សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានប្រគល់សិទ្ធិ អោយក្រុមមេធាវីចំនួន ៥រូប ដាក់ពាក្យបណ្តឹងទៅកាន់ តុលាការកំពូល ដើម្បីប្តឹងស្នើរំលាយគណបក្សសង្គ្រោះជាតិ។
លិខិតស្នើសុំរំលាយគណបក្សសង្គ្រោះជាតិនេះ ចេញថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ មានចុះហត្ថលេខា និងបោះត្រា សម្តេច ស ខេង ដោយយោងតាមពាក្យបណ្តឹង របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ និងគណបក្សយុវជនកម្ពុជា ដឹកនាំ ដោយស លោក ពេជ្រ ស្រស់។ ទាក់ទិនបញ្ហានេះ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់គណបក្សសង្គ្រោះជាតិ ដោយស្នើសុំរំលាយ គណបក្សសង្គ្រោះជាតិ។
ពាក្យបណ្តឹង របស់គណបក្សយុវជនកម្ពុជា បានស្នើអោយក្រសួងមហាផ្ទៃ ចាត់នីតិវិធីប្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ដែលនៅជាធរមាន ព្រោះតែគណបក្សប្រឆាំងនេះ បានប្រព្រឹត្តអំពើក្បត់ជាតិ។
ចំណែកគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ដែលមាន សម្ដេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ជាព្រះប្រធាន ក៏បានដាក់ពាក្យបណ្តឹងជូនក្រសួងមហាផ្ទៃ ស្នើរំលាយគណបក្សសង្គ្រោះជាតិនេះដែរ។
ពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានស្នើអោយក្រសួងមហាផ្ទៃ ចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដោយយោងតាមមាត្រា ៦ថ្មី មាត្រា៧ មាត្រា ៣៨ថ្មី និងមាត្រា៤៤ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា
ខាងក្រោមនេះជាលិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិ របស់សម្តេចក្រឡាហោម ស ខេង ជូនមេធាវី អោយដាក់ពាក្យបណ្តឹង ក្នុងនាមក្រសួងមហាផ្ទៃ ទៅកាន់តុលាការកំពូលស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ តាម ពាក្យបណ្តឹង របស់គណបក្សយុវជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច៕
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា