សៀមរាប ៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅថ្ងៃទី៧កុម្ភៈ បានប្រកាសព័ត៌មានលើហ្វេសប៊ុកថា ទេសកាលថ្មី ឆ្នាំ២០២០នៃស្រុកបន្ទាយស្រី ដាច់ខាតនឹងមិនអនុញ្ញាតអោយអំពើរំលោភបំពានច្បាប់បែបនេះរួចផុតពីសំណាញ់ច្បាប់បានឡើយ។
លោកបានថ្លែងថា នេះគឺជាសកម្មភាពឈូសឆាយកាប់ព្រៃកោងកាងលិចទឹក និងព្រៃក្បាលជប់ដោយខុសច្បាប់ រំលោភយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី។ បើគិតថាធ្វើអំពើល្មើសច្បាប់ហើយអាចបិទបាំងយករួចខ្លួនកេងផលប្រយោជន៍បាន នោះជាការយល់ច្រលំធំហើយ។ ខ្ញុំជឿជាក់ថាអ្នកស្រុកបន្ទាយស្រីរបស់ខ្ញុំក្នុងសម័យកាលនេះ នឹងមិនបណ្តោយអោយជនខិលខូចល្មើសច្បាប់ធ្វើអ្វីបានតាមអំពើចិត្តនោះឡើយ។ សូមអរគុណដល់ប្រជាពលរដ្ឋក្នុងភូមិស្គន់ដែលបានរាយការណ៍មកដល់ខ្ញុំដោយផ្ទាល់ ហើយខ្ញុំសូមធ្វើការលើកទឹកចិត្តអោយប្រជាពលរដ្ឋទូទាំងស្រុកបន្ទាយស្រីបន្តរាយការណ៍និងឈឺឆ្អាលទៅលើរាល់សកម្មភាពខុសច្បាប់នៅក្នុងស្រុក ដើម្បីការពារប្រយោជន៍រួមសម្រាប់បន្ទាយស្រីយើងទាំងអស់គ្នា ហើយក្នុងនាមអាជ្ញាធរមូលដ្ឋាន ខ្ញុំសន្យាថានឹងមិនព្រងើយកន្តើយចំពោះបញ្ហានេះឡើយ។
លោកបានបញ្ជាក់ថា “នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ខ្ញុំនឹងបង្កើតអោយមានខ្សែទូរស័ព្ទពិសេសមួយខ្សែរបស់រដ្ឋបាលស្រុក (Hotline) ដោយមានអ្នកប្រចាំការច្បាស់លាស់ ដើម្បីទទួលរាល់ពត៌មានរាយការណ៍នានា អំពីភាពអសកម្មនិងទង្វើល្មើសច្បាប់ទាំងឡាយនៅក្នុងស្រុក ដែលប្រជាពលរដ្ឋយល់ថាចាំបាច់សម្រាប់អោយអាជ្ញាធរបានដឹង។”
លោកបានបន្តថា “ដោយឡែកចំពោះករណីនេះ ខ្ញុំនឹងមានចំណាត់ការយ៉ាងតឹងរឹងបំផុត ដើម្បីជាគំរូល្អទៅថ្ងៃមុខ ធ្វើអោយអ្នករាយការណ៍បន្តមានទឹកចិត្តរាយការណ៍ទៀត ធ្វើអោយអ្នកល្មើសច្បាស់រៀងចាលមិនហ៊ានបន្តប្រព្រឹត្តទៀត និងធ្វើអោយអ្នកប៉ងប្រព្រឹត្តអំពើខុសច្បាប់ទាំងឡាយខ្លាចរអា ដូរចិត្តមិនហ៊ានធ្វើ ដោយខ្លាចទទួលរងផលវិបាកខាងផ្លូវច្បាប់”៕ ដោយ៖កូឡាប