Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពី​យប់​រំលង​អា​ធ្រា​ត ថ្ងៃទី​៣១ ខែធ្នូ ល្បែង​អន​ឡាញ​គ្រប់​ប្រភេទ​នឹង​ចាប់ផ្តើម​បិទ​

​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៩​នេះ នៅ​ក្រសួងមហាផ្ទៃ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ ស្តីពី​ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាមរយៈ​អ៊ិន​ធឺ​ណេ​ត​អន​ឡាញ​ក្នុង និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ពិធី​នេះ ក៏មាន​ការចូលរួម​ពី តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, អភិបាលរង​រាជធានី​-​ខេត្ត​, ស្នងការ ស្នងការរង​រាជធានី​-​ខេត្ត​, ប្រធាន​-​តំណាង​ក្រុមហ៊ុន​កាស៊ីណូ​ទាំងអស់ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មានប្រសាសន៍​សង្កត់ធ្ងន់​ចំនួន ២​ចំណុច ៖ ១.​ចាប់ពី​យប់​រំលង​អា​ធ្រា​ត ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​នេះ ល្បែង​អន​ឡាញ​គ្រប់​ប្រភេទ​នឹង​ចាប់ផ្តើម​បិទ​មិន​ឲ្យ​មាន​តទៅទៀត​នោះឡើយ ២.​រាជរដ្ឋាភិបាល​បានសម្រេច​មិន​អនុញ្ញាត​ឲ្យ​មាន​ល្បែង​អន​ឡាញ​បន្តទៀត​ទេ ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ ទៅ​កម្ពុជា​បញ្ចប់​ទាំងស្រុង​នូវ​ល្បែង​អន​ឡាញ​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន មានប្រសាសន៍​ទៀតថា ក្នុង​ស្មារតី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​, លោក​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​មិ​ច្ច និង​ហិរញ្ញវត្ថុ និង​ក្រុម​នាម​គណៈកម្មការ​បង្ក្រាប​ល្បែង​អន​ឡាញ ស្នើ​ឲ្យ​គ្រប់​បណ្តា​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​កាស៊ីណូ​ទាំងអស់​យក​ស្មារតី​សារាចរ​ណែនាំ​នេះ ដើម្បី​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ លោក​អគ្គស្នងការ​នគ​របាល​ជាតិ បញ្ជាក់ថា មាន​បុគ្គល​ខ្លះ និង​ក្រុមខ្លះ​ដើរ​បោក​បញ្ឆោត​ថា សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​មិន​ពិត ហើយ​ធានាថា​អាច​បើក​នៅ​កន្លែង​នេះ កន្លែង​នោះបាន ប៉ុន្តែ​ទាំងនេះ គឺជា​ឧបាយកល និង​សកម្មភាព​របស់​ជន​ទុច្ចរិត ដែល​ធ្វើឡើង​ក្នុងន័យ​បោក​បញ្ឆោត ជារួម​យើង​ត្រូវ​បញ្ចប់​ល្បែង​អន​ឡាញ​នេះ​ទាំងស្រុង ពិសេស​គ្មាន​បុគ្គល​ណា គ្មាន​អង្គភាព​ណា​ដែល​បំពាន​លើ​ស្មារតី​សារាចរ​ណែនាំ​នេះ​ទេ​។​

​លោក​អគ្គស្នងការ​នគ​របាល​ជាតិ ក៏បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​គណៈកម្មការ​បង្ក្រាប​ល្បែង អាជ្ញាធរ​ដែនដី​ទាំងអស់ សហការ​ល្អជា​មួយ​បណ្តា​ក្រុមហ៊ុន​ទាំងអស់ និង​លើកទឹកចិត្ត​ឲ្យ​អនុវត្ត​ខ្លឹម​សារាចរ​ណែនាំ​ឲ្យ​បាន ជៀសវាង​មាន​កន្លែង​ខ្លះ បុគ្គល​ខ្លះ លួចលាក់​បើក ហើយ​បើសិនជា​សមត្ថកិច្ច​រក​ឃើញ​នឹង​អនុវត្ត​ច្បាប់​ជា​ធរមាន​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បន្តថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ធ្វើ​ឲ្យ​ប្រទេសជាតិ​រីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យសេដ្ឋកិច្ច​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិស័យសេដ្ឋកិច្ច​មានកំ​ណើ​ន​ក្នុង​រង្វង់​ប្រមាណ​ជាង​៧​ភាគរយ ប៉ុន្តែ​ការរីកចម្រើន​របស់​ក​ម្ពុ​ជា ក៏​មិនអាច​កាត់ផ្តាច់​បាន​ពី​វិស័យ​ឯកជន ដែល​កន្លងមក​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​។ ដូច្នេះ​គ្រប់​បណ្តា​ក្រុមហ៊ុន​ទាំងអស់​ត្រូវ​រួមសហការ​គ្នា​អនុវត្ត​ខ្លឹមសារ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធ​ខ្ពស់ ដោយ​ឈរលើ​គោលការណ៍​គោរព​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​។​

​លោក​អគ្គស្នងការ​នគ​របាល​ជាតិ បន្តទៀតថា គណៈកម្មការ​បង្ក្រាប​ល្បែង​អន​ឡាញ​ត្រូវមាន​កន្លែង​ប្រចាំការ ជាក់ស្តែង​ដូច​នៅ​ខេត្ត​ព្រះសីហនុ ហើយ​បណ្តា​ខេត្ត​ផ្សេង​បើ​មិនទាន់មាន សូម​ឲ្យ​រដ្ឋបាលខេត្ត​ទទួល​នៅ​របាយការណ៍ ហើយ​នៅពេល​ក្រោយនេះ គណៈកម្មការ​បង្ក្រាប​ល្បែង​អន​ឡាញ​នឹងមាន Hotline ដើម្បី​ទំនាក់ទំនង​គ្នា​រវាង​សមត្ថកិច្ច និង​ក្រុមហ៊ុន​៕ ដោយ​៖​កូ​ឡាប​

×