ភ្នំពេញ៖ ក្រសួងការងារបានសេចក្តីជូនដំណឹង ស្តីពី ការបើកប្រាក់ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលដល់កម្មករនិយោជិតជាស្ត្រីទាំងក្នុងនិងក្រៅប្រព័ន្ធ ពេលសម្រាលកូន ដែលបានចុះបញ្ជីរួច ក្នុងបេឡាជាតិរបបសន្តិសុខសង្គម ដោយក្នុងនោះ១៤ថ្ងៃខែមករា រាជរដ្ឋាភិបាលបានផ្តល់ថវិកាចំនួន៦៧១,៦លាន រៀល ជូនកម្មការិនីសម្រាលកូន ១៦៦៥នាក់ តាមរយៈ បេឡាជាតិរបបសន្តិសុខសង្គម។
មានទារក ទារិការបស់កម្មការិនីរហូតដល់ទៅ ១៦៧៩នាក់បានសម្រាល ហើយគិតចាប់ពីថ្ងៃទី១ មកដល់ថ្ងៃទី១៤ ខែមករា មានកម្មការិនីដែលសម្រាលបានកូនភ្លោះ២ ចំនួន ១៤នាក់។
ដើម្បីជួយសម្រាលដល់ទុក្ខលំបាករបស់កម្មការិនីនោះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយឧបត្ដម្ភថវិកាដល់កម្មការិនីពេលឆ្លងទន្លេ។ ក្នុងនោះកម្មការិនីសម្រាលបានកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល សម្រាប់អ្នកសម្រាលបានកូនភ្លោះពីរ ទទួលបាន ៨០ម៉ឺនរៀល ខណៈអ្នកសម្រាលបានកូនភ្លោះបី នឹងបានប្រាក់ឧបត្ថម្ភ ១២០០០០០រៀល។ គោលនយោបាយជួយជាពិសេសដល់កម្មការិនីនេះ ត្រូវបានអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។ រាជរដ្ឋាភិបាល បានត្រៀមបម្រុងចំណាយថវិកាប្រមាណ ១០លានដុល្លារអាមេរិកក្នុងមួយឆ្នាំសម្រាប់ឧបត្ថម្ភដល់កម្មការិនីពេលឆ្លងទន្លេ៕ ដោយ៖កូឡាប