ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានជួលរថយន្ត ជិះពីបាត់ដំបង មកភ្នំពេញ ដើម្បីយកសាច់ញាតិចុះពីយន្តហោះ ពេលមកដល់ភ្នំពេញ បានធ្វើសកម្មភាព ប្លន់ដោយយកខ្សែលួសរឹតកសម្លាប់តៃកុងរថយន្ត តែមិនបានសម្រេច ព្រោះតៃកុងរថយន្ត ភ្ញាក់ដឹងខ្លួនរើបម្រាស់ប្រវាយប្រតប់ជាមួយជនល្មើស នៅវេលា ម៉ោង២និង២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ចំណុច មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យ ល្បិចខ្ពស់ ដោយបានជួលរថយន្តជនរងគ្រោះជិះពីបាត់ដំបងមកភ្នំពេញ រយៈពេល៣ថ្ងៃដោយប្រាប់ថាមកទទួលបងប្អូនមកពីបរទេស ហើយមកដល់ភ្នំពេញម៉ោង៩ យប់ ជនរងគ្រោះបានឈប់រថយន្តរងចាំ ហើយសម្រាកក្នុងឡាន ដោយឡែកក្រុមជនសង្ស័យក្នុងរថយន្តនោះដែរ មួយសន្ទុះ ជនរងគ្រោះក៏បានសួរនាំក្រុមជនសង្ស័យថា កាលណាបានចេញមក។ ជនសង្ស័យប្រាប់ទៅវិញ ថាបងប្អូនគាត់ប្តូរជើង ប្តូរម៉ោង អាចនិងយឺតបន្តិច ។ ឮដូច្នេះគាត់ក៏ សម្រាកបន្ត បានបន្តិច ស្រាប់តែជនសង្ស័យ យកលួសសរសៃមករឹតក គាត់ ប៉ុន្តែគាត់ដឹងទាន់ក៏យកដៃ ចាប់ទាញលួសនោះ ទាំងប្រវាយប្រតប់គ្នា ហើយជនដៃដល់បាន យកឈើ មកចាក់ភ្នែកគាត់ បណ្តាលឲ្យរងបួស ហើយជនរងគ្រោះបាន ស្រែកឆោឡោ ទើបផ្អើលដល់សមត្ថកិច្ចនិងប្រជាជន ហើយជនសង្ស័យបាននាំគ្នា រត់គេចខ្លួនអស់ ដោយឡែកពេលនេះសមត្ថកិច្ចកំពុងស្រាវតាមចាប់ តាមនីតិវិធី ។
ជនរងគ្រោះមានឈ្មោះ មុំ សាន ភេទប្រុស អាយុ៤៣ឆ្នាំមុខរត់ឡានតាក់ស៊ី មានស្រុកកំណើត ភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង ម្ចាស់រថយន្ត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង2A-7909 រីឯជនសង្ស័យ បានរត់គេចខ្លួនបាត់ ។
ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនសង្ស័យបានជួលរថយន្តរបស់គាត់ ឲ្យដឹកមកភ្នំពេញ ក្នុងមួយថ្ងៃ តម្លៃ80ដុល្លារ ជួលរយៈពេល3ថ្ងៃ បើកចេញពីបាត់ដំបង មកយកបងប្អូន នៅព្រលានយន្តហោះ ខណៈមកដល់ព្រលានយន្តហោះ នៅវេលាម៉ោង ៩យប់ជនសង្ស័យបានចុះពីលើរថយន្ត ដើរចូលព្រលានយន្តហោះ រយៈពេលប្រហែល១ម៉ោងទើបត្រឡប់មកវិញ ហើយក៏ប្រាប់ទៅជនរងថា បងប្អូនរបស់គេ ខកជើងយន្តហោះប្រហែលជាម៉ោង១១យប់ អាចនឹងចុះមកដល់ ។ ដោយការរង់ចាំយូរ គាត់ក៏បានសម្ងំដេក នៅលើកៅអីរថយន្តខាងមុខ ហើយជនសង្ស័យ ក៏ធ្វើជាដេកដែរ បន្ទាប់មកស្រាប់តែយកខ្សែលួស ដែលចងឈើខ្លីពីកំណាត់ យកមករឹតកគាត់ ទាញទៅខាងក្រោយ ទើបគាត់ដឹងខ្លួនក៏យកដៃចាប់ខ្សែលួសជាប់ ហើយប្រវាយប្រតប់គ្នា ហើយជនសង្ស័យ បានយកឈើពីកំណាត់ មកបុកចំភ្នែករបស់គាត់រងរបួស គាត់ក៏បានបើកទ្វារ ស្រែកឲ្យគេជួយ ទើបជនសង្ស័យឆក់យកទូរស័ព្ទគាត់ រត់ចេញពីរថយន្តបាត់ ៕ ដោយ៖កូឡាប