បន្ទាយមានជ័យ ៖ នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ដឹកនាំដោយលោកវរសេនីយ៍ទោ ជ័យ សុកា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះឃាត់ខ្លួន ជនត្រូវចោទឈ្មោះ កើត ណូក ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ តាមដីកាបង្គាប់ឱ្យនាំខ្លួន លេខ នខ/ឃ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ របស់លោក ហុក ពៅ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ ។
ជនត្រូវចោទក្រោយពីឃាត់ខ្លួន ត្រូវបានកម្លាំងយកមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ហើយបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានឱ្យដឹងថា ការឃាត់ខ្លួនករណីខាងលើ ធ្វើឡើងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងផ្អែកតាមដីកាបង្គាប់ឱ្យនាំខ្លួនជនដែលត្រូវចោទពីបទ កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ព្រៃ ពុំមានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត ដែលចេញដោយលោក ហុក ពៅ ចៅក្រមស៊ើបសួរផងនោះ ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានតែម្ដង។
បច្ចុប្បន្ន ជនត្រូវចោទត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ បញ្ជូនទៅសាលាដំបូងខេត្តហើយដែរ៕ ដោយ៖កូឡាប