ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ប៉ុល សារិទ្ធ និងលោក ប៊ូ សំអូន ជាអភិបាលរង នៃគណៈអភិបាលស្រុកស្វាយជ្រំ និងប្រកាសប្រគល់ភារកិច្ចលោក សុខ សារ៉ូត ជានាយករដ្ឋបាលសាលាស្រុក។
អញ្ជើញចូលរួមក្នុងពិធីនេះមាន លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានមន្ទីរ-អង្គភាព លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោក លោកស្រីជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក និងការិយាល័យនានាជុំវិញស្រុក មេឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១៦ឃុំ តំណាងអង្គការ សង្គមស៊ីវិល វិស័យឯកជន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
លោកអភិបាលខេត្តបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងស្រុក នាពេលកន្លងមក បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាព ក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ រួមមាន ការអភិវឌ្ឍ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ។
លោកអភិបាលខេត្តបានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួនដូចជា៖ បន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ។ ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។ គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។ ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការរបស់ស្រុក។ បង្កើនការសហការក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសងជាដើម។ ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងដីរដ្ឋ និងទប់ស្កាត់ចំពោះការរំលោភយកដីចំណីផ្លូវសាធារណៈជាដើម។ បង្កើនការសហការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យឲ្យបានល្អនៅក្នុងស្រុក ជាពិសេសនៅតាមទីប្រជុំជនស្រុក និងនៅតាមដងផ្លូវសាធារណៈនានា។ ខិតខំរួមសហការសាមគ្គីភាពអភិវឌ្ឍន៍ស្រុក ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ ត្រូវចុះដោះស្រាយបញ្ហានានា ឆ្លើយតបនឹងសេចក្ដីត្រូវការពិតប្រាកដ និងជាក់ស្ដែងរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន ៕ដោយ៖ វ៉ៃកូ