ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃ ពុទ្ធបរិស័ទទាំងអស់ រក្សាសន្តិភាពឲ្យបានគង់វង់ ព្រោះថាមានសន្តិភាពទើបមានការអភិវឌ្ឍទាំងអាណាចក្រ និងពុទ្ធិចក្រ។
អភិបាលរាជធានីភ្នំពេញថា មានសន្តិភាព គឺមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ជីវភាពលរដ្ឋដូចសព្វថ្ងៃ
ក្នុងឱកាសអញ្ជើញជាអធិបតីពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងវត្ត អង្គបឹងចក ស្ថិតនៅខណ្ឌកំបូល កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា នៅពេលប្រទេសជាតិ មានសុខសន្តិភាព ដូចជាសព្វថ្ងៃនេះ គឺកម្ពុជាមានឱកាសធ្វើអ្វីៗបានទំាងអស់ ក្នុងនោះគឺលទ្ធភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ ឲ្យកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័ស។
ក្នុងឱកាសនោះ លោកឃួង ស្រេងក៏បានលើកឡើងពីទុក្ខលំបាក និងការឈឺចាប់បំផុតនៅក្នុងរបបប៉ុលពត ៣ឆ្នាំ ៨ខែនិង២០ថ្ងៃ ។លោកបានបញ្ជាក់ថា ការរំលឹកពីការឈឺចាប់និងទុក្ខលំបាកនេះ គឺដើម្បីដាស់តឿនដល់គ្រប់គ្នាពិសេស យុវជនជំនាន់ក្រោយ ឲ្យដឹងពីការឈឺចាប់ទាំងនេះ ហើយរួមគ្នាធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យសង្គ្រាមកើតឡើង បង្កភាពឈឺចាប់បន្តទៀត ។ យើងទាំងអស់គ្នា ត្រូវតែរួមគ្នារក្សាឲ្យបាននូវសន្តិភាពនៅកម្ពុជា ។ មានសន្តិភាពគឺមានអ្វីៗទាំងអស់ មានទាំងការអភិវឌ្ឍ ទាំងពុទ្ធិចក្រនិងអាណាចក្រ។
ជាក់ស្ដែងសម្រាប់សមិទ្ធផលដែលកើតឡើងនៅក្នុងវត្តអង្គបឹងចកនៅពេលនេះ គឺពិតជាបានកើតចេញពីប្រទេសកម្ពុជាយើង មានសន្តិភាពពេញលេញនេះហើយ។
លោកឃួង ស្រេង បានគូសបញ្ជាក់ថា សន្តិភាព គឺជាធាតុស្នូល ដ៏សំខាន់ដែលអាចឱ្យកម្ពុជា ធ្វើការអភិវឌ្ឍន៍ឆ្ពោះទៅរកអនាគត ដ៏ត្រចះត្រចង់មួយ ប្រកបដោយ សុទិដ្ឋិនិយម។ នៅចំពោះមុខព្រះសង្ឃ និងពលរដ្ឋជាច្រើនរយនាក់លោក អភិបាល បានលើកឡើងថា អនាគតរបស់កម្ពុជា ស្ថិតនៅលើកិច្ចប្រឹងប្រែង និងការចូលរួមយ៉ាងសស្រាក់សស្រាំរបស់យើងទាំងអស់គ្នា ទាំងក្នុងការបង្កើនជីវភាពគ្រួសារ រក្សាសន្តិសុខ សុវត្ថិភាពមូលដ្ឋាន កសាងធនធានមនុស្ស និងការអប់រំ ជាប្រចាំដល់អ្នកនៅជុំវិញខ្លួនឲ្យយល់ពី គុណតម្លៃ នៃសន្តិភាព និងចូលរួមជាប្រចាំ ក្នុងការថែរក្សាសន្តិភាព ឲ្យបានជានិច្ចនិរន្តរ៍។
លោក បានរំំលឹកថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបាន ពុះពារជម្នះរាល់គ្រប់ឧបសគ្គច្រើនឥតគណនា ឆ្លងកាត់គ្រប់ដំណាក់កាល គ្រប់បែបយ៉ាង គ្រប់រសជាតិ ក្នុងបុព្វហេតុស្តារកសាងនិងការពារមាតុភូមិ។ ជាង២០ឆ្នាំចុងក្រោយនេះ ប្រទេសបានធ្វើការអភិវឌ្ឍ ក្នុងល្បឿនមួយ ដែលឆ្ពោះទៅរកការរីកចម្រើនផ្នែក សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ គួរឲ្យកត់សម្គាល់។
លោកឃួង ស្រេង បានអំពាវនាវថា ចាំបាច់ត្រូវការពារ សន្តិភាពជាអចិន្រ្តៃយ៍ឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីកម្ពុជា មានឱកាសគ្រប់គ្រាន់ បន្តការកសាងអភិវឌ្ឍសង្គមជាតិនិងការពារសមិទ្ធផលនានា ដែលសម្រេចបានដើម្បីផ្តល់ប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន រស់នៅសុខសាន្ត តទៅមុខទៀត។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានជម្រាបជូនផងដែរថា វត្តអង្គបឹងចកជាវត្តដ៏ចំណាស់មួយ មានអាយុកាលជាង២៣០ឆ្នាំមកហើយ វត្តមនេះ មានការអភិវឌ្ឍន៍រីកចម្រើននៅក្រោយពេលបង្កើត ព្រោះបានបន្សល់នូវសមិទ្ធផលមួយចំនួន ប៉ុន្តែត្រូវបានបំផ្លាញដោយរបបប៉ុលពត។ ក្រោយថ្ងៃរំដោះ វត្តនេះក៏បានកសាងជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ មានសមិទ្ធផលផ្លែផ្កាជាច្រើន បានកកើតឡើង ដែលមានតម្លៃជាង១លានដុល្លារ ត្រូវបានដាក់បម្រើក្នុវិស័យព្រះពុទ្ធសាសនា ដូចជា ព្រះវិហា កុដិ សាលាធម្មសភា ហេដ្ឋរចនាសម្ព័ន្ធ និងធនធានព្រះសង្ឃ សិលវ័ន្ត សិលវត្តី ជាច្រើនអង្គ នាក់ បានប្រតិបត្តិនូវគន្លងពុទ្ធសាសនាដ៏ល្អនៃយើង៕ដោយ៖កូឡាប