តាកែវ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកត្រាំកក់ នា ថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២០ នៅសាលាស្រុកត្រាំកក់លោក អ៊ូច ភា បានមានប្រសាសន៍បន្តថា ការឆ្លើយតបរបស់រដ្ឋបាលឃុំ សង្កាត់ទៅនឹងសំណើរ សំណូមពរ និងការអភិវឌ្ឍនៅតាមមូលដ្ឋាន រាជរដ្ឋាភិបាលកម្ពុជាបានបង្កើននូវមូលនិធិឃុំ សង្កាត់សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន ដែលចាប់ពីឆ្នាំ២០២០នេះតទៅ រដ្ឋបាលឃុំ សង្កាត់នីមួយៗនឹងទទួលបានសរុបជាមធ្យម ថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋានមានចំនួនប្រមាណជាង ៧៧.០០០ ដុល្លារ ពោលគឺកើនឡើងទ្វេដងធៀបនឹងឆ្នាំ២០១៩ ហើយថវិកានេះនឹងកើនឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ។
រហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗ នឹងទទួលបានថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋានមានចំនួនជាមធ្យមប្រមាណជាង ១៥៤.០០០ដុល្លារ។
លោកអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា ពាក់ព័ន្ធនឹងកិច្ចការខាងលើ ខ្ញុំសូមស្នើដល់រដ្ឋបាលក្រុងស្រុកទាំងអស់ បន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ តាមរយៈការបង្កើតរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុងស្រុក ដើម្បីធានាដល់ការចាត់ចែង និងការប្រើប្រាស់ថវិកាទាំងនេះឱ្យមានតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនោះក៏ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ស្មៀនឃុំ ជាពិសេស ត្រូវជួយពង្រឹងការតាមដាន និងត្រួតពិនិត្យការបំពេញតួនាទី ភារកិច្ចរបស់ស្មៀនឃុំ ឲ្យបានត្រឹមត្រូវ តាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន តាមគោលការណ៍លើកសរសើរ និងដាក់វិន័យឲ្យបានត្រឹមត្រូវ ។
នៅក្នុងឱកាស់នោះដែរ លោកអភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្របខ័ណ្ឌក្រុងស្រុក ទាំងមូល ដោយត្រូវយកចិត្តទុកដាក់លើវិធានការសំខាន់ៗ ដូចជាត្រូវបន្តជំរុញ លើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំមានសុវត្ថិភាព” ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន ពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់នៅគ្រប់មូលដ្ឋានទូទាំងស្រុក និងត្រូវពង្រឹងវិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់គ្រប់ប្រភេទក្នុងទូទាំងស្រុក ៕ដោយ៖ តាកែវ