ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ លើកឡើងម៉ឺងម៉ាត់ដើម្បីចាត់វិធានការ ដោះស្រាយបទល្មើស គ្រឿងញៀឱ្យថយចុះ។ លោក ថ្លែងក្នុងពិធីគោរពទង់ជាតិ នៅព្រឹកថ្ងៃចន្ទទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមាន កម្លាំងនគរបាលរាជធានីភ្នំពេញ ចូលរួមជាង៦០០នាក់ ។
បន្ទាប់ពីកម្លាំងនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យទី៩ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ បានចេញប្រតិបត្តិការបង្រ្កាបទីតាំងក្លឹបកម្សាន្តប្លាយនៅខណ្ឌជ្រោយចង្វា ពាក់ព័ន្ធការប្រើប្រាស់និងជួញដូរគ្រឿងញៀន។ ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនប្រុសស្រី៧០នាក់ ក្នុងនោះមុខសញ្ញាជនស្ស័យជួញដូរគ្រឿងញៀន ជាមេកា០២នៅក្នុងក្លឹបនិងដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួនផងដែរ។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងទៀតថា ការដោះស្រាយ បញ្ហាគ្រឿងញៀន គឺត្រូវមានឆន្ទៈចាត់វិធានការឱ្យមានប្រសិទ្ធភាពបើមិនដូច្នេះទេ គ្រឿងញៀននិងបង្កឱ្យផលប៉ះពាល់អនាគត យុវជនដែលជាទំពាំងស្នងប្ញស្សី និងជាធនធានមនុស្សចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ គ្រឿងញៀនក៏បង្កឱ្យប៉ះពាល់អសន្តិសុខ។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឱ្យអាណាព្យាបាលទូទៅ ត្រូវយកចិត្តទុកដាក់បំផុត អប់រំកូនចៅ នៅឱ្យឆ្ងាយពីគ្រឿងញៀន និងកុំប្រព្រឹត្តបទល្មើសគ្រឿងញៀនបើមានការធ្វេសប្រហែសធ្វើឱ្យកូនចៅនិង ធ្លាក់ចូលបញ្ហាគ្រឿងញៀន ហើយប្រឈមទៅនឹងផ្លូវច្បាប់ថែមទៀតផង។
ពាក់ព័ន្ធនិងការបង្រ្កាបគ្រឿងញៀននៅតាមក្លឹប និងរង្គសាលកម្សាន្តនេះផងដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ កន្លងមកបានដាក់បទបញ្ជាដោយចាត់វិធានការនៅទូទាំងប្រទេស ត្រូវបិទឲ្យអស់នូវក្លឹបកម្សាន្តណា ដែលលក់ចែកនិង ប្រើប្រាស់គ្រឿងញៀន ។ ដោយឡែកនៅក្នុងរាជធានីភ្នំពេញត្រូវគេមើលឃើញថា ក្លឹបកម្សាន្តធំៗយ៉ាងហោចចំនួន ៣គឺក្លឹបកម្សាន្តរ៉ុក ,ក្លឹបកម្សាន្ត ម៉ៃអាម៉ី និងក្លឹបកម្សាន្តលុចសារី ដែលរកឃើញមាន ការប្រើប្រាស់និងជួញដូរគ្រឿងញៀន ត្រូវបានបិទទ្វារ និងម្ចាស់ក្លឹប ក៏បានប្រឈមទៅនឹង ផ្លូវច្បាប់របស់តុលាការផងដែរ។ ចំណែកឯការបង្រ្កាបគ្រឿងញៀននៅក្លឹបកម្សាន្តយីហោ(ប្លាយ) ក្នុងខណ្ឌជ្រោយចង្វាកាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅថ្មីនេះ កម្លាំងសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ ស៊ើបអង្កេតស្វែងរកមុខសញ្ញាអ្នកដែលជាប់ពាក់ព័ន្ធ ដើម្បីយកមក អនុវត្តតាមផ្លូវច្បាប់ ៕ ដោយ៖កូឡាប