កោះកុង ៖ រដ្ឋបាលខេត្តកោះកុងនៅថ្ងៃពុធទី២៩មករានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ ថាពុំមានផ្ទុកមេរោគរលាកសួតថ្មីកូរ៉ូណា(Corona) ទៅលើអ្នកទសចរជនជាតិ ចិនពីរនាក់ដែលមកកម្សាន្ត នៅខេត្តកោះកុង ដែលគេសង្ស័យនោះទេ ។
ការប្រកាសអះអាងបែបនេះ គឺយោងតាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យជំនាញរួចមក ។ បញ្ជាក់ថា អ្នកទាំងពីរនោះ ពុំមានផ្ទុកមេរោគថ្មីកូរ៉ូណា (Corona)នោះទេ ។ បច្ចុប្បន្ននេះ ជនជាតិចិនទាំងពីររូប បានធ្វើដំណើរវិលត្រឡប់ទៅប្រទេសចិនវិញហើយ ។
សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តកោះកុង បានឲ្យដឹងថា សូមជូនដំណឹងដល់សាធារណជនទាំងក្នុងប្រទេស និងក្រៅប្រទេសឱ្យបានជ្រាបថា កន្លងមក មានអ្នកសារព័ត៌មានមួយចំនួនបានចុះផ្សាយថា មានជនជាតិចិន២នាក់ ឈ្មោះ YIN GONGPING ភេទប្រុស អាយុ ៤៥ឆ្នាំ និងកូន ឈ្មោះ YIN ZHENGYIN ភេទប្រុស អាយុ ១៤ឆ្នាំ មកពីក្រុងវូហាន ខេត្តហ្វូប៉ី(HUPI) នៃសាធារណរដ្ឋប្រជាមានិតចិន បានមកស្នាក់នៅកម្សាន្ត នៅក្នុងតំបន់វិសមកាលតារាសាគរ ស្រុកគីរីសាគរ ខេត្តកោះកុង ហើយសង្ស័យ មានផ្ទុកមេរោគថ្មីកូរ៉ូណា (Corona) ។រដ្ឋបាលខេត្តកោះកុងបន្តថា យោងតាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញរួចមក អ្នកទាំងពីរនោះ ពុំមានផ្ទុកមេរោគថ្មីកូរ៉ូណា(Corona)នោះទេ ហើយបច្ចុប្បន្ននេះ ជនជាតិចិទាំងពីរ រូបបានធ្វើដំណើរវិលត្រឡប់ទៅប្រទេសចិនវិញហើយ ៕ដោយ៖កូឡាប