Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ល្បី​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៩ ត្រូវបាន​បញ្ចប់​នៅត្រឹម​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​

ភ្នំពេញ​៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១​មករា​នេះ បាន​ផ្សាយ​ព័ត៌មាន​ថា នៅ​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​នេះ តុលាការ​បានសម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ម្នាក់ ឈ្មោះ ស៊ិន សុផល ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ដាក់ពន្ធនាគារ អស់​មួយជីវិត ពីបទ​ឃាតកម្ម​គិតទុក​មុន តាម​មាត្រា ២០០​នៃ​ក្រមព្រហ្មទណ្ឌ​និង សង​សំណង​រដ្ឋប្បវេណី​ទៅ​ឲ្យ​គ្រួសារ​ជនរងគ្រោះ ១២០​លាន​រៀល ដែល​ជនជាប់ចោទ​រូបនេះ បានសម្លាប់​ជនរងគ្រោះ ឈ្មោះ គឹម យ៉ានា​ង នៅ​ចំណុច​ផ្ទះ​លេខ​៤០Eo ផ្លូវ​១៥៤ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩ និង​បាន​កាត់​សាកសព ជនរងគ្រោះ​ជា​បំណែកៗ​(​កាត់​ដៃ កាត់​ជើង កាត់​ក្បាល វះ​ពោះ ពុះ​ឆ្អឹងជំនី ព្រលះ​យក​សាច់​) ច្រក​ដាក់​ស្បោង​ខ្មៅ យកទៅ​បោះចោល​មួយថ្ងៃ​បន្តិចៗ នៅតាម​គំនរ​សំរាម​និង​នៅក្នុង​ទន្លេ គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ មាន​ក្មេងស្រី​ម្នាក់ បាន​កាន់​រូបថត​ម្តាយ ដើរ​សួរ​គេឯង​តាមផ្លូវ​ទាំងយប់ ជាច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​អំពាវនាវ​សុំ​ឲ្យ​អ្នកសារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​រក​ម្តាយ​ខ្លួន បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​គេឯង ផ្តោត​ការចាប់អារម្មណ៍ និង អាណិតអាសូរ​ក្មេងស្រី​នោះ​គ្រប់គ្នា​។ ដំណឹង​សួររក​ម្តាយ​នេះ បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ ដល់​សមត្ថកិច្ច​អាវុធហត្ថ​ភ្នំពេញ​ដុតដៃដុតជើង ចេញ​ស្រាវជ្រាវ​ជួយ​តាមរក​ជនរងគ្រោះ​ដែល​បាត់​ខ្លួន​នោះ រហូតដល់​យប់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ អាវុធហត្ថ​ខណ្ឌដូនពេញ ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​កំណត់​អង្គហេតុ​នៃ​ករណី​បាត់​ខ្លួន​ខាងលើ សង្ស័យ​ជា​រឿង​ឃាតកម្ម និង​បានកំណត់​អត្តសញ្ញាណ​ជនសង្ស័យ ឈានទៅ បំបែកសំណុំរឿង ឃាត់ខ្លួន​ជនសង្ស័យ​មក​សួរនាំ រហូត​ជនសង្ស័យ​ព្រម​សារភាព​ទទួលកំហុស​។

​ជនសង្ស័យ មានមុខ​របរ លក់​អាហារ​អឺរ៉ុប យីហោ ដឹ​រេ​ដ​ហ្គោ​របារ នៅផ្ទះ​លេខ ៤០Eo ផ្លូវ​១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មាន​ស្រុកកំណើត ភូមិ​តា​ព្រហ្ម ឃុំ​ព្រែក​ឯង ស្រុក​គៀនស្វាយ ខេត្តកណ្តាល ត្រូវបាន មហាជន​ចាត់ទុកថា ជា​មនុស្ស​ឈាម​ត្រជាក់ សាហាវ ឃោរឃៅ ប្រចាំឆ្នាំ​២០១៩ ព្រោះតែ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​វែកមុខ​ឲ្យ​ឃើញថា សកម្មភាពរ​បស់ជនស​ង្ស័​យ បានសម្លាប់​និង​បាន​កាត់​សាកសព​ជា​បំណែកៗ បោះ​ចូល​ទន្លេ យ៉ាង​រំភើយ​ដោយ​គ្មាន​ការតក់ស្លុត​អ្វី​បន្តិច​សោះ ទៅលើ​សព​ជនរងគ្រោះ ដែលមាន​មុខរបរ​ជា​ម្ចាស់​ហាង​អ៊ុតសក់​ក្នុង​ផ្សារ​ចាស់ មេម៉ាយ​កូន​មួយ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ទួល​សង្កែ មាន​ស្រុកកំណើត​នៅ ភូមិ​ចា​ថ្មី ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​(​អតីត​ខេត្តបាត់ដំបង​)​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​សូម្បីតែ​ជីវិត​ផ្ទាល់ខ្លួន របស់​ជនសង្ស័យ​ក៏​គេ​ចាត់ទុកថា​ធម្មតា​ដែរ គឺមាន​ប្តី​ដល់​ទៅ​៦​នាក់ (​ប្តី​ទី​១​មានកូន​១ ទី​២​មានកូន​២ ទី​៣​មានកូន​១ ទាំង​៣​នាក់​ដំបូង​នេះ​ជា​ប្តី​ជនជាតិខ្មែរ ឯ​ប្តី​ទី​៤​មានកូន​១ ប្តី​ទី​៥​គ្មាន​កូន និង​ទី​៦​គ្មាន​កូន ទាំង​៣​នាក់​ក្រោយនេះ គឺជា​ប្តី​ជនជាតិ​បរទេស​)​។

