ខេត្តស្វាយរៀងៈ លោក រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្តនិងលោក សុខ រស់ អភិបាលរងខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាគណ:អធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅបរិវេណសាលាស្រុករមាសហែក ខេត្តស្វាយរៀង។
វេទិកានេះមានការអញ្ជើញចូលរួមពីលោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្ត លោក លោកស្រីគណៈអភិបាលស្រុករមាសហែក លោក លោកស្រីក្រុមប្រឹក្សាស្រុក លោក លោកស្រីប្រធាន អនុប្រធានទីចាត់ការ អង្គភាពនានាចំណុះសាលាខេត្ត មន្រ្តីសាលាខេត្ត សាលាស្រុក កងកម្លាំងទាំង៣ លោក លោកស្រីក្រុមប្រឹក្សាឃុំលោក លោកស្រីមេភូមិនានា និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន៣៦៤នាក់ ស្រី៦៤នាក់ ។
លោក សុខ រស់ អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងពីវឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើនរបស់ខេត្តស្វាយរៀងរួមមាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយជូនប្រជាពលរដ្ឋទាន់ពេលវេលា។
លោក រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងថា សំណួរ និងសំណូមពរមួយចំនួនរបស់អាជ្ញាមូលដ្ឋាន និងប្រជាពលរដ្ឋ អង្គភាពជំនាញពាក់ព័ន្ធបានធ្វើការបំភ្លឺ និងដោះស្រាយជូនរួចហើយ ប៉ុន្តែនៅមានសំណួរ និងសំណូមពរមួយចំនួនទៀតមិនទាន់បានបំភ្លឺ និងដោះស្រាយជូននៅពេលក្រោយ។ ដូច្នេះក្នុងនាមក្រុមប្រឹក្សាខេត្តស្វាយរៀង នឹងយកសំណួរ និងសំណូមពរដែលនៅសេសសល់ទៅដាក់ជូនគណៈអភិបាលខេត្ត ដើម្បីពិនិត្យនិងដោះស្រាយ ព្រមទាំងផ្ដល់នូវព័ត៌មានត្រឡប់ជូនលោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋវិញតាមរយៈក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ជូនជ្រាបជាក្រោយ នៅពេលដែលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅតាមក្រុង ស្រុក នៃខេត្តស្វាយរៀង ត្រូវបានបញ្ចប់ និងធានារាល់មតិយោបល់ សំណួរ សំណូមពរទាំងអស់នឹងយកមកពិនិត្យ និងពិចារណាជាអាទិភាព ក្នុងការដាក់បញ្ចូលទៅក្នុងគម្រោងផែនការអភិវឌ្ឍន៍របស់ខេត្ត ដើម្បីធានាការផ្ដល់សេវាសាធារណៈ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕ដោយ៖ វ៉ៃកូ