តាកែវ៖ ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់សារធាតុញៀននៅវិទ្យាល័យជាស៊ីមតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានធ្វើការណែនាំដល់ប្អូនៗសិស្សានុសិស្សទាំងអស់ មិនត្រូវយកខ្លួនក្បែរនិងសារធាតុញៀននោះទេ ខណៈដែលលោកបានធ្លាប់ឃាត់ខ្លួន និងហៅអាណាព្យាបាលរបស់សិស្សសាលាម្នាក់ មកធ្វើការអប់រំណែនាំ បន្ទាប់ពីសិស្សរូបនោះបាននាំគ្នាប្រើប្រាស់នៅបារីអេឡិចត្រូនិច ឬវេប នៅសាលារៀន ដែលនេះជាគំរូដល់អាក្រក់មួយក្នុងសាលា ពីព្រោះបារីអេឡិចត្រូនិច្ចនោះ គឺគេប្រើប្រាស់សម្រាប់អ្នកដែលចង់ផ្តាច់ការជក់បារីនោះទេ មិនមែនសម្រាប់ប្អូនៗដែលជាសិស្សានុសិស្ស មកជក់បង្ហុយនៅក្នុងសាលាឬថ្នាក់រៀនឡើយ ហើយបារីអេឡិចត្រូនិកនោះដែរ ក៏ជាប្រភេទធ្វើឲ្យយើងញៀនផងដែរ ។
លោកអភិបាលក្រុងបានបន្តថា ចាប់ពីពេលនេះតទៅបើសិនជាមានការកឃើញថា នូវមានសិស្សសាលាប្រើប្រាស់នៅប្រភេទបារីអេឡិចត្រូនិកនេះទៀត លោកគ្រូអ្នកគ្រូត្រូវរាយការណ៍មកអាជ្ញាធរ ឬសមត្ថកិច្ច ដើម្បីធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្នសិន ។
ទន្ទឹមនឹងមានការណែនាំលើការហាមប្រាណ ដល់សិស្សានុសិស្សកុំឲ្យយកខ្លួនបៀតនិងគ្រឿងញៀននេះដែរ លោក កង អាណាន់ ក៏បានអំពាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្អូនសិស្សានុសិស្ស ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយធ្វើការបើកបរយានយន្តផ្សេងៗ ត្រូវមានកញ្ចក់មើលក្រោយ មានពាក់មួកសុវត្តិភាព និងពាក់ខ្សែក្រវ៉ាត់ក្នុងរថយន្តផងដែរ ដើម្បីសុវត្ថិភាពរបស់ខ្លួនអ្នក និងគ្រួសាររបស់អ្នក ។
សូមបញ្ជាក់ផងដែរថា ការចុះផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់គ្រឿងញៀននេះ គឺសិស្សវិទ្យាល័យជាស៊ីមតាកែវក្រុង ចូលរួមស្តាប់ចំនួន ២១៧៦នាក់ ៕ដោយ៖តាកែវ