ភ្នំពេញ៖ ម្ដាយកម្មករអូសរទេះ ដែលសមត្ថកិច្ចប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនដកហូតបានថ្នាំញៀន ២០ គីឡូក្រាម កាលពីថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ២និង២២ នាទី រសៀល នៅចំណុចដំណាក់សេមាន់ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានចេញវីដេអូ សុំឲ្យថ្នាក់ដឹកនាំពិចារណា ស៊ើបអង្កេតរឿងកូនគាត់ឲ្យបានច្បាស់លាស់ ព្រោះកូនគាត់មិនមែនជាមេខ្លោងគ្រឿងញៀន ដូចសមត្ថកិច្ចអះអាងនោះទេ ។ សមត្ថកិច្ចប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងសមត្ថកិច្ចនគរបាលខេត្តព្រះវិហារ បានចោទកម្មករអូសរទេះជាមេខ្លោងជួញដូរគ្រឿងញៀនដ៏ធំ ប្រចាំខេត្តព្រះវិហារ។
បើតាមការផ្សាយរបស់ផេកហ្វេសប៊ុកផ្លូវការ លោកផែង វណ្ណៈ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះថា សមត្ថកិច្ចកំពុងតាមប្រម៉ាញ់ម្ចាស់គ្រឿងញៀន ២០ គីឡូក្រាម ដែលបានប្រើកម្មករអូសរទេះនៅច្រកអានសេះ ឲ្យដឹកជញ្ជូនឲ្យ ។
ម្ចាស់ម្ចាស់គ្រឿងញៀន ២០ គីឡូក្រាម នោះត្រូវបានគេស្គាល់ថាមានឈ្មោះ អ៊ុង អយ ជាមន្ត្រីនគរបាលព្រំដែននៅប្រាសាទព្រះវិហារ ។ ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ។
កម្មករអូសរទេះឈ្មោះ ពិន ទិត្យា ហៅ ខួច អាយុ ២២ ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅចំណុចដំណាក់សេមាន់ ភូមិអានសេះ ឃុំ ជាំក្សាន្ត ស្រុក ជាំក្សាន្ត ខេត្ត ព្រះវិហារ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដកហូតគ្រឿងញៀនបាន ២០ គីឡូក្រាម ។ សមត្ថកិច្ចបានចោទកម្មករអូសរទេះនោះថា ជាមេខ្លោងគ្រឿងញៀនញៀន ២០ គីឡូក្រាម ។
ប៉ុន្តែនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៩ លោកស្រី សៀង ចាន់ថា ម្ដាយរបស់កម្មករអូសរទេះ បានឲ្យដឹងថា កូនលោកស្រីមិនមែនជាមេខ្លោងគ្រឿងញៀនដូចសមត្ថកិច្ចចោទនោះទេ ។ កូនគាត់ជាកម្មករអូសរទេះ នៅច្រកអានសេះយូរហើយ ។ នៅថ្ងៃកើតហេតុឈ្មោះ អ៊ុង អយ បានជួលកូនលោកស្រីឲ្យដឹកទំនិញឲ្យដោយប្រាប់កូនលោកស្រីថា ជាខោអាវក្នុងតម្លៃ ៥ម៉ឺនរៀល ។ លោកស្រីបានសំណូមពរឲ្យសមត្ថកិច្ច និងថ្នាក់ដឹកនាំ ស្រាវជ្រាវឲ្យបានច្បាស់លាស់ដើម្បីចាប់មេខ្លោងគ្រឿងញៀនពិតប្រាកដ យកមកផ្ដន្ទាទោសតាមច្បាប់ ។
លោកស្រី សៀង ចាន់ថា មាននិយាយថា ពេលសមត្ថកិច្ចចាប់ខ្លួនកូនគាត់ ឈ្មោះ អ៊ុង អយ ក៏នៅក្នុងហេតុការណ៍នោះដែរ ហេតុអ្វីបានជាសមត្ថកិច្ចមិនចាប់ខ្លួន អ៊ុង អយ នៅពេលនោះ ។
សង្ឃឹមថា សមត្ថកិច្ច និង តុលាការ នឹងស្រាវជ្រាវករណីនេះដោយយកចិត្តទុកដាក់ ដើម្បីស្វែងរកម្ចាស់គ្រឿងញៀន ២០ គីឡូក្រាម ពិតប្រាកដយកមកផ្ដន្ទាទោសតាមច្បាប់ ។
លោកផែង វណ្ណៈ បញ្ជាក់ថា មើលមុខមេខ្លោងជួញដូរគ្រឿងញៀនម្ដង ២០ គីឡូក្រាម ដែលសមត្ថកិច្ចចាប់ខ្លួន បាននៅខេត្តព្រះវិហារ ។
បងប្អូនជឿអត់ ? បើខ្ញុំវិញថា ជាអ្នកកាន់គ្រឿងញៀនឲ្យមេខ្លោងត្រូវជាង ។ សាច់ឈាមនេះគ្មានលទ្ធភាពទិញថ្នាំញៀនម្ដង ២០ គីឡូក្រាម ដែលមានតម្លៃរាប់លានដុល្លារទេ ។ តែបើសមត្ថកិច្ចថាជាមេខ្លោងហើយ នាំគ្នាជឿទៅ ឆាប់ចប់ ។
មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា អនុវត្តតាមបញ្ជា លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
លោក នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និង លោក ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាកម្លាំង ជំនាញមួយក្រុម ចុះស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន នៅភូមិសាស្រ្តខេត្តខេត្តព្រះវិហារ ។
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៤និង២២ នាទី កម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រី អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោក វរសេនីយ៍ទោ ជា សំអឿន នាយរងការិយាល័យ ក១ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សម្របសម្រួលដោយពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន (ពីថៃមកកម្ពុជាឆ្លងកាត់តាមច្រកអានសេះ) នៅចំណុច ដំណាក់សេមាន់ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លទ្ធផល ៖ ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ពិន និស្សា ហៅខូច ភេទប្រុស ជនជាតិខ្មែរ អាយុ ២៤ឆ្នាំ រឹបអូសវត្ថុតាង សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ២០ដុំធំ ស្មើទម្ងន់ប្រមាណ ២០ គីឡូក្រាម ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បន្តទៅតុលាការតាមនីតិវិធី ៕ដោយ៖កូឡាប