ភ្នំពេញ៖ លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ក្នុងរយៈពេលចុងក្រោយនេះ នៅតាមសាលារៀនមួយចំនួនតូច មានការកើតមាននូវបាតុភាព ដូចជាករណីហឹង្សាលើសិស្សនារី នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ និងករណីហឹង្សាបណ្តាលឱ្យស្លាប់សិស្សសាលាអន្តរទ្វីបអាមេរិកាំងជាដើម ។
លោកឃួង ស្រេង បានស្នើឱ្យប្រធានមន្ទីរ ថ្នាក់ដឹកនាំ អង្គភាព នាយកសាលា លោកគ្រូ អ្នកគ្រូទាំងអស់ត្រូវ រួមគ្នាគិតគូរឡើងវិញ អំពីវិធានការចាំបាច់ដើម្បីពង្រឹងការគ្រប់គ្រងសាលារៀនវិន័យផ្ទៃក្នុងសាលា និងការកែប្រែឥរិយាបទមិនសមរម្យរបស់សិស្សគ្រប់កម្រិតសិក្សា សំដៅឈានទៅលុបបំបាត់អំពើហិង្សាតាមគ្រប់រូបភាព ក្នុងចំណោមសិស្សានុសិស្សទាំងក្នុងសាលារៀនរដ្ឋ និងឯកជន ចៀសវាងនូវការកើតមានបាតុភាពដ៏អកុសលនេះបន្តទៅទៀត។
លោកបន្តថា ការអប់រំល្អ គឺជាកូនសោសម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ ដោយសារថា ឧត្តមភាពប្រកួតប្រជែងរបស់ប្រជាជាតិមួយ គឺអាស្រ័យយ៉ាងសំខាន់ទៅលើការកសាងធនធានមនុស្ស ប្រកបដោយចំណេះដឹង ចំណេះធ្វើ និងសីលធម៌ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្ម និងដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម និងវប្បធម៌តាមរយៈកម្មវិធីកំណែទម្រង់ស៊ីជ្រៅ ក្នុងបរិបទនៃទំនើបកម្មក្នុងវិស័យបច្ចេកវិទ្យា។
លោកឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះ ក្នុងឱកាសពិធីបើកសន្និបាតបូកសរុបវាយតម្លៃការងាអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ឆ្នាំសិក្សា២០១៨ -២0១៩ និងទិសដៅឆ្នាំសិក្សា ២០១៩ -២០២០ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។
លោកឃួង ស្រេង បានមានប្រសាសន៍ថា លោកគ្រូ អ្នកគ្រូជាអ្នកផ្តល់ចំណេះដឹង សុជីវធម៌ សីលធម៌ គំនិតច្នៃប្រឌិតនិងបំនិនជីវិតយ៉ាងពិតប្រាកដ ជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមយុទ្ធសាស្ត្រ “ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ”។
លោកអភិបាលបន្តទៀតថា ក្នុងយុគសម័យសេដ្ឋកិច្ចពុទ្ធិ និងបច្ចេកវិជ្ជាព័ត៌មាន ទាមទារឱ្យមានការប្រមែប្រមូលកម្លាំង និងធនធានសរុបពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាគាំទ្រជំរុញមិនឱ្យមាននរណាម្នាក់ នៅក្រៅសេវាអប់រំនិងត្រូវបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ឱ្យក្លាយជាមូលធនមនុស្ស ដែលមានសមត្ថភាពនិងជំនាញខ្ពស់គ្រប់ៗគ្នា ប្រកបដោយសក្តានុពលខ្ពស់។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តែងតែគិតគូរយកចិត្តទុកដាក់ មកលើវិស័យអប់រំរាជធានី លោកបានផ្តល់ការគាំទ្រនិងជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងជួយជួសជុលអគារសិក្សា ជាពិសេសឆ្នាំ២០១៩-២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានជួយសាងសង់អាគារសិក្សាថ្មីចំនួន២ខ្នង ២ជាន់ស្មើ២០បន្ទប់ និងចុងក្រោយនេះ សម្រេចឲ្យសាងសង់សាលា៣ខ្នងស្មើ១៥បន្ទប់ នៅខណ្ឌដង្កោ ជាអំណោយរបស់សម្តេចតេជោ។ សាងសង់បានបញ្ចប់ សាលាបឋមសិក្សាស្ពានថ្ម ខណ្ឌដង្កោ ១ខ្នង ២ជាន់១២បន្ទប់ សាលាបឋមសិក្សា វត្តសន្សំកុសល ខណ្ឌមានជ័យ១ខ្នង ២ជាន់ ១០បន្ទប់កំពុងដំណើរការសាងសង់ និងបានជួយសាងសង់បង្គន់អនាម័យថ្មី ចំនួន១៣ខ្នង នៅតាមសាលារៀនចំនួន១៣សាលា ស្មើ ៦៥ បន្ទប់ ៕ដោយ៖កូឡាប