ខេត្តមណ្ឌលគិរី៖ ជើងខ្លាំងជួញដូរឈើយ៉ាងសកម្មនៅស្រុកកែវសីមា ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនមនុស្ស៤នាក់់ រួមនិងរថយន្ត១គ្រឿង កាលពីវេលាម៉ោង ៩ និង៣០នាទីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា។
លោក ប៉ៃ លិន មេបញ្ជាការកងកម្លាំងរាជអាវុធហត្ថស្រុកកែវសីមា បានឱ្យដឹងថា កម្លាំងអាវុធហត្ថស្រុក និងអាវុធហត្ថខេត្ត សរុបចំនួន១០នាក់ និងរថយន្ដ០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ រស់ ដាវី បានឃាត់រថយន្តមុខសញ្ញាចាស់ ដឹកឈើយ៉ាងសកម្មបាន១គ្រឿង ម៉ាក់សាំយ៉ុង ពណ៌ទឹកប្រាក់ រួមនិងជនសង្ស័យ០៤នាក់។
ចំពោះវត្ថុតាងរួមមាន៖ ម៉ាស៊ីនត្រង់តឺន័រចំនួន០២គ្រឿង និងម៉ាស៊ីនត្រើយឈើ០១គ្រឿង។
បច្ចុប្បន្ន វត្ថុតាងទាក់ទិនបទល្មើសខាងលើនេះ ត្រូវបានសមត្ថកិច្ច នាំយកមករក្សាទុកនៅមូលដ្ឋានអាវុធហត្ថស្រុកកែវសីមា។ ចំណែកជនសង្ស័យទាំង៤នាក់ បានបញ្ជូនខ្លួនទៅសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖ដែនសីមា