ភ្នំពេញ៖តំណាងអង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ បានជួបពិភាក្សាការងារជាមួយ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដើម្បីពិនិត្យ និងរាយការណ៍អំពីវឌ្ឍភាពការងារ និងសកម្មភាពជាក់ស្ដែងរបស់អង្គការ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងការប្រមូលទិន្នន័យនៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» ស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងការងារអភិរក្សព្រៃកោងកាង ស្មៅសមុទ្រ និងសត្វអណ្ដើកសមុទ្រនៅខេត្តកំពត។
នៅព្រឹកថ្ងៃចន្ទ 0៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន លោក សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានទទួលជួបប្រជុំជាមួយលោក Adam Henson នាយកទទួលបន្ទុកខាងការងារអភិរក្សរបស់អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (WEA) ប្រចាំសហរដ្ឋអាមេរិក និងលោក ទុយ សេរីវឌ្ឍនា នាយកអង្គការ WEA ប្រចាំប្រទេសកម្ពុជា ដើម្បីពិនិត្យលើវឌ្ឍនភាពការងាររបស់អង្គការនេះ ដោយមានការអញ្ជើញចូលរួមពី តំណាងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ប្រធាននាយកដ្ឋានអភិរក្សសមុទ្រ និងបន់ឆ្នេរ និងសហការី សរុប ១០នាក់ ។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បី៖ (១). បង្ហាញពីការងាររបស់អង្គការ ដែលបានធ្វើកន្លងមកនៅក្នុងប្រទេសតំបន់អាហ្វ្រិក និងអាមេរិកកណ្ដាលក្នុងការងារអភិរក្ស និងការពារជម្រកសត្វព្រៃ (២). ពិនិត្យ និងរាយការណ៍អំពីវឌ្ឍភាពការងារ និងសកម្មភាពជាក់ស្ដែងរបស់អង្គការ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងការប្រមូលទិន្នន័យនៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» ស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងការងារអភិរក្សព្រៃកោងកាង ស្មៅសមុទ្រ និងសត្វអណ្ដើកសមុទ្រនៅខេត្តកំពត។
ជាការឆ្លើយតប លោក សៅ សុភាព រដ្ឋលេខាធិការនៃក្រសួងបរិស្ថានបានសម្តែងនូវការស្វាគមន៍ និងគាំទ្រដល់សកម្មភាពការងាររបស់អង្គការ និងបានណែនាំឱ្យអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិចុះ អនុស្សារណៈយោគយល់ជាមួយក្រសួងបរិស្ថាន ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្តការងារ និងចំទិសដៅ៕ ដោយ៖កូឡាប