ភ្នំពេញ៖ ការឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រី មានផ្ទៃពោះ និងកុមារក្រីក្រអាយុក្រោម២ឆ្នាំនឹងចាប់អនុវត្ត ពីដើមខែមករាឆ្នាំ២០២០នេះតទៅ ហើយដើម្បីសម្រួលដល់ការងារនេះឲ្យបាន ល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចប្រគល់ Tablets ចំនួន១០៥គ្រឿង ឲ្យទៅក្រុមប្រឹក្សាសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ យកទៅប្រើប្រាស់ជាប្រយោង ក្នុងការអនុវត្តគម្រោងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ឲ្យមានប្រសិទ្ធភាព។
ពិធីប្រគល់និងទទួលនេះបានឡើង នាព្រឹកថ្ងៃទី៣០ធ្នូ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីសង្កាត់ទាំង១០៥។
លោកស្រីមុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ផ្អែកតាមក្របខ័ណ្ឌគោលនយោបាយ ជាតិគាំពារង្គម២០១៦-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញឲ្យអនុវត្ត នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ ឆ្នាំក្នុងគ្រួសារក្រីក្រ ក្នុងគោលបំណងអភិវឌ្ឍន៍ធនធានមនុស្ស ចាប់តាំងពីទារកចាប់កំណើត ក្នុងផ្ទៃមាតារហូតដល់អាយុក្រោម២ឆ្នាំ ព្រមទាំងដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារក ជួយដោះស្រាយបញ្ហាកង្វះអាហាររូបត្ថម្ភ និងដើម្បីជំរុញការលូតលាស់ ទាំងផ្នែកកាយសម្បទា និងបញ្ញាស្មារតីឲ្យដល់ទារក កុមារ ជួយលើកម្ពស់ជីវភាពស្ត្រីមានផ្ទៃពោះក្រីក្រ នៅតាមមូលដ្ឋានទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ដែលបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីនោះបានថ្លែងថា ការកសាងសមត្ថភាពមន្ត្រីអនុវត្តកម្មវិធី ជាពិសេសមន្ត្រីរដ្ឋបាលសង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈជាកិច្ចការបន្ទាន់ និងមិនអាចខ្វះបានក្នុងការកំណត់ ភាពជោគជ័យនៃការអនុវត្តកម្មវិធី។ ដើម្បីសម្រេចកិច្ចការនេះ រដ្ឋបាលរាជធានីភ្នំពេញសូមឲ្យលោក លោកស្រី អាជ្ញាធរជំនាញពាក់ព័ន្ធធ្វើយ៉ាងណាអនុវត្តកម្មវិធី ឲ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមខ្លឹមសារដូចមានចែង ក្នុងសៀវភៅប្រតិបត្តិគោលស្ដីពីការឧបត្ថម្ភ សាច់ប្រាក់ជូនស្ដ្រី មានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ចាប់ពីដើមខែមករា ឆ្នាំ២០២០នេះតទៅ៕ដោយ៖កូឡាប