​តាម​ការបញ្ជាក់​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​ឈានទៅដល់​អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅ​នេះ គឺ​ផ្តើមចេញពី​ជនរងគ្រោះ បាន​ទារលុយ ដែល​ខ្លួន​បាន​ជំពាក់ ចំនួន​700$ តែ​ខ្លួន​ប្រកែក​សុំ​សង​តែ​350$​ប៉ុណ្ណោះ ហើយ​ជនរងគ្រោះ​មិន​ព្រម និង​បាន គម្រាមថា បើ​មិន​សងលុយ​គ្រប់​ចំនួន​ទេ គេ​នឹង​ប្រាប់​ម្ចាស់បំណុល​ផ្សេងៗ​អោយ​ស្គាល់​ផ្ទះ ដើម្បី​ទារលុយ ព្រមៗ​គ្នា (​ព្រោះ​ជនសង្ស័យ​ជំពាក់​លុយ​គេ​ច្រើន​)​។ ពេល​និយាយ​គម្រាម​រួចហើយ ជនរងគ្រោះ​ក៏​ដើរចូល​បន្ទប់ទឹក ដោយ​ឃើញ​ឱកាសល្អ និង​ឋិត​ក្នុងការ​ព្រួយបារម្ភ​ថា ជនរងគ្រោះ​នឹង​ផ្សព្វ​ផ្សាយដំណឹង ដែល​ខ្លួន​ជំពាក់​លុយ​គេ​ច្រើន​នេះ ឲ្យ​លឺ​ដល់​ប្តី​របស់ខ្លួន ជនសង្ស័យ​ក៏បាន​ដើរ ទៅតាម​ក្រោយ ជនរងគ្រោះ យកដៃ​ស្តាំ​ច្របាច់ក ហើយ​យក​ម្រាមដៃ​ឆ្វេង​រុក​ច្រមុះ​អោយ​ថប់ដង្ហើម រហូតដល់​ជនរងគ្រោះ​សន្លប់ បាត់ស្មារតី ទើប​ជនសង្ស័យ​យក​ក្រ​ម៉ា រឹក​មាត់ ចងដៃ ចងជើង ទុក​ក្នុង​បន្ទប់ដេក​រហូត​ដាច់ខ្យល់​ស្លាប់ ហើយ​យក​សព​ដាក់ចូល​ទូរ​ក្លាស្សេ​ឱ្យ​កក រហូតដល់​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ ពេល​កូនៗ​មិន​នៅផ្ទះ ជនសង្ស័យ​បានដាក់​ថ្នាំង​ង៉ុ​យ​ដេក​ក្នុង​ទឹកតែ ឲ្យ​ប្តី​ដែលជា​ជនជាតិ​អាមេរិកកាំង​ផឹក រហូត​ប្តី​ទន់ដៃទន់ជើង​ឡើងទៅ​ដេកលក់​ស្ងាត់ ទើប​ជនសង្ស័យ យក​កាំបិត មក​កាត់​សាកសព ជនរងគ្រោះ​ជា​បំណែកៗ​(​កាត់​ដៃ កាត់​ជើង កាត់​ក្បាល វះ​ពោះ ពុះ​ឆ្អឹងជំនីរ ព្រលះ​យក​សាច់​) ច្រក​ដាក់​ស្បោង​ខ្មៅ យកទៅ​បោះចោល​មួយថ្ងៃ​បន្តិចៗ នៅតាម​គំនរ​សំរាម​និង​នៅក្នុង​ទន្លេ​តែម្តង ទម្រាំ​តែ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​រកមុខ​ឃាតករ​ឃើញ គឺ​ប្រើពេល​បាន​ប្រើពេល​រហូតដល់​ទៅ​១​សប្តាហ៍​៕​ដោយ​៖​កូ​ឡាប​

×