ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ខែតុលានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូវិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមនៅក្នុងខួប៥០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (SULTAN HAJI HASSANAL BOLKIAH) នៅព្រះបរមរាជរាំង កាលពីយប់មិញ។ មានព្រះមហាក្សត្រជាច្រើនប្រទេស រួមទាំងប្រមុខរដ្ឋ មន្ត្រីតំណាងប្រទេសនានា និងឥស្សរជនសំខាន់ៗជាច្រើនរូបបានចូលរួមនៅក្នុងពិធីដ៏អធិកអធម្មនេះ។
នៅក្នុងឱកាសនោះផងដែរ ខ្ញុំក៏បានចូលក្រាបបង្គំគាល់និងពិភាក្សាការងារជាមួយព្រះមហាក្សត្រ Brunei និងជួបប្រាស្រ័យជាមួយប្រមុខរដ្ឋ រដ្ឋាភិបាលមួយចំនួនទៀត ដើម្បីរិតចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការអោយកាន់តែល្អប្រសើរថែមទៀត។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីខួបលើកទី៥០នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រប្រ៊ុយណេ ( Brunei)
នៅរាត្រីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍រំលឹកខួបលើកទី៥០ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (SULTAN HAJI HASSANAL BOLKIAH) នៅព្រះបរមរាជរាំង នៃប្រទេសប្រ៊ុយណេ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (SULTAN HAJI HASSANAL BOLKIAH) និងបណ្តាថ្នាក់ដឹកនាំជាច្រើនទៀត។ ព្រះរាជពិធីនេះ ក្រៅពីមានការអញ្ជើញចូលរួមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏មានប្រមុខដឹកនាំនៃបណ្តាប្រទេសផ្សេងៗចូលរួមផងដែរ។ ការអញ្ជើញចូលរួមរបស់ សម្តេចតេជោ នៅក្នុងពិធីខួប៥០ឆ្នាំនេះ គឺបានពង្រឹងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរអោយកាន់តែរឹងម៉ាំថែមទៀត។
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ តាមយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃស្អែកនេះ៕ ដោយ៖កូឡាប