ស្វាយរៀង៖ នៅចុងសប្តាហ៏កន្លងទៅនេះ លោក សៅ សុវណ្ណី ប្រធានក្រុមការងារចុះជួយឃុំថ្នាធ្នង់ស្រុករំដួលនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សជាង១០០នាក់និងនាំយកកុំព្យូទ័រទំនើប២គ្រឿងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីជូនដល់ ឃុំ ថ្នាធ្នង់ និងស្រុក រំដួល សម្រាប់ប្រើប្រាស់សម្រួលការងាររដ្ឋបាល។លោក សៅ សុវណ្ណី ប្រធានក្រុមការងារចុះជួយឃុំថ្នាធ្នង់ស្រុករំដួល ក៏បានធ្វើការជំ រុញដល់សមាជិកបក្សទាំងអស់ នៅឃុំថ្នាធ្នង់ ត្រូវបន្តធ្វើអំពើល្អ និងចូលរួមដោះស្រាយ ទុកលំបាកជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសស្វាគមន៍ជានិច្ច រាល់ការចុះចូល ពីគណបក្សផ្សេងចូលមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា។
លោកបានលើកឡើងបន្តទៀតថា៖ ក្នុងរយៈពេល ៣៩ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំនាវាកម្ពុជា មានការរីកចម្រើន ទាំងក្នុងកម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបានផ្តោតសំខាន់ ទៅលើវិស័យ៤ ជាអាទិភាពមាន ទឹក ភ្លើង ផ្លូវ និងមនុស្ស។លោកប្រធានក្រុមការងាររូបនេះ បានបន្ថែមថា៖ ជាការពិតណាស់យើងទាំងអស់គ្នា ស្រឡាញ់សន្តិភាពហើយសន្តិភាពនេះ បានមកដោយលំបាកបំផុតដូច្នេះ យើងរួមគ្នាថែរក្សាសន្តិភាព នេះឲ្យបានគង់វង្សរហូតតទៅ មិនបណ្ដោយអោយ មានអ្នកណាម្នាក់ មកបំផ្លាញនូវសន្តិភាព ដែលកើតឡើង ពីនយោបាយ (ឈ្នះឈ្នះ) របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានជាដាច់ខាត។លោកបានបញ្ជាក់ ប្រាប់សមាជិកទាំងអស់ថា៖មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមិនដែលរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខរួមទុក្ខ នៅជាមួលពលរដ្ឋ ជានិច្ច។
លោកក៏បានអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋានឃុំថ្នាធ្នង់ ត្រូវបន្តធ្វើអំពើល្អជាមួយពលរដ្ឋ អោយបានកាន់តែបានល្អ ប្រសើរថែមទៀត ព្រមទាំងត្រូវផ្តល់សេវាសាធារណៈ ផ្សេងៗអោយបានឆាប់រហ័ស និងផ្សព្វផ្សាយអោយបានទូលំទូលាយ នូវសេវាមិនបង់ប្រាក់ដូចជា សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណបណ្ណ័ សៀវភៅគ្រួសារជាដើម ដើម្បីអោយពលរដ្ឋបានដឹង យល់ជ្រួតជ្រាបជៀងវាង មានការថ្នាំងថ្នាក់ណាមួយ។ នៅក្នុងពិធីនោះដែរសមាជិកបក្សដែលចូលរួមក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀលនិងចំណាយថវិកានៅក្នុងពិធីនេះអស់៣២០០ដុល្លារផងដែរចំណែកកុំព្យូទ័រទាំងពីគ្រឿងនេះមួយគ្រឿងប្រគល់ជូនស្នាក់ការគណបក្សឃុំនិងមួយគ្រឿងទៀតប្រគល់ជូនសាលាឃុំថ្នាធ្នង់៕ វ៉ៃកូ