ការទល់លាមក គឺជារោគសញ្ញាមួយ មិនមែនជាជំងឺឡើយ។ ជាធម្មតា អាការៈទល់លាមកកើតមានឡើងនៅពេលប្រព័ន្ធរំលាយអាហារ ឬក្រពះពោះវៀនជួបភាពពិបាកក្នុងការរំលាយ និងធ្វើចលនាបណ្ដាលឲ្យមានការស្ដុកកាកសំណល់មិនបញ្ចេញមកក្រៅ រហូតដល់ទៅច្រើនជាង ៣ ថ្ងៃ។
បញ្ហាទល់លាមក គឺមិនមែនជារឿងលេងសើចនោះទេ ខណៈដែលរាងកាយត្រូវការបញ្ចេញកាកសំណល់ ដើម្បីជៀសវាងការបង្កទៅជាជាតិពុល ផ្ដល់ផលប៉ះពាល់គួរឲ្យព្រួយបារម្ភក្នុងរាងកាយ។ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាទល់លាមក ឬចង់បង្ការបញ្ហានេះកុំឲ្យកើតឡើង ចូរបន្តអានដោយយកចិត្តទុកដាក់។ ខាងក្រោមនេះជាគន្លឹះបែបធម្មជាតិដែលជួយទប់ទល់ ក៏ដូចជាព្យាបាលបញ្ហាទល់លាមកបានយ៉ាងឆាប់រហ័ស ៖
១. ទទួលទានទឹក
ការទទួលទានទឹកបានគ្រប់គ្រាន់យ៉ាងហោចណាស់ ៨ កែវក្នុងមួយថ្ងៃជួយធ្វើឲ្យលាមកមានសភាពទន់ស្រួលបញ្ចេញ។ អ្នកក៏អាចទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហ ១ ពែងនៅពេលព្រឹកផងដែរ ដើម្បីសម្រួលដល់ដំណើរការនៃការរំលាយអាហារ ឱ្យកាន់តែប្រសើរឡើង និងសកម្មជាងមុន។
២. ទទួលទានអាហារសម្បូរទៅដោយជាតិសរសៃ
បង្កើនការទទួលទានអាហារសម្បូរទៅដោយជាតិសរសៃ ក៏ព្រោះជាតិសរសៃ គឺចាំបាច់ណាស់ក្នុងការសម្រួលចលនាក្រពះពោះវៀន។ បន្លែផ្លែឈើភាគច្រើន រួមបញ្ចូលទាំង ការ៉ុត, ទំពាំងបារាំង, ពន្លកស្ពៃ, ផ្លែព្រូន, ចេកទុំ, ក្រូចឆ្មារ គឺជាប្រភពដ៏ប្រសើរនៃជាតិសរសៃ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមិនធ្លាប់ទទួលទានជាតិសរសៃពីមុនមកសោះ ក៏កុំទទួលទានច្រើនពេក ចាប់ផ្ដើមត្រឹមចំនួនសមល្មមបានហើយ ដើម្បីជៀសផុតពីបញ្ហាហើមរមួលពោះ។
៣. យ៉ាអួរ
មានផ្ទុកសម្បូរទៅដោយបាក់តេរីល្អៗដែលជួយបំបាត់ បញ្ហាប្រព័ន្ធរំលាយអាហារបានយ៉ាងប្រសើរ។ ដូច្នេះដើម្បីជៀសផុតពីបញ្ហាទល់លាមកចូរព្យាយាមទទួលទានយ៉ាអួរជាប្រចាំ។
៤. គ្រាប់ល្ង និងគ្រាប់ល្ពៅ
ក៏ជាប្រភពដ៏ប្រសើរនៃជាតិសរសៃ ហើយដូចដែលបានរៀបរាប់ខាងលើ ជាតិសរសៃដែលជួយបំបាត់ និងទប់ស្កាត់អាការៈទល់លាមកគួរឲ្យកត់សម្គាល់។
៥. ធ្វើលំហាត់ប្រាណ
សកម្មភាពរាងកាយមួយចំនួនក៏អាចជួយទប់ស្កាត់ព្យាបាល អាការៈទល់លាមកបានយ៉ាងប្រសើរផងដែរ។ អ្នកអាចចាប់ផ្ដើមជាមួយលំហាត់ប្រាណងាយៗ ដូចជា ដើរយឺតៗសម្រាប់រយៈ ៣០ វិនាទី រហូតដល់មានអារម្មណ៍ធូរស្រាលជាងមុន។ ការធ្វើលំហាត់ប្រាណមួយចំនួនអាចជួយម៉ាស្សាពោះវៀន ដូច្នេះអ្នកនឹងមិនជួបប្រទះបញ្ហាទាក់ទងជាមួយលាមកទៀតឡើយ៕
អត្ថបទ៖ health