កំពង់ឆ្នាំង ៖ អនុសេនីយ៍ឯក លី ហួត ជាយោធាក្នុងអង្គភាព វិស្វកម្មក្រសួងការពារជាតិ ដែលស្រវឹងស្រាជោកជាំ ក្នុងកម្រិតជាតិអាកុល ០,៨៣ដីក្រេ បើករថយន្តពាក់ផ្លាកលេខខេមរភូមិន្ទ បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យយុវតីម្នាក់របួសធ្ងន់។
ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ(៨៧-៨៨) ចំណុចខាងមុខវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតក្នុងភូមិស្រែព្រីងសង្កាត់/ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៦:០៥នាទី រវាងរថយន្តនិងម៉ូតូ៣គ្រឿង កង់១គ្រឿង ក្នុងដំណើរច្រាសទិសគ្នា ពីទិសត្បូងទៅទិសខាងជើង និងពីទិសខាងកើតទៅទិសខាងលិច ។
ដោយម៉ូតូ៣គ្រឿងនិង កង់១គ្រឿង កំពុងឈប់លើជាយផ្លូវមុខខ្លោងទ្វារសាលា បម្រុងនឹងឆ្លងកាត់ផ្លូវក៏មាន រថយន្តម៉ាក នីសាន់(ណាវ៉ារ៉ា) ពណ៌ស្លែ ពាក់ផ្លាកលេខខេមរភូមិន្ទ 2-7436 បើកបរពីទិសត្បូងទៅជើងក្នុងល្បឿនលឿន ជាន់ហ្វ្រាំង រេចង្កូតទៅបុកម៉ូតូ៣គ្រឿង និងកង់១គ្រឿង ដែលបម្រុងឆ្លងកាត់ផ្លូវ បណ្ដាលឲ្យគ្រោះថ្នាក់តែម្ដង ។
ករណីនេះ បណ្ដាលឲ្យរបួសមនុស្ស ៤នាក់ ស្រី និងរងការខូចខាតដូចជា ៖ ខូចម៉ូតូ ៣គ្រឿង កង់ ១គ្រឿង រថយន្ត ១គ្រឿង បង្គោលភ្លើង ១ដើម ខូច កំពឹត និងធ្លាក់អំពូលបែកចំនួន ១ ។ ក្រោយកើតហេតុកម្លាំងផ្នែកជំនាញបានចុះវាស់វែង
ប្រមូលមធ្យោបាយជាវត្ថុតាង និងបានឃាត់ខ្លួនអ្នកបើកបររថយន្ត ១នាក់ឈ្មោះលី ហួត ឋានន្តរសក្តិ អនុសេនីយ៍ឯក ជាយោធាក្នុងអង្គភាព វិស្វកម្មក្រសួងការពារជាតិ ។
ករណីនេះ សមត្ថកិច្ចបានបញ្ជូនវត្ថុតាង និងអ្នកបើកបររថយន្ត ទៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ដើម្បី ចាត់ការបន្តតាមនីតិវិធី ៕ដោយ៖កូឡាប