនជាង​ស៊ី​ហ្គេម លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី ឆ្នាំ​២០១៧ ក៏ពិតមែន ប៉ុន្តែ​មេដាយមាស​៤​នេះ គឺ​មិនទាន់​ឆ្លើយតប​ទៅនឹង​មហិច្ឆតា​របស់​យើង ដែល​គ្រោងទុក​ថា​នឹង​ដណ្តើម​ឲ្យ​បាន​មេដាយមាស​១០​គ្រឿង​នោះទេ ដែល​ប្រភេទ​កីឡា​សក្តានុពល​របស់​ក​ម្ពុ​ជាមួយ​ចំនួន​មិនបាន​ទទួល​មេដាយមាស​ឡើយ​។ ការដាក់​គោលដៅ​នេះ គឺ​ដោយសារតែ​ព្រះរាជាណាចក្រ​កម្ពុជា​ស្ថិតនៅក្នុង​បេសកកម្ម​ដ៏​ធំចម្បង​របស់ខ្លួន ក្នុងការ​សម្រួច​គោលដៅ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ខាងមុខ ដោយ​កម្ពុជា​នៅសល់តែ ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​វៀតណាម​ម្តងទៀត​ទេ គឺ​ដល់​ការរៀបចំ​របស់​កម្ពុជា​យើង​ហើយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×