ភ្នំពេញ៖ រាជរដ្ឋាភិបាល បានផ្តល់ជាអាទិភាពខ្ពស់ ចំពោះការងារវប្បធម៌ និងបេតិកភ័ណ្ឌ ដោយបានដាក់ចេញនូវផែនការច្បាស់លាស់ប្រកបដោយចីរភាព ដោយឈរលើគោលការណ៍អភិរក្សដើម្បីការអភិវឌ្ឍ និងការអភិរក្សប្រកបដោយនិរន្តរភាព ។
លោកស្រីម៉ែន សំអន ក៏បានអំពាវនាវឱ្យយុវជនខ្មែរទាំងអស់ ត្រូវចេះស្រឡាញ់អត្តសញ្ញាណជាតិ និងចូលរួមថែ រក្សាការពារលើកតម្កើងបេតិកភ័ណ្ឌវប្បធម៌ តម្លៃវប្បធម៌ជាតិ ទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា និងចូលរួមផ្សព្វផ្សាយវប្បធម៌ជាតិ តាមរយៈ ទិវាវប្បធម៌ជាតិ មហោស្រពភាពយន្ត។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារ វប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ នៅសាលសន្និសីទចតុម្មុខ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែមករា ឆ្នាំ២០២០ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ការរៀបចំសន្និបាតក្នុងពេលនេះ គឺស្ថិតនៅក្នុងស្ថានភាពប្រទេសមានសុខសន្តិភាព ប្រជាជនយើងកំពុងបានរស់នៅយ៉ាងសុខដុមរមនា ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់លើវិស័យវប្បធម៌ ដោយចាត់ទុកវប្បធម៌ ជាព្រលឹងជាតិ ជាកោសិកានៃសង្គមនិងជាអត្តសញ្ញាណជាតិខ្មែរ ដែលជាទ្រព្យមហាសាលពុំអាចកាត់ថ្លៃបាន។ ជាមួយនេះ រាជរដ្ឋាភិបាល បានផ្តល់ជាអាទិភាពខ្ពស់ ចំពោះការងារវប្បធម៌ និងបេតិកភ័ណ្ឌ ដោយបានដាក់ចេញនូវផែនការច្បាស់លាស់ប្រកបដោយចីរភាព ដោយឈរលើគោលការណ៍អភិរក្សដើម្បីការអភិវឌ្ឍ និងការអភិរក្សប្រកបដោយនិរន្តរភាព ។
លោកស្រី ក៏បានអំពាវនាវឱ្យយុវជនខ្មែរទាំងអស់ ត្រូវចេះស្រឡាញ់អត្តសញ្ញាណជាតិ និងចូលរួមថែរក្សាការពារលើកតម្កើងបេតិកភ័ណ្ឌវប្បធម៌ តម្លៃវប្បធម៌ជាតិ ទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា និងចូលរួមផ្សព្វផ្សាយវប្បធម៌ជាតិ តាមរយៈ ទិវាវប្បធម៌ជាតិ មហោស្រពភាពយន្ត បន្តការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិ និងការប្រឡងប្រជែងស្នាដៃនានា ដូចជាការសម្តែង ការនិពន្ធរឿង និងកំណាព្យ ដោយត្រូវអភិរក្សតាមក្បួនខ្នាតដែលដូនតាខ្មែរបានបន្សល់ទុកឱ្យ ៕ ដោយ៖ កូឡាប